បាត់​ស្លាក​លេខ​រថយន្ត​វី​ស្តូ​មួយ​ឆ្នាំ​ ទើប​រក​ឃើញ​ពាក់​នៅ​លើ​រថយន្ត​បា​ឡែ​ន

រាជ​ធានីភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​ CooTel ចត​រថយន្ត​ទុក​មុខ​ក្រុមហ៊ុន​ចោរលួច​ស្លាក​លេខរថយន្ត​បាត់​មួយ​ឆ្នាំហើយ​ ទើបតែ​ប្រទះ​ឃើញពាក់​លើ​​រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង ​ក៏ប្តឹង​សមត្ថកិច្ច​ឃាត់​យក​មក​សួរនាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៥ ​ធ្នូ នៅ​តាម​បណ្ដោយ​ផ្លូវ​១១៣ ​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

បើ​តាម​សំដី​លោក គឹ​ម ស៊ុន​ទ្រី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​CooTel ស្នាក់នៅ​ផ្លូវ​លេខ​៤៥៦ ស្ថិត​ភូមិ​១ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ជា​ម្ចាស់​រថយន្ត ដែល​ជនសង្ស័យ​លួច​ដោះ​ស្លាក​លេខ​បាត់​បានឱ្យដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ​ធ្នូ ​​២០១៤ គាត់បាន​ចត​រថយន្ត​របស់​គាត់​ម៉ា​កវី​ស្តូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២W ៧៧១៨ ទុក​នៅ​មុខ​ក្រុមហ៊ុន ​​ត្រូវ​ជនសង្ស័យ​លួច​ដោះ​ស្លាក​លេខ​រថយន្ត​ទាំង​មុខ និងក្រោយ​យក​ទៅ​បាត់​ ហើយ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​វាលវង់ ខណ្ឌ​៧​មក​រា ព្រោះ​ក្រុមហ៊ុន​របស់​គាត់​នៅ​ទីនោះ ។

ចាប់តាំងពី​បាត់​រហូត​មក​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​៥ ​ធ្នូ ​​២០១៥ ខណៈ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​១១៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន បាន​ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​គាត់​ពាក់​នៅ​លើ​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ទៅ​វិញ ទើប​គាត់​ប្រាប់​ឲ្យ​សមត្ថកិច្ច​ជួយ​ឃាត់​រថយន្តកាម​រី​បា​ឡែ​ន​នេះ​ផង ។ ខណៈ​ពេល​ដែល​នគរបាល​ខណ្ឌចំការមន​ឃាត់​បាន​ហើយ​ធ្វើការសួរនាំ​រួច​ហើយ​បានបញ្ជូន​ភាគី​ទាំង​សងខាង​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​វាលវង់ ។

បើ​តាម​សម្តី​របស់​ម្ចាស់​រថយន្ត​ដែល​ជាប់​សង្ស័យ មានឈ្មោះ កែវ បូ​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន បានឱ្យ​ដឹង​ថា គាត់​ទើបតែ​ទិញ​រថយន្ត​ខាង​លើ​នេះ​ពី​មិត្ត​ភ​ក្កិ​ក្នុង​តំលៃ​១២.០០០​ដុល្លារ និង​បាន​បង់ប្រាក់​ចំនួន​៦.២០០​ដុល្លារ​សិន​ទាល់តែ​បាន​កាត​គ្រី​ទើប​បង់ប្រាក់​គ្រប់​ចំនួន។

បច្ចុប្បន្ន​ភាគី​ទាំង​សង​ខាង​ត្រូវ​សមត្ថ​កិច្ច​សាក​សួរ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី៕