អាវ​រងា​ជជុះ​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​ណាស់​នៅ​តំបន់​ខ្ពង់រាប​មណ្ឌលគិរី

អាវ​រងា​ជជុះ​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​ណាស់​នៅ​តំបន់​ខ្ពង់រាប​មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាវ​រងា​ជជុះ​(​មួយ​ទឹក​) កំពុង​ត្រូវប៉ាន់​ខ្លាំង ខណៈ​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​ជាង​ពី​រស​ប្តា​ហ៍​មក​ហើយ ដោយ​សីតុណ្ហភាព​នៅ​ពេល​ថ្ងៃ​មាន​ត្រឹម​២៦​ទៅ​២៨​អង្សា និង​ពេល​យប់​ធ្លាក់​ចុះ​រហូត​ដល់​១៨​ទៅ​២២​អង្សា (​ក្នុង​ក្រុង​សែន​មនោ​រម្យ​) តែ​នៅ​កន្លែង​ខ្លះ​ដូច​ជា​ទីរួមស្រុក​អូរ​រាំង និង​ភ្នំ​ដាក់​ដាំ​ដែល​នៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម យប់​ខ្លះ​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​១៤​ទៅ​១៦​អង្សា​ឯណោះ ។ នេះ​បើ​យោង​ទៅ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​លើ​ឧបករណ៍​វាស់​សីតុណ្ហភាព ។

ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​កំពុង​ដណ្តើម​គ្នា​ល​អាវ​រងា​ប្រភេទ​ជជុះ​ដែល​គេ​តាំង​លក់​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា បានជា​ពួក​គាត់​ចាប់អារម្មណ៍​ទិញ​ខោអាវ​ជជុះ ព្រោះ​វា​មាន​តម្លៃ​សមរម្យ និង​ពាក់​ទៅ​មាន​ភាព​កក់ក្តៅ​ដូច​ខោអាវ​ដែល​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ៗ​ដែរ ។ ពួក​គាត់​បាន​បន្ត​ថា សម្រាប់​ខោអាវ​ប្រភេទ​ហ្នឹង​គេ​អាច​ទិញ​បាន​ចាប់ពី​តម្លៃ​មួយ​ម៉ឺន​រៀល​ឡើង​ទៅ ហើយ​តម្លៃ​ដែល​ថ្លៃ​បំផុត​អាច​មាន​ដល់​៤​ម៉ឺន​រៀល​ស្រប​ពេល​ដែល​ខោអាវ​រងា​ដែល​គេ​ដាក់​លក់​នៅ​តាម​ហាង​វិញ អាច​មាន​តម្លៃ​ចាប់ពី​៨​ម៉ឺន​រៀល​រហូត​ដល់​រាប់រយ​ដុល្លារ​។ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​សម្រេចចិត្ត​ទិញ​អាវ​ជជុះ​យក​ទៅ​ប្រើ ព្រោះ​រដូវរងា​ក៏​មាន​មិនសូវ​យូរ​ប៉ុន្មាន​ដែរ តែ​ពីរ​បី​ខែ​ផុត​ហើយ បើ​ខូច​ឆ្នាំ​ក្រោយ​ទិញ​ទៀត​មិនសូវ​ស្តាយ​ព្រោះ​តម្លៃ​ថោក​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ពួក​គាត់ ។

ចំណែក​អ្នក​ដែល​មាន​ជីវភាព​មធ្យម​មួយ​ចំនួន​បាន​គិត​ថា ការ​ទិញ​ខោអាវ​ជជុះ​មក​ប្រើប្រាស់​ពេល​ខ្លះ​អាច​បណ្តាល​ឲ្យ​ឆ្លង​រោគ​ផ្សេង​ៗ ព្រោះថា​ខោអាវ​ទាំងនោះ​ជា​របស់​គេ​ប្រើ​រួច​ហើយ និង​ត្រូវ​បាន​គេ​នាំ​ចូល​មក​ស្តុក​ទុក​រាប់​ខែ​ទម្រាំ​លក់​ចេញ មិនដឹង​ថា​ដាក់​ថ្នាំ​គីមី​ការពារ​អ្វីខ្លះ​ទេ ។ ទោះជា​យ៉ាងណា ពួក​គាត់​យល់​ស្រប​ថា បើសិនជា​យើង​ទិញ​ខោអាវ​ជជុះ​មក​ប្រើប្រាស់​គប្បី​ត្រូវ​សម្អាត​វា​ជា​មុន​សិន​ព្រោះ​ទឹកសាប៊ូ​ពិតជា​អាច​កាត់​បន្ថយ​នូវ​មេរោគ​ដែល​តោង​មក​ជាមួយ​ខោអាវ​ទាំងនោះ​។​ម្យ៉ាងវិញទៀត ខោអាវ​ជជុះ​ពិតជា​មាន​តម្លៃ​សមរម្យ​និង​អាច​បំបាត់​ភាព​រងា​ដូច​ខោអាវ​ថ្លៃ​ៗ​ដែរ ៕