លី ឡា​វីន «​ខ្ញុំ​បែក​ពី​សង្សារ តែ​រថយន្ត និង ផ្ទះ​វីឡា​មិន​របូត​ឡើយ !»

​នៅក្នុង​បទ​សម្ភាស​ជាមួយ​«​ប្រជាប្រិយ​»​តាមរយៈ​ទូរស័ព្ទ​ជិត ២០ នាទី កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង លី ឡា​វីន បាន​ប្រាប់ថា រឿង​ស្នេហា​របស់​នាង​ជាមួយ​សង្សារ​កូន​អ្នកជំនួញ​ធំ​ដែល​បាន​បង្កើតឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​នោះ ពិតជា​បាន​ឈានដល់​ផ្លូវ​បែកបាក់​ពិតមែន ។ មួយរយៈ​កន្លងមក នាង​មិនដែល​បាន​ចេញមុខ​បញ្ជាក់ប្រាប់​ការពិត ព្រោះ​នាង​ជាប់រវល់​ការងារ​ផ្ទាល់ខ្លួន និង មិន​ចង់​និយាយ​រឿងនេះ នាំឱ្យ​មានរឿង​កាន់តែ​វែងឆ្ងាយ ។

ប៉ុន្តែ​នៅពេល​មាន​ព័ត៌មាន​គេ​ចុះផ្សាយ​ថា ក្រោយពី​ចំណង​ស្នេហ៍​នាង និង សង្សារ​រង្គោះរង្គើ ខាង​គ្រួសារ​សង្សារ​បាន​ដកហូត​ផ្ទះ​វីឡា និង រថយន្ត​ពី​នាង​ទៅវិញ ទើប​នាង​ចេញមុខ​បញ្ជាក់ប្រាប់​ឱ្យបាន​ច្បាស់​នៅពេលនេះ​ថា រថយន្ត និង ផ្ទះ​វីឡា​របស់​នាង​នៅតែ​ជា​របស់​នាង មិនមាន​អ្នកណា​អាចមក​ដកហូត​បានទេ ព្រោះ​ឈ្មោះ​ម្ចាស់​កម្មសិទ្ធិ​កាន់កាប់​ទ្រព្យ​ទាំង​ពីនេះ​គឺជា​ឈ្មោះ​របស់​នាង គ្មាន​ឈ្មោះ​អ្នកណា​មក​ឡូកឡំ​ទេ ។ ដូច្នេះ​ព័ត៌មាន​ដែល​គេ​ចុះផ្សាយ​ថា នាង​បាត់បង់​ទ្រព្យ​ខាងលើនេះ​គឺ​គ្រាន់តែ​ជា​ពាក្យ ចចាមអារ៉ាម​ប៉ុណ្ណោះ ។ ជាមួយគ្នា​នឹង​ការចេញមុខ​បញ្ជាក់ប្រាប់​រឿង​គ្រួសារ​សង្សារ​ដក​រថយន្ត និង ផ្ទះ​វីឡា​នេះដែរ លី ឡា​វីន ក៏បាន​ទម្លាយ​ប្រាប់​បញ្ហា​ផ្ទៃ​ក្នុងនៃ​រឿង​ស្នេហា​បែកបាក់​ដែរ​ថា «​ស្នេហា​មិន​សមប្រកប​ខាងលើនេះ ពីដំបូង​ឡើយ​ពួកយើង​ស្រឡាញ់គ្នា​ដោយ​ចិត្ត និង ចិត្ត ហើយក៏​មានបំណង​ចាប់ដៃគ្នា​ជា​គូ​អនាគត​ផងដែរ ។

