ស្ថាន​ទូ​ត​ថៃនៅកម្ពុជា​រៀប​ចំពិធី​បុណ្យ​ចំរើន​ព្រះ​ជន្ម​ដល់​ព្រះ​មហា​ក្សត្រ​ភូមិបុល អាប់​ឌុល​យ៉ា​ដេត លើក​ទី​៨៨

រាជ​ធានី​ភ្នំពេញ​ ៖ បុណ្យចំរើនព្រះជន្ម​​ព្រះមហាក្សត្រ​ភូមិ​បុល អាប់​ឌុ​ល​យ៉ា​ដេ​ត ​ព្រះមហាក្សត្រ​ថៃ​ លើក​ទី​៨៨​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្ថានទូត​ថៃ​ នា​ក្រុងភ្នំពេញ​ កាលពី​វេលា​យប់​ថ្ងៃ​ទី​៤ ​ធ្នូ​ ២០១៥​ ដោយ​មានការ​អញ្ជើញចូលរួម​ពី​គ្រប់​រាជទូត​នានា ​និង​មន្ត្រី​កម្ពុជា​ទាំងមូល​ ដោយ​មាន​លោក​ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ បាន​ផ្តល់​កិត្ត​យស​​ចូល​រួម​ផង​ដែរ​។

លោក ណាត់​តា​វុ​ធ ផូ​ទី​សារ៉ូ (Nattavudh Photisaro) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​មតិ​ស្វាគមន៍​ភ្ញៀវ​ទាំងអស់​ និង​បាន​ថ្លែង​ថា ប្រទេស​ថៃ​ និង​កម្ពុជា​កំពុង​តែ​មាន​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ជាមួយ​គ្នា​កន្លង​មក​បាន​ល្អ​ប្រសើរ សំខាន់​ជួយ​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិស័យសេដ្ឋកិច្ច​ និង​ទេសចរណ៍​ និង​វិស័យ​អប់រំ​ដែល​មាន​សម្តេចព្រះ​មហា​ចក្រី ​សុ​រិ​ន​ថន ​ប្រទេស​ថៃ ​បាន​ជួយ​ជំរុញ​វិស័យ​អប់រំ​នេះ​ចំនួន​១៤​ឆ្នាំ​មក​ហើយ​នៅ​សាកលវិទ្យាល័យ​កំពង់​ឈើទាល​ក្នុង​ខេត្តកំពង់ធំ​ ដើម្បី​បណ្តុះបណ្តាល​កូន​ខ្មែរ​ឲ្យ​មានចំណេះ​ដឹង​បន្ថែម​ទៀត​តាម​បែប​សម័យ​ទំនើប​។​

លោក​បាន​បន្ថែម​ទៀត​ថា វិស័យ​កសិកម្ម​មាន​ក្រុមហ៊ុន​ថៃ​(Thaibev Group)​កំពុង​ចុះ​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ឋី​ នៅ​កំពង់សោម​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ដំណាំ​ចម្រុះ​ជាមួយ​គ្នា​ឲ្យ​កាន់តែ​មានគុណ​ភាព​និង​ប្រ​សិ​ទ្ធ​ភាព​បន្ថែម​ទៀត​ ហើយ​ក៏​មាន​ក្រុមហ៊ុន​ស្យ៉ា​ម​ស៊ិ​ធី​ (Siam City) ​បាន​មក​រួម​គ្នា​ចាប់ដៃ​គូជាមួយ​ក្រុមហ៊ុន​ជីប​ម៉ុង​ ដើម្បី​ផលិត​ស៊ីម៉ង់​ត៍​ក្នុង​ខេត្តកំពត​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើ​ថែម​ទៀត​ផង​ដែរ​។

​លោក​បាន​បញ្ជាក់​កម្មវិធី​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ទាំង​ពី​ប្រទេស​ថៃ​+​កម្ពុជា ​នឹង​ត្រូវ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ថៃ​នា​ថ្ងៃ​ទី​១៨-១៩​ ធ្នូ​ ​២០១៥​ខាង​មុខ​នេះ ​ដោយ​ជំរុញ​ពង្រឹង​សន្តិសុខ​ និង​មានការ​អភិវឌ្ឍន៍​តាម​ខ្សែបន្ទាត់​ព្រំដែន​រួម​គ្នា​ដែល​មាន​គំរោង​បើក​ច្រក​តំបន់​បន្ថែម​ទៀត​ចំនួន​៤​កន្លែង​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចង្អៀត​នៅ​ច្រក​អន្តរជាតិ​អរញ្ញ​+​ប៉ោយ​ប៉ែ​ត​ ដែល​កំពុង​តែ​មាន​សព្វ​ថ្ងៃនេះ​។​

លោក​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ខែ​កុ​ម្ភៈ ​​២០១៦​ខាង​មុខ​នេះ​ នឹង​មាន​ព្រះរាជ​ដំណើរ​ទស្ស​ន​កិច្ច​របស់​ម្ចាស់​ក្ស​ត្រី​មហា​ចក្រី សុ​រិ​ន​ថន ​មក​ក្នុង​ប្រទេស​កម្ពុជា​ តប​តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​អប់រំ វប្បធម៌​ និង​សុខមាលភាព​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​៕