ចោរ​វាយ​ប្លន់​ម៉ូតូ ជន​រង​គ្រោះ​ទៅ​ប្តឹង សមត្ថកិច្ច​ចោទ​ថា​ជា​រឿងប្រឌិត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​បងប្អូន​នាំ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​អោយ​ជួយ​អន្តរាគមន៍​ក្រោយ​ពី​គាត់​បាន​ដឹក​ជនសង្ស័យ​ម្នាក់​ទៅ​ដល់​កន្លែង​ស្ងាត់ ហើយ​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ។ ហេតុការណ៍​វាយ​ប្លន់​យក​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃ​ទី​៥ ធ្នូ​២០១៥ នៅ​ចំណុច​ផ្លូវលំ​ចូល​បុរី​រុងរឿង ភូមិ​ទួល​ពង្រ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ញ៉េ​ប គឹ​ម​សៀង អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​ភូមិ​ក្រាំង ឃុំ​ព្រៃ​ស្រឡឹង ស្រុក​ពារាំង ខេត្តព្រៃវែង ។

ប្រភព​ពី​បុរស​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មាន​កាំ​បន្ទះ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BF-6884 ដោយ​ដឹក​ជនសង្ស័យ​ម្នាក់​ចេញពី​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ដែល​មាន​ទីតាំង​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ គោលបំណង​ទៅ​បុរី​រុងរឿង ខណៈ​មក​ដល់​ចំណុច​ខាងលើ​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​បានអោយ​ឈប់​ម៉ូតូ រួច​ហុច​លុយ​អោយ​គាត់ លុះដល់​គាត់​បត់​ម៉ូតូ​បម្រុង​ជិះ​ចេញ​វិញ ស្រាប់តែ​ជនសង្ស័យ​លោត​មក​វាយ​គាត់​ពីក្រោយ ហើយ​ដណ្តើម​យក​ម៉ូតូ​ពី​គាត់​រួច​ជិះ​គេចខ្លួន​ដោយ​សុ​វត្តិភាព ។ ក្រោយ​កើតហេតុ​គាត់​បាន​ដើរមក​រក​ម៉ូតូឌុប​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ត្រូវ​បាន​បងប្អូន​ដឹក​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ ។

តាម​សំដី​បងប្អូន​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ក្រោយ​ពី​គាត់​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ស្រាប់តែ​ធ្វើ​អោយ​គាត់​អស់​ទឹកចិត្ត​នឹង​ចង់​ប្តឹង​ទៅ​វិញ ក្រោយ​ពី​បានឮ​សំដី​សមត្ថកិច្ច​សួរ​សំឡុត និង​ចង់​ចោទប្រកាន់​ថា​បងប្អូន​គាត់​ប្រឌិត​រឿង​ភូត​កុហក់​ទៅ​វិញ ទោះបី​ពួក​គាត់​បាន​ជូន​សមត្ថកិច្ច​ទៅ​ចង្អុល​ចំណុច​វាយ​ប្លន់​ខាងលើ​ក្តី ទាំងនេះ​ធ្វើ​អោយ​គាត់​ជា​ជន​រង​គ្រោះ​បាត់បង់​ទ្រព្យសម្បត្តិ​ហើយ បែរជា​ត្រូវ​សមត្ថកិច្ច​ចោទប្រកាន់​ថា ជា​រឿងប្រឌិត​ទៅ​វិញ ។

ក្នុង​ករណី​វាយ​ប្លន់​ខាងលើ​នេះ ទាំង​ជន​រង​គ្រោះ និង​បងប្អូន មានកា​អាក់អន់​ចិត្តជា​ពន្ធ​ពេក​ក្រោយ​ពី​បានឮ​សំដី​សមត្ថកិច្ច​និយាយ​បែប​នេះ ហើយ​បាន​ដាក់​ពាក្យបណ្តឹង​ចោល​ទាំង​មានការ​ថ្នាំងថ្នាក់​ក្នុង​ចិត្ត​ចំពោះ​សំដី​សមត្ថកិច្ច​ប៉ុស្តិ៍​ខាងលើ ៕