រកឃើញ​មណ្ឌលរដ្ឋបាល​បុរាណ​នា​សម័យអង្គរ​

​លោក អុឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ និង ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​រុករក​ផ្លូវ​បុរាណ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​រឿ​នេះ​កាលពី​រយៈពេល ១០ ឆ្នាំមុន ក្រុម​អ្នក​បុរាណវិទ្យា​កម្ពុជា និង ថៃ បាន​សហការ​រួមគ្នា​ស្រាវជ្រាវ​អំពី​បណ្តាញ​គមនាគមន៍​កាលពី​សម័យអង្គរ​ឆ្លង​កាត់​ព្រំដែន​ខ្មែរ និង ថៃ ហើយ​ក៏បាន​ប្រទះឃើញ​មណ្ឌលរដ្ឋបាល​បុរាណ​នេះ បន្ទាប់ពី​លទ្ធផល​ដែល​ក្រុម​អ្នក ជំនាញ​បាន​រកឃើញ​បណ្តាញ​ផ្លូវ​បុរាណ​មួយចំនួន​ដូចជា​ផ្លូវ​ដែល​ត​ភា្ជ​ប់​ពី​ចក្រភព​អង្គរ​ទៅកាន់​ក្រុង​ភិ​មា​យ​ប្រទេស​ថៃ​សព្វថ្ងៃ ដែលមាន​ចម្ងាយ ២៥០ គីឡូម៉ែត្រ ផ្លូវ​ត ភ្ជាប់​ពី​ចក្រភព​អង្គរ​ទៅកាន់​ប្រាសាទ​វត្ត​ភូ ផ្លូវ​ត​ភ្ជាប់​ពី​ចក្រភព​អង្គរ​ទៅ​អាណាចក្រ​ចម្ប៉ា និង ផ្លូវ​ពី​អង្គរ​ទៅកាន់​ស្តុក​កក់ធំ​ជាដើម​។

ជាមួយគ្នានេះដែរ​ក្រុម​អ្នក​បុរាណវិទ្យា​ក៏បាន​រកឃើញ​ស្ពាន​បុរាណ​ដែល​ធ្វើ​អំពី​ថ្ម និង ឈើ ចំនួន ១០៦ កន្លែង​ផងដែរ ។​លោក​បាន​អះអាងថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​រៀបចំ​អភិរក្ស និង អភិវឌ្ឍ​មណ្ឌលរដ្ឋបាល​បុរាណ​មួយ​នេះ​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​មួយទៀត​សម្រាប់ ទាក់ទាញ​ភ្ញៀវទេសចរ​នៅពេល​អនាគត ។ ពាក់ព័ន្ធ​ទៅនឹង​គម្រោង​រៀបចំ​អភិរក្ស និង អភិវឌ្ឍ មណ្ឌលរដ្ឋបាល​បុរាណ​មួយ​នេះ លោក ម៉ក សុ​ធិ​ន មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​រុស្ស៊ី​ម្នាក់​នៅ​ខេត្ត សៀមរាប​បានឱ្យដឹងថា នេះ​ជា​ដំណឹង​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ហើយ​លោក​បាន​ស្នើឱ្យ​អាជ្ញាធរ​គួរតែរៀបចំ​តំបន់​នេះ​ឱ្យមាន​លក្ខណៈ​ស្តង់ដារ ដូចជា​កន្លែង​ស្នាក់នៅ (Home Stay) ។

ភូមិ​គោល អតីត​ក្រុង​បុរាណ និង បណ្តាញ​ផ្លូវ​អង្គរ​ភិ​មា​យ ភូមិ​គោល មាន​ទីតាំង​ស្ថិតនៅ​ឃុំ​គោល ស្រុក​អង្គរជុំ ខេត្តសៀមរាប បើ​យើង​ធ្វើដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច តាមផ្លូវ​ជាតិ​លេខ​៦ ទៅដល់​ភូមិ​នោះ​មាន​ចម្ងាយ​ប្រហែល ៥៥ គីឡូម៉ែត្រ ។ កាលពី​សម័យបុរាណ​មាន​ផ្លូវ​ពីរ​ដែល​ចេញពី​ក្រុង​អង្គរ​ឆ្ពោះទៅ​ក្រុង​គោល​គឺ​ទី​១ ចេញ​តាម​ខ្លោងទ្វារ​តា​កាវ ខាងលិច​អង្គរធំ ឆ្ពោះ​ត្រង់​មក​ភ្ជាប់​ថ្នល់​បារាយណ៍​ខាងលិច ។ មួយទៀត​ចេញ​តាម​ទិស​ខាងជើង គឺ​ខ្លោងទ្វារ​ដី​ឆ្នាំង​ឆ្ពោះទៅ​ប្រាសាទសំពៅ​ក្នុងភូមិ​ស្វាយចេក ទើប​មាន​ផ្លូវ​មួយ​មក​ភ្ជាប់​គ្នា ឆ្ពោះទៅ​ភូមិ​គោល​នោះ​តែម្តង ដែលមាន​ចម្ងាយ​សរុប ៤០ គីឡូម៉ែត្រ ។ មត៌ក​បុរាណ​ជាច្រើន​ដែល​បាន​បន្សល់ទុក​នៅ​អតីត​ក្រុង​គោល​នេះ​រួមមាន បណ្តាញ​ផ្លូវថ្នល់​ស្ពាន សាលាសំណាក់ មន្ទីរពេទ្យ រោង​ឧស្សាហកម្ម​ស្លដែក ជាដើម ។

