ហេតុ​តែ​ចង់​សប្បាយ​ហ៊ឺហាជាមួយគូស្នេហ៍ ចាប់​ក្មួយ​ស្រី​អាយុ​៩​ឆ្នាំ​ជម្រិត​ទារ​ប្រាក់​ ត្រូវ​ជាប់ខ្នោះ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ស្ត្រី​​​ម្នាក់ឈ្មោះ ដ​ន សា​វី ​​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កំពង់​ស្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម ត្រូវ​បានសមត្ថ​កិច្ច​ចម្រុះ​សហការ​គ្នា​​ចាប់ខ្លួន​បានត្រង់​ចំណុចឃុំ​ស្រងែ ស្រុក​ព្រៃឈរ ​កាល​ពីវេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៥​ ធ្នូ ២០១៥ ពាក់​ព័ន្ធ​ករណី​ចាប់​​​ក្មួយ​ស្រី​ជីដូន​មួយជម្រិត​​ទារ​ប្រាក់​១០០​ដុល្លារ និង​១លាន​៥០​ម៉ឺន​រៀល​។

ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ ខណៈពេល​កំពុងជិះ​ម៉ូតូ​​ឌុប​ក្មេង​ស្រី​រង​គ្រោះ​ក្នុង​ទិស​ដៅ​ចេញពី​ស្រុក​ជើងព្រៃ​ចូល​មក​កាន់​ទឹកដី​ស្រុក​ព្រៃឈរ ។ ពេល​ចាប់ខ្លួន​បាន​ សមត្ថ​កិច្ច​បាន​​​ដកហូត​បាន​ម៉ូតូ C125 មួយ​គ្រឿង ​ស៊េរី​២០១៣ ព្រមទាំង​​រំដោះ​​ក្មេង​ស្រី​ឈ្មោះ​លីហ្សា អាយុ​៩​ឆ្នាំ មក​ប្រគល់​ឱ្យ​ឪពុក ម្តាយ​វិញ​។

ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​របស់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជាមួយនឹង​នគរបាល​ខេត្តកំពង់ចាម ព្រមទាំង​កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ ​។

​លោក​ឧត្តម​សេនី​យ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា​​ គ្រាន់តែ​ក្នុង​រយៈពេល​១​ថ្ងៃ​កន្លះ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​​ចល័ត​ទីតាំង ​​រហូត​ដល់​ទៅ​៣កន្លែង ​ក្នុង​នោះ​ ​​នៅ​រាជធានី​ភ្នំពេញ ​ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ ជា​ទី​កន្លែង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​។

​បើ​យោង​តាម​ច្បាប់ព្រហ្មទណ្ឌ​ស្តី​ពី​ស្ថាន​ទម្ងន់​ទោស​ត្រង់​មាត្រា​២៥៣​ និង​២៥៤ ចំនុច​ទី​៣ ចែង​ថា ជន​ណា​ដែល​ប្រ​ព្រឹ​ត្ត​ក្នុង​គោលដៅ ជំរិត​យកទ្រព្យសម្បត្តិ ឫ​ទាមទារ​ឲ្យ​បំពេញ​លក្ខ​ណ្ឌ​អ្វីមួយ  ត្រូវ​ផ្តន្ទាទោស​ពី​១៥​ទៅ​៣០​ឆ្នាំ ។

​ដោយ​ឡែកលោក​ឧត្តម​សេនី​យ៏​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​វិញ​ឲ្យ​ដឹង​ដែរ​ថា កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៤​ ធ្នូ ២០១៥ ត្រង់​ចំណុច​ភូមិ​ទួល​ទ្រា​ត្បូង  ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ជនសង្ស័យ​ឈ្មោះ​ដ​ន សា​វី  ហៅ​តូច ភេទ​ស្រី អាយុ​២៤​ឆ្នាំ  មានស្រុក​កំណើត​នៅ​ឃុំ​កំពង់​រាប  ស្រុក​កោះសូទិន ខេត្តកំពង់ចាម បាន​មក​ចូលរួម​មង្គលការ​គេ​នៅ​ភូមិ​២៥ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ  បន្ទាប់​មក​ក៏​បានមក​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា C 125 មួយ​គ្រឿង ស៊េរី​២០១៣  ពី​ឈ្មោះ​ឆែម សា​រុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​បងប្អូន​ជីដូនមួយ ដោយ​បាន​ថែម​ទាំង​ឌុ​បយក​ក្មួយ​ស្រី​ឈ្មោះ លី​ហ្សា អាយុ​៩​ឆ្នាំ ទៅ​ជាមួយទៀត​ ដោយប្រាប់​ថា​ ទៅ​ទិញ​បង្អែម​ហូប  ។

ប៉ុន្តែ​រហូត​ដល់​ពេល​យប់​មិនឃើញ​យក​ម៉ូតូ និង​ក្មួយ​ស្រី​ដែល​ដឹក​ទៅ​ជាមួយ​នោះ​​​ត្រឡប់​មក​ផ្ទះ​វិញទេ ​ស្រាប់តែ​មក​ដល់ព្រឹក​ថ្ងៃ​ទី​៥​ធ្នូ ឈ្មោះ សា​វី  បាន​ទូរស័ព្ទ​មក​ជំរិត​ទារប្រាក់​ពី​ឪពុក​ម្តាយរបស់​ក្មេង​ស្រី​ ដោយ​បាន​ទាមទារ​ឲ្យ​បង់លុយ​តាម​វី​ង​១០០​ដុល្លារ តែឪពុក​ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បានផ្ញើ​ឲ្យ​តែ៥០​ដុល្លារ ដោយ​ក្រុម​ឧក្រិដ្ឋជន​បាន​ចល័ត​ពី​ផ្លូវ​វេ​ង​ស្រេងនៅ​រាជធានី​ភ្នំពេញ​។

​បន្ទាប់​មក​ស្រាប់តែ​មាន​ទូរស័ព្ទ​មក​ជំរិត​ប្រាក់​បន្ត​ទៀតឲ្យ​យក​លុយ​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ​

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរ​សេនី​យ៍​ត្រី ឡុ​ង សា​រិ​ន ទទួល​ផែន​ព្រហ្មទណ្ឌ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​សកម្មភាព​ចាប់ជំរិត​ខាងលើ​នេះ គឺ​កើត​ចេញពី​ចិត្ត​របស់​ជនសង្ស័យ​ឈ្មោះ​សា​វី  និង​សង្សារ​ផ្ទាល់​ដើម្បី​ឲ្យ​បាន​លុយ​ច្រើន​នាំ​គ្នា​ទៅ​ស៊ីចាយ​សប្បាយ​ហ៊ឺហា  តែ​បំណង​នេះ​មិន​បាន​សំរេច​ដល់​គោលដៅ​នោះ​ទេ​ គឺ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បាន ចំណែក​សង្សារ​ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ធំ​វិញ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់ខ្លួន​ផង​ដែរ ៕​