ប្រទេស​ថៃ​ប្រារព្ធ​ថ្ងៃ​បុណ្យ​ជាតិ​នៅ​ពេល​មាន​ការ​បារម្ភ​អំពី​សុខភាព​របស់​ព្រះ​មហាក្សត្រ

ប្រទេស​ថៃ​ប្រារព្ធ​ថ្ងៃ​បុណ្យ​ជាតិ​នៅ​ពេល​មាន​ការ​បារម្ភ​អំពី​សុខភាព​របស់​ព្រះ​មហាក្សត្រ

មនុស្ស​ម្នា​កាន់​ទៀន​ និង​ព្រះ​ឆាយាលក្ខណ៍​​របស់​សេ្តច Bhumibol Adulyadej របស់​ថៃ នៅ​មន្ទីរ​ពេទ្យ​ Siriraj ទី​ដែល​ក្រុម​នោះ​បាន​ប្រមូល​ផ្តុំ​ដើម្បី​ប្រារព្ធ​ខួប​ទី៨៨​ នៅ​ក្នុង​រាជធានី​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃសៅរ៍​នេះ ប្រទេស​ថៃ​បាន​ប្រារព្ធ​ថ្ងៃ​បុណ្យ​ជាតិ និង​ថ្ងៃ​កំណើត​របស់​ព្រះមហាក្សត្រ​ Bhumipol Adulyadej ដោយ​មាន​ការ​រៀប​ចំ​ពិធី​យ៉ាង​ឧឡារិក។ ប៉ុន្តែ​នៅស្រប​ពេល​ជា​មួយ​គ្នានេះ មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​ព្រះ​មហាក្សត្រ​ថៃ​ ដែល​មាន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា​នោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ Prayut Chan-o-cha បាន​ដឹក​នាំ​ពិធី​បុណ្យ​ជាតិ ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​នៅសួន Sanam Luang នាំ​គ្នា​ថ្វាយ​ព្រះ​ពរ​ជូន​ព្រះ​មហាក្សត្រ Bhumipol Adulyadej ​ជា​ទី​គោរព និង​ជា​ទី​សក្ការៈ​របស់​ប្រទេស​ថៃ។

ពិធី​នៅ​ពេល​យប់​ដែល​មាន​រួម​ទាំងការ​ដុត​ទៀន និង​បាញ់​កាំ​ជ្រួច​ផង​នោះ បាន​ធ្វើ​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ការ​អបអរ​សាទរ​តាម​ផ្លូវ​ការ​ពេញ​មួយ​ថ្ងៃ។

នៅ​ទូទាំង​ប្រទេស​ថៃ ការ​អបអរ​សាទរ​មាន​លក្ខណៈ​ខុស​គ្នា គឺ​មាន​តាំង​ពី​ការ​ដាក់​បិណ្ឌ​ជូន​លោក​សង្ឃ រហូត​ដល់​ពិធី​បុណ្យ​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី និង​សហគមន៍។

អ្វី​ដែល​ពុំ​មាន​នៅ​ឆ្នាំ​នេះ គឺ​សុន្ទរកថា​របស់​ព្រះមហាក្សត្រ​ទៅ​កាន់​ពលរដ្ឋ​ថៃ​ទូទាំង​ប្រទេស ខណៈ​ដែល​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង ចំពោះ​សុខភាព​ចុះ​ថមថយ​របស់​ព្រះ​មហាក្សត្រ​ដែល​មាន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា និង​ដែល​បាន​ទ្រង់​សោយរាជ្យ​អស់​ពេល​៦៥​ឆ្នាំ ដែល​ជា​ការ​សោយ​រាជ្យ​យូរ​អង្វែង​ជាង​គេ ក្នុង​ពិភពលោក។

លោក Carl Thayer ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​ពី​សាកលវិទ្យាល័យ New Southwales ​នៃ​ប្រទេស​អូស្ត្រាលី​ថ្លែង​ថា​ព្រះ​មហាក្សត្រ Bhumipol ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​បង្រួប​បង្រួម​ប្រទេស​ថៃ។

ក៏​ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​ព្រះ​មហាក្សត្រ Bhumipol បាន​កើន​ឡើងក្នុង​អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បន្ទាប់​ពី​ព្រះ​អង្គ​មើល​ទៅ​មាន​សភាព​ទន់​ខ្សោយ ពេល​ដែល​ព្រះអង្គ​បង្ហាញ​ខ្លួន​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​១​កញ្ញា។

ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​រឿង​ព្រះ​មហាក្សត្រ​ត្រូវ​បាន​គាប​សង្កត់​កាន់​កាន់​តែ​ច្រើន​ឡើងៗ​ពី​សំណាក់​រដ្ឋាភិបាល​ថៃ ទាំង​រដ្ឋាភិបាល​ជាប់​ឆ្នោត ទាំង​រដ្ឋាភិបាល​យោធា​ដែល​បាន​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​មុន​ផង ដោយ​ការ​ប្រើ​ប្រាស់​ច្បាប់​ដ៏​តឹង​រ៉ឹង​នៃ​ប្រទេស​ថៃ ដែល​ហាម​មិន​ឲ្យ​បង្ខូច​ព្រះ​កិត្តិនាម​របស់​ព្រះ​មហាក្សត្រ។ មនុស្ស​ជា​ច្រើន​នាក់​កំពុង​ជាប់​ពន្ធនាគារ​រយៈ​ពេល​ច្រើន​ឆ្នាំ ដោយ​សារ​ច្បាប់​នេះ។

ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ យោធា​ថៃ​បាន​ប្រើប្រាស់​ច្បាប់​នេះ​ជា​ផ្នែក​មួយ​ដើម្បី​ស៊ើបអង្កេត​មនុស្ស​មួយ​ចំនួន ដែល​មាន​រួម​ទាំង​មន្ត្រី​យោធា និង​ប៉ូលិស​ផង។

កាល​ពី​សប្តាហ៏​ទើប​កន្លង​ទៅ​នេះ ក្រុម​អ្នក​គាំទ្រ​ព្រះ​រាជវង្សានុវង្ស​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ បន្ទាប់​ពី​លោក​ឯក​អគ្គ​រដ្ឋ​ទូត​សរអា Glyn Davies បាន​រិះគន់​ចំពោះ​ទោស​ជាប់​ពន្ធនាគារ​ដ៏​យូរ​ឆ្នាំ ដែល​មិន​ដែល​មាន​ពី​មុន​មក នៅ​ក្រោម​ច្បាប់​នេះ នៅ​ពេល​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​បរទេស។

ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​បោះពុម្ព​មួយ​ក្នុង​ប្រទេស​ថៃ ដែល​បោះ​ពុម្ព​កាសែត The New York Times អន្តរជាតិ​នោះ​បាន​ប្រកែក​មិន​ព្រម​បោះពុម្ព​អត្ថបទ​ស្តី​ពី​ការិយាល័យ Crown Property ​ដែល​ចាត់​ចែង​កិច្ចការ​ហិរញ្ញវត្ថុ​របស់​ព្រះ​រាជវង្សានុវង្ស​នោះ។

​កាល​ពី​មុន​នេះ ក្រុម​ហ៊ុន​បោះ​ពុម្ព​ផ្សាយ​ដដែល​នេះ​បាន​លុប​ចោល​អត្ថបទ​មួយ ចេញ​ពី​ទំព័រ​ទី១ ដែល​បាន​ផ្តោត​ទៅ​លើ​សេដ្ឋកិច្ច​ចុះ​អន់​ថយ​របស់​ប្រទេស​ថៃ ព្រម​ទាំង​អំពី​អនាគត​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​កង​យោធា​ថៃ។ អត្ថបទ​នោះ​បាន​និយាយ​ដល់​ព្រះ​រាជវង្សានុវង្ស​បន្តិច​ដែរ។

ប៉ុន្តែ ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​ព្រះ​មហាក្សត្រ Bhumipol ​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ការ​ជជែក​ដេញ​ដោល​តិច​តួច​ណាស់​ អំពី​របប​រាជា​និយម បន្ទាប់​ពី​ការសោយរាជ្យ​របស់​ព្រះ​អង្គ។

បុត្រា​របស់​ព្រះ​មហាក្សត្រ Bhumipol ​តែ​មួយ​អង្គ​គត់ គឺ​ព្រះ​រាជ​ទាយាទ Maha Vajiralongkorn ដែល​មាន​ព្រះ​ជន្ម​៦៣​ព្រះ​វស្សា​ហើយ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ប្រឹង​ប្រែង​លើក​តម្កើង​យ៉ាង​ខ្លាំង ប៉ុន្តែ​ព្រះ​អង្គ​ត្រូវ​បានពលរដ្ឋ​ថៃ​ចាត់​ទុក​ថា​នៅ​ឆ្ងាយ​ពី​ប្រជា​ពលរដ្ឋ​ថៃ​ខ្លាំង​ណាស់។​

ក្រុម​អ្នក​វិភាគ​ថ្លែង​ថា ព្រះ​រាជ​ទាយាទ Majiralongkorn មាន​ការ​ប្រឈម​មុខ​ច្រើន ដើម្បី​ទទួល​បាន​នូវ​អំណាច​ខាង​ផ្លូវ​ចិត្ត ដែល​លោក​ព្រះ​បិតា​របស់​ទ្រង់​បាន​ទទួល ក្នុង​អំឡុង​ពេល​៦​ទសវត្សរ៍​នៃ​ការ​សោយ​រាជ្យ​របស់​ព្រះ​អង្គ៕