អ្វី​ដែលជា​លក្ខណៈពិសេស​ទៀត​នោះ​មត៌ក​បេតិកភណ្ឌ​អរូបី ដែល​បាន​បន្សល់ទុក​តាំងពី​សម័យបុរាណ គឺ​នៅតែ​បន្ត​ប្រតិបត្តិ​ដោយ​អ្នកភូមិ​ដែល​រស់នៅ​ទីនោះ​ផ្ទាល់​រហូតដល់​បច្ចុប្បន្ន ។ មត៌ក​ដែល​បាន​បន្សល់​តាម​ដងផ្លូវ​ដ៏ សំខាន់​នេះ​បង្ហាញ​ឲ្យ​យើង​ដឹងថា ផ្លូវ​បុរាណ​ទាំងអស់​មាន​ទម្រង់​តួ​ផ្លូវ​ប្រហាក់ប្រហែលគ្នា ទទឹង ១៥ ម៉ែត្រ លើក​ខ្ពស់​ផុតពី​ទឹក អមដោយ​ប្រ​ទ្បា​យ​ទឹក និង រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ដូចជា​ស្ពាន​ធ្វើ​ពី​ថ្មភក់ និង ថ្មបាយក្រៀម ជាង​១០០ មាន​សាលាសំណាក់​សាងសង់​តាម​បណ្តោយ​ផ្លូវ​ឃ្លាត​គ្នា​ពីមួយ​ទៅមួយ​ក្នុង​ចម្ងាយ​ពី ១២ ទៅ ១៦ គីឡូម៉ែត្រ និង មាន​មន្ទីរពេទ្យ​ស្ថិតក្នុង​ចម្ងាយ ប្រមាណ ៤០ គីឡូម៉ែត្រ ព្រមទាំង​មានសហគមន៍​ប្រជាពលរដ្ឋ​តាំងទី​លំនៅ​តាម​ដងផ្លូវ​មិន​ដាច់ ។

ដោយឡែក​ផ្លូវ​ត​ភ្ជាប់​ពី​អង្គរ​ឆ្ពោះទៅ​ភិ​មា​យ (​បច្ចុប្បន្ន​ប្រទេស ថៃ​) ជា​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​ជាង ២៥០ គីឡូ​ម៉ែត ឆ្លងកាត់​ខេត្ត​ចំនួន ៥ ក្នុងនោះ​ខេត្ត​របស់​កម្ពុជា​ចំនួន​ពីរ​ខេត្ត គឺ​ខេត្តសៀមរាប និង ឧ​ត្ត​រ​មានជ័យ ហើយ​ខេត្ត​របស់​ប្រទេស​ថៃ​ចំនួន ៣ គឺ​ខេត្ត​សុរិន្ទ បុរីរម្យ និង ខេត្ត​នគររាជ​សីមា ។ តាម​បណ្តោយ​ផ្លូវ​នេះ​ផ្នែក​ដែល​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ស្ពាន​ធ្វើ​អំពី​ថ្មភក់ និង ថ្មបាយក្រៀម ចំនួន ៣២ កន្លែង រីឯ​កំណាត់​ផ្លូវ​ដែល​ស្ថិត​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន​គ្មាន​ស្ពាន​ទេ ។ ក្នុងចំណោម​ស្ពាន​ទាំងនោះ​ស្ពាន​ដែល​វែង​ជាងគេ គឺ​ស្ពាន​ទ័ព ដែលមាន​បណ្តោយ​ប្រវែង ១៥០ ម៉ែត្រ និង ទទឹង ១៥ ម៉ែត្រ ស្ពាន​យាង​មាន​បណ្តោយ​ប្រវែង ១០០ ម៉ែត្រ និង ទទឹង ១៥ ម៉ែត្រ ហើយ​ស្ពាន​តូចៗ​ផ្សេងទៀត​មាន​ប្រវែង​ប្រហាក់ប្រហែលគ្នា ពី ៤ ម៉ែត្រ ទៅ ៧ ម៉ែត្រ ដូចជា ស្ពាន​ហាល ស្ពាន​ត្បូង ស្ពាន​ព្រះ​ចង្អេរ ស្ពាន​ក្មេង និង ស្ពាន​មេម៉ាយ​ជាដើម ។

ជា​ទិសដៅ​បន្តទៅទៀត ដំណើរការ​ស្រាវជ្រាវ​ផ្លូវ​បុរាណ នឹងត្រូវ​ពង្រីក​ការស្រាវជ្រាវ​លម្អិត​បន្ថែ​ម​ទៅលើ​បណ្តាញ​ផ្លូវ​បុរាណ​ដែល​ចេញពី​អង្គរ​ទៅ​ទិសដៅ​ផ្សេងៗ ។ ជាងនេះទៅទៀត លទ្ធផល​ដែល​បានមកពី​ការស្រាវជ្រាវ​នេះ នឹងត្រូវ យកមកប្រើ​ជា​ឯកសារ​ឧបទេស​សម្រាប់​បង្រៀន និង បង្ហាត់បង្ហាញ​ដល់​សិស្ស​-​និស្សិត​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង​អំពី​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន ឲ្យ​ចេះ​ស្រឡាញ់ និង ថែរក្សា​មត៌ក​វប្បធម៌​ដ៏​វិសេសវិសាល​ទាំងនេះ​ឲ្យ​បាន​គង់វង្ស ដែល​កិច្ចការ​ទាំងអស់នេះ​ជា​ភារកិច្ច​ដ៏​សំខាន់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុងការ​អភិរក្ស​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​ទាំងមូល ៕ នឿន​


    


​ ​ ​ ​ ​ ​ ​ ​

Related