អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ចេញ​មុខ​ធានា​មូលនិធិ​បញ្ចប់​គម្រោង​សំណង់​អគារ​ខ្ពស់​បំផុត​លើ​ពិភពលោក

ក្រុមហ៊ុន​អភិវឌ្ឍន៍​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត (Saudi Developer) ដែល​ឈរ​នៅ​ពីក្រោយ​គម្រោង​សាងសង់​អគារ​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក បាន​បង្ហើប​ថា ខ្លួន​បាន​ធានា​នូវ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​បញ្ចប់​គម្រោង​សំណង់​ដ៏​មហាសាល​មួយ​នេះ ។

ចំណែក​ក្រុមហ៊ុន Kingdom Holding Co., គ្រប់គ្រង​ដោយ​មហាសេដ្ឋី ដែល​ជា​ស្តេច​អា​រ៉ា​ប៊ី សា​អូ​៊​ឌី​ត ព្រះ​អង្គ​ម្ចាស់ Alwaleed bin Talal មាន​ព្រះ​បន្ទូល​ថា ៖ «​សាខា​ក្រុមហ៊ុន​របស​ព្រះ​អង្គ Jeddah Economic Company បាន​ធ្វើ​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​ជាង​២​ប៊ី​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន Alinma Investment របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដើម្បី​បញ្ចប់​គម្រោង​អគារ​ខ្ពស់ Jeddah Tower ក្នុង​ទីក្រុង Red Sea » ។

ការ​ប្រសិទ្ធ​នាម​កាលពីមុន គឺ «Kingdom Tower» ដែល​ជា​អគារ​មាន​កម្ពស់​១៧០​ជាន់ នឹង​កើនឡើង​ដល់​ទៅ​ជាង​១​គីឡូម៉ែត្រ ដែល​មាន​ប្រវែង​វែង​ជាង​អគារ Burj Khalifa របស់​ក្រុង​ឌូ​បៃ និង​ជា​អគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។

តាម​សេចក្តីថ្លែងការណ៍​ឲ្យ​ដឹង​ថា ធនាគារ Alinma Bank នឹង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​មូលនិធិ​នេះ ដែល​ត្រូវ​គ្រប់គ្រង​ដោយ Alinma Investment ខណៈ​ក្រុមហ៊ុន Jeddah Economic Company នឹង​ក្លាយជា​ក្រុមហ៊ុន​អភិវឌ្ឍ​មេ​នៃ​គម្រោង​នេះ ។

ជាង​នេះ​ទៀត មូលនិធិ​ចំនួន​៨,៤​ប៊ី​លាន​រី​យ៉ា​ល់ ដែល​បាន​ព្រមព្រៀង​តាម​ច្បាប់​របស់ Islamic Sharia ក៏​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​ក្នុង​ដំណាក់កាល​ដំបូង​របស់ Jeddah Economic City ដែល​ជា​គម្រោង​ទីក្រុង​មួយ​ហ៊ុម​ព័ទ្ធ​អគារ​ខ្ពស់​នោះ​ក្នុង​តំបន់ Obhur ភាគ​ខាងជើង​របស់ Jeddah  ។

ព្រះ​អង្គ​ម្ចាស់ Alwaleed bin Talal បាន​មាន​ព្រះ​បន្ទូល​ថា ៖ «​អគារ​នេះ​នឹង​មាន​លក្ខណៈ​ជា​សណ្ឋាគារ ខុន​ដូ និង​ការិយាល័យ​សម្រាប់​ប្រកួតប្រជែង​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​» ។ ជាមួយ​គ្នា​នេះ​ដែរ ជាន់​ទី​៤​នៃ​អគារ​នោះ ក៏​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​រួចរាល់​ហើយ​ដែរ ៕