ដី​រដ្ឋ​សម្រាប់​សាងសង់​លំនៅ​ឋាន​តម្លៃ​ធូរ​ថ្លៃ ត្រូវ​បាន​ជ្រើសរើស​រួចរាល់​ហើយ

ប្រទេស​ថៃ ៖ នាយកដ្ឋាន​រតនា​ជាតិ​បាន​សម្រេច​ជ្រើសរើស​ក្បាលដី​រដ្ឋ​ចំនួន​៧៦​ប្លង់​មាន​៥០០០​ពាន់​រៃ ដែល​រាប់​បញ្ចូល​៤​រៃ​នៅ​ក្នុង​ក្រុង​បាងកក ត្រូវ​គេ​អភិវឌ្ឍន៍​ទៅ​ជា​លំនៅ​ឋាន​មាន​តម្លៃ​ធូរ​ថ្លៃ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អគ្គនាយក​នៃ​អគ្គ​នាយ​ដ្ឋា​ន​រតនាគារ​ជាតិ លោក Chakkrit Parapantakul មាន​ប្រសាសន៍​ថា ៖ «​ស្ទើរតែ​គ្រប់​ក្បាលដី​ដែល​មាន​សក្តានុពល​ទាំងអស់ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ខ្ពស់​រាប​» ។

ក្បាលដី​តាម​ការ​ស្នើ​នៅ​ក្នុង​ទីក្រុង​បាងកក​គឺជា​ផ្នែក​មួយ​នៃ​អង្គភាព​ដឹក​ជញ្ជូន​ល្បឿន​លឿន​របស់​ថៃ ក្នុង​សង្កាត់ Chatuchak ។

លោក​អគ្គនាយក​នៃ​អគ្គ​នាយ​ដ្ឋា​ន​រតនាគារ​ជាតិ​បន្ត​ថា ៖ «​មាន​ក្បាលដី​៨ ឬ​៩​ប្លង់​នៅ​ក្នុង​គម្រោង Greater Bangkok ដែល​ស្ថិត​នៅ​ខាងក្រៅ​ទីក្រុង ។ តំបន់​ដែល​គេ​ស្នើ​ជ្រើសរើស​ពី​ក្បាលដី​ចំនួន​៥០០​ប្លង់​នោះ គឺ​ស្ថិត​ក្រោម​សេចក្តីសម្រេច​របស់​ក្រសួង​ហិរញ្ញវត្ថុ និង​ការិយាល័យ​គោលនយោបាយ​សារពើពន្ធ (FPO) » ។

លោក​បញ្ជាក់​ថា ៖ «​នាយកដ្ឋាន​របស់​លោក​បាន​ដាក់​សំណើ​លើ​តំបន់​មាន​សក្តានុពល​ទាំងនោះ​រួចរាល់​ហើយ ហើយ​មិន​ទាន់​មានការ​សម្រេច​ពី​ការិយាល័យ​គោល​នយោបាយ​សារពើពន្ធ​ចំពោះ​គម្រោង​លម្អិត និង​កិច្ចសន្យាជួល​នោះ​ទេ​» ។

គោលការណ៍​លំនៅ​ឋាន​មាន​តម្លៃ​ធូរ​ថ្លៃ មាន​ន័យ​ថា នឹង​អនុញ្ញាត​ឲ្យ​អ្នករក​ប្រាក់​ចំណូល​បាន​តិច​អាច​លៃលក​ជួល​ផ្ទះ​នោះ​បាន​រយៈពេល​៣០​ឆ្នាំ ក្នុង​តម្លៃ​៥០​ម៉ឺន​បាត ឬ​តិច​ជាង​នេះ ។

