អ្នក​ភូមិ​សន្ទូច​ខេត្ត​កំពង់ឆ្នាំង​ត្អូញត្អែរ​ពី​បញ្ហា​ក្លិន​ស្អុយ​និង​ផ្សែង​ពី​ការ​ដុត​សំរាម

អ្នក​ភូមិ​សន្ទូច នៃ​ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ត្អូញត្អែរ​ពី​បញ្ហា​ក្លិន​ស្អុយ និង​ផ្សែង​ឆួល​ពី​ការ​ដុត​សំរាម​នៅ​ក្បែរ​ផ្ទះ​ពួក​គាត់។ ប្រជាពលរដ្ឋ ស្នើ​ឲ្យ​អាជ្ញាធរ​បង្វែរ​ទិសដៅ​ចាក់​សំរាម ឬ​មាន​វិធានការ​កាត់​បន្ថយ​ផល​រំខាន​នានា​ពី​បញ្ហា​សំរាម​នេះ ចំពោះ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។

ក្រុម​អ្នក​ភូមិ​ដែល​មាន​ផ្ទះ​តូច​ធំ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រណ្ដៅ​ចាក់​សំរាម​ទំហំ​ប្រមាណ ២​ហិកតារ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ថា រយៈពេល​ពីរ ឬ​បី​ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ជាង ១០​គ្រួសារ​ឋិត​នៅ​ក្បែរ​រណ្ដៅ​សំរាម​ជាង​គេ ស៊ូ​ទ្រាំ​រស់នៅ​ក្រោម​ក្លិន​ស្អុយ និង​សត្វ​រុយ​ច្រើន​នៅ​រដូវ​វស្សា ឬ​មាន​ភ្លៀង​ធ្លាក់។ ចំណែក​នៅ​រដូវ​ប្រាំង មាន​ក្លិន​ស្អុយ​ឆួល​លាយ​ឡំ​នឹង​ផ្សែង​ហុយ​ទ្រលោម ដោយ​ការ​ដុត​សំណល់​ថង់​ប្លាស្ទិក។

កំពុង​អង្គុយ​ដាំ​បាយ​នៅ​ក្នុង​ខ្ទម​ដាំ​ស្ល​តូច​មួយ​នៅ​មុខ​ផ្ទះ នៃ​ភូមិ​សន្ទូច គឺ​លោកស្រី សៀ ម៉ៅ ត្អូញ​ថា កាក​សំណល់ ឬ​ថង់​ប្លាស្ទិក​ត្រូវ​បាន​គេ​ដុត​ហុយ​ទ្រលោម​ទាំង​យប់​ទាំង​ថ្ងៃ នៅ​ពេល​គ្មាន​ភ្លៀង​ធ្លាក់ ឬ​នៅ​រដូវ​ប្រាំង។ លោកស្រី​ថា បង​ប្អូន និង​ក្មួយ​ដែល​នៅ​ផ្ទះ​ក្បែរ​គ្នា​លំបាក​ឡើង​លើ​ផ្ទះ​សម្រាក​នៅ​ពេល​យប់ ដោយសារ​តែ​មាន​ក្លិន​ស្អុយ និង​ផ្សែង​ហុយ​បក់​បោក​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គាត់៖ «ប្អូន​អើយ! សំរាម​ហ្នឹង​ស្អុយៗ​រក​តែ​ដេក​អត់​បាន​នៅ​ក្នុង​ផ្ទះ លើ​ផ្ទះ​ក៏​ដេក​អត់​បាន។ និយាយ​ពី​រុយ​ក៏​រុយ​ដែរ ដោយសារ​អត់​ភ្លៀង​ទេ​ណា បើ​ភ្លៀង​វិញ​មិន​បាច់​ទេ រុយ​ដូច​ឃ្មុំ​អ៊ីចឹង មក​មើល​ទៅ​បើ​មិន​ជឿ​ខ្ញុំ»

