ពេជ្រ សោភា ប្រកាស​លាឈប់​ពី​ហង្ស​មាស ទាំង​មាន​បញ្ហា​

​ពេជ្រ សោភា តារាចំរៀង​ចិត្តធ្ងន់​ដែល​ហ៊ាន​ប្រកាស​ក្តែ​ងៗ​ថា​ឈប់​ច្រៀង​ចំរៀង​ចំឡង​ពី​គេ ហើយក៏​ជា​តារាចម្រៀង​ដែល​ល្បី​កេរ្តិ៍ឈ្មោះ​មិន​ស្រុត ជ្រក​ក្រោយ​ផ្លាក​ផលិតកម្ម​ធំ រស្មី​ហង្ស​មាស ដែលជា​ផលិតកម្ម​ជួយ​ស្ទួយ​កេរ្តិ៍ឈ្មោះ​របស់​នាង​ចាប់តាំងពី​ឈានចូល​វិស័យ​សិល្បៈ​ដំបូង ពេលនេះ​នាង​បាន​ដាច់ចិត្ត​ព្រលយ​ពាក្យ​លា​ចោល​ទ្រនំ​ដ៏​សុខសាន្ត​នេះហើយ​ក្រោយ​ពេលដែល​រួមសុខ​រួមទុក្ខ​ជាមួយ ផលិត​កម្មនេះ​អស់​រយៈកាល​មិន​ក្រោម​ដប់ឆ្នាំ​កន្លងមក​នោះ​។​



​យោងតាម Page ជា​ផ្លូវការ​របស់​តារាចម្រៀង​រូបនេះ បានឱ្យដឹងថា នាង​នឹងធ្វើ​ការលាឈប់​ពី​ផលិតកម្ម​ហង្ស​មាស និង រស្មី​ហង្ស​មាស​ហើយ ហើយ​នាង​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់ ផលិតកម្ម ហង្ស​មាស ដែល​ជួយ​យិ​ត​យោង​ស្ទួយ​កេរ្តិ៍ឈ្មោះ​របស់​នាង​ឱ្យ​ល្បី​សុះសាយ​នាពេល​កន្លង​​មក​។ សារ​រៀបរាប់​ពី​បំណែក​នៃ​ជីវិត​ដែល​នឹងត្រូវ​ដើរ​ចេញពី ហង្ស​មាស នេះ​ត្រូវបាន​នាង​រៀបរាប់​យ៉ាង​ពិស្តា​ថា «​នាង​ខ្ញុំ ពេជ្រ សោភា នឹង​លាឈប់​ធ្វើ​នៅ ហង្ស​មាស នឹង​រស្មី​ហង្ស​មាស​ហើយ​តែ​នាង​ខ្ញុំ​នឹងធ្វើ​ការងារ​របស់​នាង​អោយ​ចប់​គឺ​(the voice Cambodia)​អគុណ​ដល់​ក្រុមហ៊ុន​ហង្ស​មាស​ដែល​ធ្វើអោយ​ជីវិត​គ្រួសារ​បានល្អ​រហូតមក​ដល់​ថ្ងៃនេះ ខ្ញុំ​មាន​ថ្ងៃនេះ​គឺ​បានមកពី​ហង្ស​មាស​ទាំងអស់ មាន​បញ្ហា​ខ្លះ​ខ្ញុំ​ទទួលយក​លែង​បាន​ហើយ​។​»




​ទោះបី​ជាមាន​ពាក្យ​ថ្លែងអំណរគុណ ក៏ដូចជា​ការដឹងគុណ​ដល់​ក្រុមហ៊ុន​ហង្ស​មាស​យ៉ាងណាក៏ដោយ ក៏​ការ​បង្ហោះ​សារ​រៀបរាប់​នេះ បាន​បង្កប់​នូវ​ឃ្លា​ឆ្អែត​ចិត្ត​ថា « មាន​បញ្ហា​ខ្លះ​ខ្ញុំ​ទទួលយក​លែង​បាន​ហើយ​» ដែល​ក្នុងន័យនេះ មានន័យថា​ការសម្រេចចិត្ត​ចាកចេញ​របស់ ពេជ្រ សោភា ពិតជា​មិនមែនជា​ការចាកចេញ​ដោយ​ធម្មតា​នោះឡើយ ហើយក៏​ប្រហែលជា​នាង​បញ្ហា​ជាមួយ​ហង្ស​មាស​ជា​ញយ​ដង​មកហើយ​ដែរ ទើប​ព្រលយ​ឃ្លា​ថា «​បញ្ហា​ខ្លះ​ទទួលយក​លែង​បាន​» យ៉ាងនេះ​។ យើង​មិនបាន​ដឹងថា រវាង​នាង និង រស្មី​ហង្ស​មាស​មាន​បញ្ហា​អ្វី​ជាមួយគ្នា​នោះទេ ខណៈដែល​កេរ្តិ៍ឈ្មោះ​របស់​នាង​កំពុងតែ​ឡើង​កូដ​ខ្លាំង​នៅ​ចុងឆ្នាំ ២០១៥ នេះនោះ​។​



​ប៉​ន្តែ ទោះបីជា​យ៉ាងនេះ​ក្តី ក៏ ពេជ្រ សោភា ប្រហែលជា​មិនទាន់​ទៅណា​ឆ្ងាយ​ប៉ុន្មាន​ពី​ហង្ស​មាស​ដែរ ព្រោះ​នាង​បានប្រកាស​ហើយ​ថា នាង​នឹង​នៅ​បន្ត​បេសកកម្ម​របស់​នាង​ក្នុងនាម​ជា គ្រូបង្វឹក​នៅក្នុង The voiceCambodia ​រ​ហូ​វ​កាល​ទី​ពីរ ស្រប​ពេលដែល The voice​រដូវ​កាល​ទី​ពីរ​នេះ​ទើបតែ​ចាប់ផ្តើម​ដំណើរការ​នោះ​។​


* សូមបញ្ជាក់ផងថា នាងបានលុបឃ្លាចុងក្រោយចេញវិញ បន្តាប់ពីបង្ហោះបាន៥នាទី​​​ ដោយមានរូបភាពជាភស្តុតាង ដូចដែលយើងបានបង្ហាញជូន៕ ភូមិន្ទ​


 

Related