កីឡាករ​​លើក​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ឪ​ សម្ដេច​ម៉ែមិន​បាន អាជ្ញា​កណ្តាល​ទាញ​ចេញ​

កីឡាករ​​លើក​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ឪ​ សម្ដេច​ម៉ែមិន​បាន អាជ្ញា​កណ្តាល​ទាញ​ចេញ​

អ្នក​ប្រដាល់​វ័យ​ក្មេង​​​របស់​កម្ពុជា​ឈ្មោះ ម៉ៅ ដាំដូច បាន​យក​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ​ និង​សម្តេច​ម៉ែ​ ព្រម​ទាំង​ទង់​ជាតិ​កម្ពុជា​លើ​​ក​នៅ​លើ​សង្វៀន​ប្រដាល់​អាស៊ី​អាគ្នេយ៍​ បន្ទាប់​បាន​ផ្តួល​កីឡាករ​ថៃ​​ឲ្យ​សន្លប់​ ប៉ុន្តែ​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​មិន​អនុញ្ញាត​ឲ្យ​កីឡាករកម្ពុជា​រូប​នេះ​​លើក​​​ព្រះ​ឆាយា​ល័ក្ខណ៍​សម្តេច​ឪ​ និង​សម្តេច​ម៉ែ​ឡើយ។

 

កីឡាករ​​លើក​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ឪ​ សម្ដេច​ម៉ែមិន​បាន អាជ្ញា​កណ្តាល​ទាញ​ចេញ​

 

ករណី​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ ខែ​ធ្នូ​នេះ​នៅ​សង្វៀន​ប្រដាល់​អាស៊ី​អាគ្នេយ៍​​ដោយ​លោក​អាជ្ញា​កណ្តាល​ត្រូវ​បាន​គេ​ស្គាល់​ថា អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ ឡុង វ៉ាន់ថន​ មិន​អនុញ្ញាត​ឲ្យ​កីឡាករ​កម្ពុជា​ ម៉ៅ ដាំដូច​ លើក​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​ និង​សម្តេច​ម៉ែ​នៅ​សង្វៀន​ឡើយ​ បន្ទាប់​ពី​កីឡាករ​កម្ពុជា​រូប​នេះ​បាន​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់។ លោក​អាជ្ញា​កណ្តាល​អនុញ្ញាត​ឲ្យ​លើក​ត្រឹម​តែ​ទង់​ជាតិ​កម្ពុជា​ប៉ុណ្ណោះ។

 

ការ​យក​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​ឪ​ និង​សម្តេច​ម៉ែ​របស់​កីឡាករ​រូប​នេះ​ទំនង​ជា​ចង់​បង្ហាញ​នូវ​សេចក្តី​គោរព​ស្រលាញ់​ និង​លើក​​កិត្យានុភាព​របស់​ព្រះ​មហា​ក្សត្រ។

 

ការ​លើ​ព្រះ​ឆាយាល័ក្ខណ៍​បែប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ស្ទើរ​គ្រប់​ទី​កន្លែង​នៃ​ព្រឹត្តិការណ៍​កីឡា​របស់​ប្រទេស​ថៃ​ដែល​តែង​តែ​យក​ព្រះ​ឆាយាល័ក្ខណ៍​​ស្តេច​របស់​ខ្លួន​លើក​បង្ហាញ​ជា​សាធារណៈ។ អ្វី​ដែល​ពិសេស​ទៀត​នោះ​ នៅ​ថៃ​ក៏​មាន​កម្មវិធី​ប្រដាល់​​មួយ​ឈ្មោះ​ Thai Fight ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​កម្មវិធី​ប្រដាល់​​​តំណាង​ព្រះ​មហាក្សត្រ​ថៃ​​​ ហើយ​រាល់​កីឡាករ​មុន​ឡើង​​សង្វៀន ​ត្រូវ​​គោរព​ថ្វាយ​បង្គំ​ព្រះ​ឆាយាល័ក្ខណ៏​ស្តេច​របស់​គេ​ជា​មុន​សិន។

 

ទោះ​យ៉ាង​ណា​ មិន​មាន​នរណា​ម្នាក់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​លោក​អាជ្ញា​កណ្តាល​ប្រដាល់​កម្ពុជា​រូប​នេះ​មិន​អនុញ្ញាត​ឲ្យ​លើក​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​