CNRP៖ ប្រកាន់​ជំហរ​ពិភាក្សា​ រក​បញ្ហាពិត​ និង​ដំណោះស្រាយ​ រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆំាង បានប្រកាសជំហរថា បានពិភាក្សារកបញ្ហាពិត និងរកដំណោះស្រាយរួមគ្នា ដើម្បីជាតិទំាងអស់គ្នា គឺមិនដូចជាការលើកឡើង របស់មតិមួយចំនួនថា មេបក្សប្រឆាំងកំសាកនិងបែកបាកគ្នា។  

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកនំាពាក្យតំណាងក្រុម តំណាងរាស្ត្រភាគតិច ក្នុងសភា បានឲ្យដឹងថា ក្រុមដឹកនាំ គណបក្សសង្រ្គោះជាតិ មានគោលបំណងរួមជាក់លាក់ រួមផ្សំជាមួយនឹងបុគ្គលិកលក្ខណៈសីលធម៌របស់អ្នកដឹកនាំ ពោលគឺមានសុចរិតភាពថ្លៃថ្នូរ ជជែកពិភាក្សាលើបញ្ហាពិត រកដំណោះស្រាយល្អៗ ក្នុងប្រព័ន្ធគ្រប់គ្រងមួយ ដែលមានប្រសិទ្ធភាព គឺជាការចាំបាច់ជាទីបំផុត។

លោកថាផ្ទុយទៅវិញ ការដែលមានគំនិតនិយាយដើម អុជអាល សម្លុត គម្រាមកំហែងមន្ត្រីក្រោមឱវាទ ដែលនាំមកនូវភាពអវិជ្ជមានក្នុងការគ្រប់គ្រង និងការដឹកនាំ របស់គណបក្ស ដែលបុគ្គលម្នាក់ៗតែងតែដឹងថា «គ្មាននរណាដឹងខ្លួនឯងជាងខ្លួនឯងនោះទេ»ត្រូវកែលម្អជាបន្ទាន់។

លោកគូរបញ្ជាក់ថា ការចូលរួមយ៉ាង សស្រាក់សស្រាំរបស់ក្រុមដឹកនាំ គណបក្សសង្រ្គោះជាតិ ដោយមិនមើលបំណាំ ចាំចាប់កំហុស ហើយនិយាយការពិត ផ្តល់ព័ត៌មានពិត ស្តីពីសកម្មភាពការងារ ការអនុវត្តន៍ផែនការជោគជ័យ ឬបរាជ័យ បញ្ហាប្រឈម ភាពអសកម្ម ដែលគេនិយមនិយាយថា «ការទទួលស្គាល់ការពិត គឺជាចំណុចវិជ្ជមាន មួយសំខាន់បំផុតសម្រាប់ក្រុមដឹកនាំ»។

លោកគូរបញ្ជាក់ថា«គណបក្សសង្រ្គោះជាតិ បន្តអនុវត្តផែនការសកម្មភាព ក្នុងការបណ្តុះបណ្តាល ក្រុមដឹកនាំ យុវជនអង់អាចបន្តវេន ស្រ្តីក្លាហាន ដែលជាចលករមួយ យ៉ាងសំខាន់ក្នុងការចូលរួមធ្វើកំណែទម្រង់ ដ៏មានប្រសិទ្ធភាព ពីមូលដ្ឋានភូមិឃុំយើង»៕

CNRP៖ ប្រកាន់​ជំហរ​ពិភាក្សា​ រក​បញ្ហាពិត​ និង​ដំណោះស្រាយ​ រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​