ប៉ុន្តែ​ក្រោយ ពេល​សង្សារ​បាន​ទិញ​រថយន្ត និង ផ្ទះ​ធ្វើជា​កាដូ​ជូន​ខ្ញុំ ហើយ​យើង​បានរស់នៅ​ជាមួយគ្នា​ដោយ​គ្រោង​នឹង​រៀបការ​ផង​នោះ ទើប​សង្កេតឃើញ​គ្រួសារ​សង្សារ​ខ្ញុំ​មិន​ពេញចិត្ត​ឱ្យ​កូនប្រុស​គេ​មក​រៀបការ​ចាប់ដៃ​ខ្ញុំ​ធ្វើជា​គូ​អនាគត​ឡើយ​» ។ លី ឡា​វីន បន្តថា «​ព្រោះតែ​យើង​ស្រឡាញ់គ្នា សង្សារ​របស់ខ្ញុំ​បាន​ជំទាស់​នឹង​ការ​រាំង​ស្កាត់​ពី​គ្រួសារ ពោលគឺ​គាត់​នៅតែ​ចចេស​ចង់​រៀបការ​ជាមួយ​ខ្ញុំ រហូត​ទាល់តែ​ឪពុកម្តាយ​របស់គាត់​យ​ល់​ព្រមឱ្យ​ពួកយើង​រៀបការ ។ ប៉ុន្តែ​ទន្ទឹមនឹង​ការយល់ព្រម​នោះ គ្រួសារ​សង្សា​របស់ខ្ញុំ​ក៏​នៅតែ​ប្រើ​ពាក្យសម្តី​ថា ការ​ក៏​ការ​ទៅ តែ​ការ​ហើយ​ត្រូវតែ​លែង​គ្នា ព្រោះ​ឪពុកម្តាយ​គាត់​មិន​ចង់បាន​កូនប្រសា​អ្នកសិល្បៈ​ទេ ដោយ​គេ​យល់ថា អ្នកសិល្បៈ​ជាម​នុស្ស​មិនល្អ ។

ចំណុច​នេះហើយ​ដែល​ធ្វើឱ្យ​ខ្ញុំ​សម្រេចចិត្ត​បែកផ្លូវ​ពី​សង្សារ ព្រោះ​ខ្ញុំ​មិន​ចង់​រៀបការ​រួចហើយ​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​នោះទេ​» ។ តារា​សម្តែង​សិច​ស៊ី​អភ័ព្វ​ស្នេហ៍ លី ឡា​វីន បាន​បន្តទៀតថា «​ស្ត្រី​គ្រប់រូប​គឺ​ចង់​រៀបការ​មានគ្រួសារ និង ចាប់ដៃគ្នា​រកស៊ី​រៀបចំ​អនាគត តែបើ​ឱ្យ​ខ្ញុំ​រៀបការ​ដើម្បី​លែងលះគ្នា​វិញ តើ​មានន័យ​អី​សម្រាប់​ជីវិត​ខ្ញុំ ។ ដូច្នេះ​ទោះជា​ខ្ញុំ​បែក​គ្នា​ពី​សង្សារ​នៅពេលនេះ ក៏​មិនទាន់​ហួសពេល​សាង​អនាគត​ថ្មី​ទៀត​ដែរ ។ ម្យ៉ាងទៀត​ខ្ញុំ​ក៏​មិនមាន​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ទាំង​វ័យក្មេង​ផងដែរ គឺ​ខ្ញុំ​ទ្រាំ​ឈឺចាប់​មួយរយៈ ព្រោះ​មិន​ចង់​ឈឺចាប់​មួយជីវិត​ឡើយ​» ។

ទន្ទឹមនឹង​ការបញ្ជាក់​ប្រាប់​ពី​ដំណើរ​ស្នេហ៍​ជួប​ឧ​បស​គ្ត​នេះ លី ឡា​វីន ក៏បាន​ប្រាប់​ដែរ​ថា «​ក្រោយពី​បែក​ស្នេហ៍​ទីមួយ ខ្ញុំ​ក៏​មិនទាន់​បំភ្លេច​នូវ​ការឈឺចាប់​នេះដែរ ដូច្នេះ​បញ្ហា​បើក​បេះដូង​ទទួលយក​ស្នេហា​ថ្មី ខ្ញុំ​ក៏​មិនទាន់​គិត​ដែរ ព្រោះ​ពេលនេះ​ខ្ញុំ​កំពុង​ជួយ​រៀបចំ​បើកមុខ​ជំនួញ​មួយ​ឱ្យ​ឪពុកម្តាយ​ដើម្បី​បន្លប់​ទុក្ខ​កង្វល់​ស្នេហ៍ ។ នៅពេល​ការងារ​នេះ​រួចរាល់ ខ្ញុំ​ក៏ត្រូវ​វិល​មក​ចាប់យក​ការងារ​សិល្បៈ​ជាថ្មី ព្រោះ​មួយរយៈ​នេះ​ខ្ញុំ​ក៏បាន​បោះបង់​ការងារ​សម្តែង​ជា ច្រើន រហូត​ស្ទើរតែ​បាត់​មុខ​ពី​ឆាក​សិល្បៈ​ថែមទៀត​ផង​» ៕​ចន្ថា​

​ ​ ​ ​ ​ ​ ​

Related