ចំណែក​ស្ត្រី​វ័យ​ប្រមាណ ៦០​ឆ្នាំ​ម្នាក់​ដែល​មាន​ផ្ទះ​ឋិត​នៅ​ចម្ងាយ​ប្រមាណ ៦០​ម៉ែត្រ​ពី​រណ្ដៅ​ចាក់​សំរាម​នោះ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា បញ្ហា​សំរាម ក្រុម​ពលរដ្ឋ​ធ្លាប់​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ និង​ឃុំ ដើម្បី​ដោះស្រាយ​ជា​ញយ​ដង​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​វិធានការ​បញ្ចៀស ឬ​កាត់​បន្ថយ​បញ្ហា​ក្លិន​ស្អុយ​នេះ​ទាំង​ស្រុង​ទេ។ លោកស្រី​ថា ឡាន​សំរាម​ចាប់​ផ្ដើម​ដឹក​សំរាម​យក​ទៅ​ចាក់​ទីនោះ​ទាំង​យប់​ទាំង​ថ្ងៃ​ឡើង​វិញ អស់​រយៈពេល​ជាង​មួយ​ខែ​ហើយ បន្ទាប់​ពី​ស្ងាត់​មួយ​រយៈពេល​ខ្លី៖ «ឃើញ​គេ​រក​រឿង​មួយ​សា​ទៅ​ស្ងាត់ ឥឡូវ​មក​ចាក់​ទៀត។ ថា​ចង់​ឲ្យ​ជួយ​មើល​ទៅ ចេះ​តែ​មក​ចាក់​អ៊ីចឹង ហើយ​អ្នក​រស់នៅ​ជិត​ហ្នឹង​វា​លំបាក​រុយ​ច្រើន និង​ក្លិន​ស្អុយ»

ឆ្លើយ​តប​បញ្ហា​នេះ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ការ​អប់រំ និង​ត្រួត​ពិនិត្យ​ការ​បំពុល គឺ​លោក គឹម ច័ន្ទបូផាត ថ្លែង​ថា បច្ចុប្បន្ន​មាន​អនុក្រឹត្យ​មួយ​បាន​ហាម​មិន​ឲ្យ​ដុត​សំណល់​ប្លាស្ទិក ព្រោះ​វា​បង្ក​ឲ្យ​មនុស្ស​មាន​ជំងឺ​រលាក​ច្រមុះ ឬ​បំពង់​ក ជាពិសេស​ទៅ​លើ​ក្មេង និង​ស្ត្រី​មាន​ផ្ទៃ​ពោះ អាច​នាំ​ឲ្យ​វិល​មុខ ឬ​ក្អួត​ចង្អោរ។ លោក​ថា កាក​សំណល់ ឬ​សំរាម ទាមទារ​ឲ្យ​មាន​ការ​វេច​ខ្ចប់ និង​បែង​ចែក​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ប្រភេទ​របស់​វា ដូចជា​សំរាម​សរីរាង្គ និង​អសរីរាង្គ គួរ​តែ​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា ហើយ​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ៖ «កន្លង​ទៅ​ដី​ហ្នឹង​ជា​ដី​របស់​ឯកជន ដោយសារ​អាជ្ញាធរ​ខេត្ត​យើង​រៀបចំ​ទីតាំង​មិន​ទាន់​បាន​ស្រួល​បួល ហើយ​ភាគ​ច្រើន​យើង​ចាក់​ចោល​បណ្ដោះអាសន្ន​សិន។ ម្ចាស់​ទីលាន​ហ្នឹង​យើង​ហាម​មិន​ឲ្យ​ដុត​ទេ ហើយ​កាយ​ទុក​អី​ស្រួល​បួល យើង​យក​អា​ប៊ុលឌូស៊ែ​ទៅ​ចូក​លុប​វា​ទេ ប៉ុន្តែ​ខែ​នេះ​ជា​ខែ​ក្ដៅ ភាគ​ច្រើន​មាន​រុយ អ៊ីចឹង​ពួក​ម្ចាស់​សំណល់​ចេះ​តែ​លួច​ដុត»

លោក​បញ្ជាក់​ថា ទីតាំង​ចាក់​សំរាម​ថ្មី គ្រោង​ស្ថាបនា​តាម​លក្ខណៈ​បច្ចេកទេស​មាន​ស្តង់ដារ​ត្រឹមត្រូវ​លើ​ទំហំ​ដី​ជាង ១០​ហិកតារ នៅ​ជើង​ភ្នំ​ថ្លុក​ត្របែង ដែល​មាន​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ក្រោម​ជំនួយ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ហៅ​កាត់​ថា យូ.អិន.ឌី.ភី (UNDP)។ ភាគី​អាជ្ញាធរ មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ណា​ទេ ប៉ុន្តែ​ម្ចាស់​ជំនួយ​ថា​អាច​នឹង​ចាប់​ផ្ដើម​គម្រោង​នេះ​នៅ​ដើម​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។