សុរា​ចូលខ្លួន​ទាំង​កណ្តាលថ្ងៃត្រង់ យក​ដែកកេស​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ទ្រព្យសម្បត្តិ​ហ្មត់

រាជធានី​ភ្នំពេញ ៖ លោកតា​ចំណាស់​វ័យ​៦៥​ឆ្នាំ​ម្នាក់​ដោយសារ​តែ​ឥទ្ធិពល​សុរា​ចូល​ជ្រាប​ពេញ​ខ្លួន បាន​យក​ដែកកេស​ទៅ​ដុត​ពូក និង​គ្រែ បង្ក​ជា​អណ្តាត​ភ្លើង​ឆាបឆេះ​លំនៅ​ឋាន​ខ្លួនឯង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ក្បែរ​នោះ​ស្លន់ស្លោ​អន្តរាគមន៍​យក​ទឹក​ជះ​ពន្លត់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ធ្នូ ២០១៥ នៅ​ចំណុច​ផ្ទះល្វែង​លេខ​៣៤ តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ជុំវិញ​ករណី​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​មានរឿង​ហេតុ​កើតឡើង គឺ​ដំបូង​លោកតា​ជា​ម្ចាស់ផ្ទះ​(​អ្នក​ដុត​)​បាន​ផឹកស្រា​ស្រវឹង​តាំងពី​វេលា​ម៉ោង​៩​ព្រឹក​រហូត​មក​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ដោយសារ​ឥទ្ធិពល​ស្រា​ជ្រួតជ្រាប​សព្វ​ពេញ​ខ្លួន លោកតា​ក៏​យក​ដែកកេស​ទៅ​ដុត​ពូក និង​គ្រែ​​នៅ​បន្ទប់​របស់​ខ្លួន ដែល​ក្នុង​បន្ទប់​នោះ​ក៏​មាន​លោកយាយ​ម្នាក់​ដែល​ត្រូវជា​ប្រពន្ធ​របស់​គាត់​កំពុង​សម្រាន្ត​លង់លក់​ក្នុង​ដំណេក ធ្វើ​ឲ្យ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ពាសពេញ​ក្នុងផ្ទះ រួម​ជាមួយ​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ចេញ​មក​ក្រៅ បង្ក​ឲ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ផ្អើល​ឆោឡោ​ចោមរោម​​ជួយ​ពន្លត់ និង​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ។

ភ្លាម​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​​បាន​​ប្រើប្រាស់​អស់​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ពេលវេលា​ជាង​កន្លះ​ម៉ោង​ទើប​ធ្វើ​ឲ្យ​អណ្តាតភ្លើង​រលត់​សូន្យសុង​ទៅ​វិញ មិន​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​រាលដាល​បន្ត​ដល់​លំនៅ​ឋាន​អ្នក​ដ៏​ទៃ​ក្បែរ​នោះ​ទេ ប៉ុន្តែ​ក្នុង​នោះ សម្ភារៈ​ក៏​ដូច​ជា​គ្រឿង​សង្ហា​រឹម និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​មួយ​ចំនួន​ធំ​នៅ​ក្នុង​លំនៅ​ឋាន​ខាងលើ​ត្រូវ​ព្រះ​អគ្គី​ឆេះ​បំផ្លាញ​អស់​គ្មាន​សល់ ។

សាច់ញាតិ​បាន​ប្រាប់​ថា លោកតា​ចំណាស់​ដែល​ស្រវឹង​ហើយ​ដុត​លំនៅ​ឋាន​របស់​ខ្លួនឯង​ចោល​មានឈ្មោះ ចាប មាលី អាយុ​៦៥​ឆ្នាំ គាត់​គឺជា​ឪពុក​នៅ​ក្នុង​គ្រួសារ ដែល​បច្ចុប្បន្ន​មាន​សមាជិក​ស្នាក់​រួម​គ្នា​ជា​ច្រើន​នាក់ ។ ប្រភព​ដដែល​បន្ត​ថា លោកតា ចាប មាលី គឺជា​មនុស្ស​ហូប​ស្រា​រាល់ថ្ងៃ​មិន​ដែល​ខាន​មួយ​ពេល​ឡើយ ហើយ​រាល់ពេល​សុរា​ចូលខ្លួន​ម្តង​ៗ​គាត់​តែងតែ​រករឿង​ឈ្លោះ​ជាមួយ​អ្នក​នៅផ្ទះ​បោក​ឆ្នាំង​ ចាន និង​ធ្វើ​អ្វី​ៗ​​ប្លែក​ៗ​ជា​និច្ច ប៉ុន្តែ​កូន​ៗ និង​ម្តាយ​ដែល​ស្នាក់​នៅ​ក្រោម​ដំបូល​តែ​មួយ​មិន​ដែល​ប្រកាន់ទោស​ពៃ​រិ៍​គាត់​ឡើយ ដោយសារ​តែ​គាត់​ក្លាយទៅជា​បែប​នេះ​អស់​ជាង​១០​ឆ្នាំទៅ​ហើយ ។ ហើយ​នៅ​ថ្ងៃ​កើតរឿង​ហេតុ​ខាងលើ​កូន​ៗ​ទាំងអស់​មិន​បាន​នៅផ្ទះ​ឡើយ គឺ​រវល់​ជាមួយ​ការងារ​ខាងក្រៅ​រៀង​ៗ​ខ្លួន ដោយ​ទុក​តែ​ឪពុក និង​ម្តាយ​វ័យ​ចំណាស់ នៅផ្ទះ​តែ​២​នាក់​តែ​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​ឲ្យ​ឪពុក​ប្រមឹក​ខាងលើ​ស្រវឹង​ដុត​ផ្ទះ​ចោល​បែប​នេះ​តែ​ម្តង​ទៅ ៕