រដ្ឋាភិបាល​គ្រោង​នឹង​ចូល​ទៅ​កៀក​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឯកជន​ដែល​បាន​វិនិយោគ​គម្រោង​ទាំងនោះ ក្រោម​គោលការណ៍​សាជីវកម្ម​ទំនួល​ខុស​ត្រូវ​សង្គម។
ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ថ្លែង​ថា ៖ «​រដ្ឋាភិបាល​នឹង​លៃលក​ថវិកា​ដោយឡែក​ចំនួន​១០០​ប៊ី​លាន​បាត​ដើម្បី​សាងសង់​លំនៅ​ឋាន​មាន​តម្លៃ​ធូរ​ថ្លៃ​ឲ្យ​បាន​ជាង​១០​ម៉ឺន​ខ្នង សម្រាប់​ក្រុម​គ្រួសារ​ទាំងឡាយ​ណា​ដែល​រក​ប្រាក់​ចំណូល​បាន​តិច​ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយ​» ។

លោក Chakkrit Parapantakul ក៏​លើក​ឡើង​ដែរ​ថា ៖ «​នាយកដ្ឋាន​របស់​លោក​គ្រោង​គិត​តម្លៃ​ពី​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ទាំងនោះ​ចំនួន​៥០​សេន​បាត​ក្នុង​យូ​នី​ត​សម្រាប់​រយៈពេល​១​ឆ្នាំ ឬ​ស្មើនឹង​២០០​បាត​ក្នុង​មួយ​រៃ​សម្រាប់​ការ​ជួល​ដី​រដ្ឋ​ក្នុង​ទីក្រុង​បាងកក និង​២៥​សេន​បាត​ក្នុង​មួយ​យូ​នី​ត​រយៈពេល​មួយ​ឆ្នាំ ឬ​១០០​បាត​ក្នុង​មួយ​រៃ​នៅ​តំបន់​ខ្ពង់រាប​។ រីឯ​អំឡុង​ពេល​ជួល គឺ​មាន​រយៈពេល​៣០​ឆ្នាំ ប៉ុន្តែ​អាច​បន្ត​បាន​រហូត​ដល់​៥០​ឆ្នាំ ឬ​៩០​ឆ្នាំ ប្រសិនជា​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​» ។

ដោយសារ​តម្លៃ​ជួល​ធូរ​ថ្លៃ បាន​ធ្វើ​ឲ្យ​គម្រោង​នេះ​អាច​ស្ថិតស្ថេរ​ទៅ​តាម​សេដ្ឋកិច្ច ។ ក្បាលដី​ដែល​បាន​ស្នើ​រួច​មក​ហើយ​នោះ ត្រូវ​បាន​បែងចែក​ជា​បី​ថ្នាក់​គឺ ៖ ១-​កម្រិត A ជា​ដី​ដែល​មាន​សក្តានុពល​ខ្ពស់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ ២-​កម្រិត B គឺជា​ក្បាលដី​ដែល​មិន​ទាន់​សម្រេច​ប្រគល់​ឲ្យ​ទៅ​ទី​ភា្ន​ក់​ងារ​រដ្ឋ​ណាមួយ​ទេ និង​៣-​កម្រិត C គឺ​ត្រូវ​បាន​ជួល​រួចរាល់​ហើយ​ដែរ ។

លោក Chakkrit Parapantakul ជឿជាក់​ថា ៖ «​ការ​អភិវឌ្ឍ​ក្បាលដី​កម្រិត B នឹង​គ្មាន​បញ្ហា​អ្វី​ឡើយ ស្រប​ពេល​ដែល​គម្រោង​លំនៅ​ឋាន​តម្លៃ​ធូរ​ថ្លៃ គឺជា​គោលនយោបាយ​របស់​រដ្ឋាភិបាល ហើយ​ដី​នេះ​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​ទេ ។ លើស​ពី​នេះ​ទៀត នាយកដ្ឋាន​គ្រោង​នឹង​ផ្តល់​នូវ​ជម្រើស​ក្នុង​ការ​ផ្លាស់​ប្តូរ​ថ្មី និង​ការ​ជួល​ដែល​អាច​ផ្ទេរ​ឈ្មោះ​បាន​ផង​ដែរ​» ។

នាយកដ្ឋាន​រតនាគារ​ជាតិ ក៏​នឹង​បង្កើន​ល្បឿន​គម្រោង​អភិវឌ្ឍន៍​ចំនួន​២​ផង​ដែរ ដែល​ស្ថិត​ក្នុង​តំបន់ Makkasan និង Mor Chit នៃ​ក្រុង​បាងកក ៕