ប្រមុខការទូត ៖ កម្ពុជាមិនស្លាប់ ទេបើទោះបីជាមាន ឬគ្មានជំនួយបរទេស ក៏ដោយ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការបរទេស កម្ពុជា លោក ហោ ណាំហុង បានលើក ឡើងថា កម្ពុជាមានការអភិវឌ្ឍ ទៅមុខជានិច្ចគ្មានការថយក្រោយនោះឡើយបើទោះបីជាមាន ឬគ្មាន ជំនួយពីរបរទេសក៏ដោយនោះ ហើយថា អ្វីដែលកម្ពុជាធ្វើនាពេលបច្ចុប្បន្ននេះ គឺស្របទៅតាមរដ្ឋ ធម្មនុញ្ញរបស់ខ្លួនតែប៉ុណ្ណោះ។

ការលើកឡើងរបស់ប្រមុខការទូតរូបនេះ គឺបានធ្វើឡើង ក្រោយពីសភាសហភាពអឺរ៉ុប បានព្រមានកាត់ ជំនួយពីកម្ពុជា ជាង៤៥០លានដុល្លារអាមេរិក ដោយសារតែករណីតុលាការចេញដីការចាប់ខ្លួនលោក សម រង្ស៊ីប្រធានគណបក្សប្រឆាំង កាលពីកន្លងទៅនេះពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ និងញុះញង់ឲ្យមាន ការរើសអើងជាដើមនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពី ជួបសំណេះសំណាល និងចែកអំណោយដល់កុមារគរថ្លង់ នៅសាលាគ្រួសារថ្មីនៅខណ្ឌសែន សុខ រាជធានីភ្នំពេញនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥នេះ លោកហោ ណាំហុងបានលើកឡើងថា បើទោះបីជាសភាអឺរ៉ុប ឬសភាអាមេរិកកាត់ជំនួយពីខ្មែរក៏ដោយ ក៏ខ្មែរ គ្មានការថយក្រោយនោះឡើយ ពោលគឺរីកចំរើនទៅមុខជានិច្ច។

លោកបានសង្កត់ធ្ងន់ថា”ខ្ញុំជឿថា ប្រទេសជាតិយើង នឹងកាន់តែឈានទៅមុខ។ ទោះបីជាមាន ឬគ្មានជំនួយក៏យើងនៅតែទៅមុខ។ សូមប្រជាពលរដ្ឋយើងទាំងអស់ជឿថាកម្ពុជាពីថ្ងៃនេះ តទៅតែងតែ ទៅមុខអត់មានការថយក្រោយនោះទេ”។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ លោក ហោ ណាំហុង បាន បញ្ជាក់ថា ការព្រមានដកជំនួយពីកម្ពុជារបស់សភាអឺរ៉ុបនោះ គឺមិនទានសម្រេចជាផ្លូវការនោះឡើយ។

ដោយឡែងទាក់ទងនឹងញ្ញត្តិរបស់សភាសហរដ្ឋអាមេរិក អំពាវនាវឲ្យកម្ពុជាឲ្យលើកឡែង ការចោទ ប្រកាន់ពីលោក សម រង្ស៊ី ដោយគ្មានលក្ខខណ្ឌនោះ ត្រូវបានប្រមុខការទូតរូបនេះលើកឡើងថា វាជាសិទ្ធិរបស់អាមេរិក ប៉ុន្តែអ្វីគ្រប់យ៉ាងដែលកម្ពុជាធ្វើនោះ គឺស្រប់ទៅតាមច្បាប់កំពូលរបស់កម្ពុជា តែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា”ការធ្វើអ្វីជាសិទ្ធិរបស់គេ..... ហើយយើងធ្វើអ្វីជាសិទ្ធិរបស់យើង ស្រប់តាម រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិយើង។ ស្រប់តាមច្បាប់ដែលបានអនុម័តសភាយើង ដែលបានចុះហត្ថលេខាដោយព្រះករុណាព្រះមហាក្សត្រយើង។ ដូច្នេះអ្នកណានិយាយអីធ្វើអីជាសិទ្ធិ របស់គេតែកម្ពុជាយើងជារដ្ឋឯករាជ្យអធិបតេយ្យ យើងត្រូវតែបន្តពង្រឹងនីតិរដ្ឋរបស់យើងជានិច្ច”។

សូមរំលឹកថា កាលពីថ្ងៃទី៣ កន្លងទៅនេះសមាជិកសភាសហរដ្ឋអាមេរិកមួយក្តាប់តូច បានធ្វើលិខិត មួយមកកម្ពុជាដើម្បី អំពាវនាវដល់រដ្ឋាភិបាល ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះលោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំង។ ដោយលិខិតនោះបានលើកឡើងថា”បញ្ឈប់នូវការធ្វើបាប និងធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយបក្សប្រឆាំង ពិសេសត្រូវលុបចោលដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី ហើយប្រគល់សមាជិកភាពជាតំណាងរាស្ត្រឲ្យលោក សម រង្ស៊ី វិញ”។

លិខិតរបស់សមាជិក ប៉ុន្មាននាក់របស់សហរដ្ឋអាមេរិកនោះបានបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជា ក៏ត្រូវបញ្ចប់ការប្រើប្រាស់រាល់ទម្រង់ហិង្សានយោបាយលើបក្សប្រឆាំង និងបង្កើតបរិយាកាសល្អប្រសើរដើម្បីធ្វើឲ្យប្រជាធិបតេយ្យរីកលូតលាស់ នៅកម្ពុជាផងដែរ។ តែយ៉ាងណាក៏កម្ពុជាបានអះអាងថា ខ្លួនធ្វើអ្វីគឺស្រប់ទៅ តាមរដ្ឋធម្មនុញ្ញរបស់ខ្លួនតែប៉ុណ្ណោះមិនមានការជ្រាត់ជ្រែកពី ខាងក្រៅនោះឡើយ ហើយមួយវិញទៀតទាក់ទងនឹងសំណុំរៀងលោក សម រង្ស៊ី នេះគឺជារឿងបុគ្គលតែប៉ុណ្ណោះ មិនមានការ បញ្ជាពីរាជរដ្ឋាភិបាលនោះទេ៕

ប្រមុខការទូត ៖ កម្ពុជាមិនស្លាប់ ទេបើទោះបីជាមាន ឬគ្មានជំនួយបរទេស ក៏ដោយ