លោក សម រង្ស៊ី​៖ ការ​កម្ចាត់​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា គឺជា​ការឈានទៅរករ​បប​បក្ស​តែមួយ​


​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​គូសបញ្ជាក់ថា កម្ចាត់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុ​ជាំ គឺជា​ការឈានទៅរករ​បប​បក្ស​តែមួយ ពោលគឺ​សម័យមុន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ។

នៅក្នុង​សំណេរ​ដ៏​វែង ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​៥​ខែធ្នូ ប្រធាន​ម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា​រូបនេះ បានសរសេរថា​៖«​កាលពី​ថ្ងៃ​១៦​វិច្ឆិកា ឆ្នាំ​២០១៥ ខ្ញុំ​ត្រូវបាន​គេ​បណ្តេញ​ចេញពី​រដ្ឋសភា ក្នុងឋានៈ​ជា​មេបក្ស​ប្រឆាំង​តែមួយ​ក្នុង​រដ្ឋសភា ហើយ​ការបណ្តេញ​នេះ ធ្វើឡើង​ដោយ​សហការី​ខ្ញុំ​ជា​តំណាងរាស្ត្រ​ដូចគ្នា​មកពី​គណបក្សកាន់អំណាច​»​។ សហការី​ដែល​លោក​បន្តថា​៖« វិធានការ​បែបនេះ​នាំមក​នូវ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ ពីព្រោះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ឈានទៅរក​របប​បក្ស​តែមួយ ដូច​កាលពី​សម័យ​សង្គ្រាម​ត្រជាក់ គឺ​សម័យមុន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១» ។​

នៅក្នុង​សំណេរ​ដដែល​នោះ លោក សម រង្ស៊ី បាន​បន្ត​រិះគន់ថា អាជ្ញាធរ​កម្ពុជា​បច្ចុប្បន្ន ប្រើប្រាស់​ប្រព័ន្ធតុលាការ​ជា​ឧបករណ៍​នយោបាយ ដើម្បី​រក​លេស​អនុវត្តន៍​វិធានការ ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​។​

លោក បាន​សរសេរ​រៀបរាប់​ពី ការរារាំង​ធ្វើទុក្ខបុកម្នេញ​លើ​រូបលោក ជា​បន្តបន្ទាប់​តាមរយៈ​ប្រព័ន្ធតុលាការ​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​។ លោក បញ្ជាក់ថា ក្នុង​រយៈពេល​២០​មកនេះ លោក​ត្រូវបាន​គេ​បណ្តេញ​ចេញពី​រដ្ឋសភា​៤​លើក​មកហើយ​។ លោក​ថា​៖«​នេះ​ជា​លើក​ទី​៤​ហើយ ក្នុង​រយៈពេល​២០​ឆ្នាំកន្លងមក ដែល​ខ្ញុំ​ត្រូវបាន​គេ​បណ្តេញ​ចេញពី​រដ្ឋសភា ដោយសារតែ​ខ្ញុំ​ជា​អ្នកជំទាស់​ម្នាក់ (១៩៩៥) ឬ​ជា​មេបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា​(២០០៥, ២០១១ និង ២០១៥)»​។ លោក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានចាត់ទុក​ទង្វើ​ទាំងអស់នេះ ថា​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ និង​ជាការ​រំលោភច្បាប់​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ច្បាប់រដ្ឋធម្មនុញ្ញ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​