​​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​​​អំពាវនាវ​ពលរដ្ឋជូ​យ​សម្អាត​ផ្លូវ​ថ្នល់​ទាំង​អស់គ្នា​

ខេត្តកំពង់ឆ្នាំង​ ៖ ​​ការ​សម្អាត​​ផ្លូវ​ថ្នល់​​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ក្រៅពី​បុ​គ្ក​លិ​ក​អនាម័យ​របស់​មន្ទីរ​សាធារណការ​ខេត្ត  ​គឺ​ជា​តួនាទីរបស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​នានា​ផង​ដែរ ដែល​រស់នៅ​តាម​ដងផ្លូវ​នៅ​ក្នុង​ក្រុង​ ។

អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង និង​មន្ទី​សាធារណការ​ខេត្ត ​បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​ធ្វើអនាម័យ ​សម្អាត​ផ្លូវថ្នល់ និង​ជួយ​ទប់ស្កាត់​​កុំ​ឱ្យ​ជន​ខិត​ខូច​យក​​កាក​សំណល់​​សំរាម​មក​ចាក់ចោល​ក្នុង​លូ​ទឹក ដែល​នាំ​ឱ្យ​​ស្ទះ​ចរន្តទឹក​ហូរ ​និង​ជួយ​ការពារ​ផ្លូវថ្នល់​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​យើង​ទាំងអស់​គ្នា ​។

ថ្មី​ៗ​កន្លង​មកនេះ​ គេ​ពិនិត្យ​ឃើញ​មាន​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវថ្នល់  ​បាន​​ចោល​កាក​សំណល់​សំរាម​នៅ​ក្នុង​លូ​តាម​ផ្លូវថ្នល់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ចរន្ត​លូ​បង្ហូរទឹក​កកស្ទះ ជន់​លិច​ផ្លូវថ្នល់​នៅ​ក្នុងក្រុង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​​ម្តង​ៗ ​។ ​

​ដើម្បី​ជួយ​សម្អាត និង​ថែរក្សា​ការពារ​ផ្លូវថ្នល់​ដ៏​ស្អាត​ល្អ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ​ឱ្យ​​ប្រើប្រាស់​បានរឹងមាំ​ និង​បាន​យូរអង្វែង ​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​ទាំងអស់​គ្នា  អាជ្ញា​ធរ​ក្រុង​កំពង់ឆ្នាំង និង​មន្ទីរ​សាធា​រណការ​ខេត្ត សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​មេត្តា​ចូលរួម​​សម្អាត​ផ្លូវថ្នល់​តាម​មុខ​ផ្ទះ​ទាំងអស់​គ្នា និង​​កុំ​យក​សំរាមឬ​កាក​សំណល់​ផ្សេង​ៗ​មក​ចោល​នៅ​ក្នុង​លូ​ទឹកឱ្យ​​សោះ​ ។ ​នៅ​ក្នុងករណី​នេះ​ដែរ សូម​ប្រជាពលរដ្ឋ​​ចូលរួម​ទប់ស្កាត់ ដោយ​រាយការណ៍​ជូន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ដែល​នៅ​ជិត  ​​អ្នក​​ដែល​បាន​លួច​យក​សំរាម​ទៅ​ចោល​ក្នុង​លូ​ទឹក ដើម្បី​សមត្ថកិច្ច និង​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន​​​ចាប់ខ្លួន​មក​ផាកពិន័យឱ្យ​​ពួក​គេ​​ ។​

ដោយឡែក​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​នៅ​ជុំវិញ​ផ្សា​រលើ  ផ្សារ​ក្រោម​ ដែល​សុទ្ធតែ​ជា​កន្លែង​ភ្ញៀវ​ទេសចរ​​ចេញចូល​​កម្សាន្ត​ស្នើ​សុំ​អ្នកម៉ៅការ​ដឹក​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង មេត្តា​ជួយ​មក​ដឹក​យក​សំរាម​តាម​ទីផ្សារ និង​មុខ​ផ្ទះឱ្យ​​បាន​ទាន់​ពេលវេលា​ផង កុំ​ទុកឱ្យ​​នៅ​២-៣​ថ្ងៃ​បាន​មក​ដឹក​នោះ ដែល​ធ្វើ​ឱ្យ​សំរាម​ស្អុយរលួយ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព អ្នក​រស់នៅ​​ជុំវិញ​និង​ភ្ញៀវ​ទេសចរ​​ដែល​មក​លេង​កម្សាន្ត​​នៅ​ក្នុង​ទីក្រុង និង​ខេត្ត​​​ ៕