លោក អ៊ុក ស៊ុយ អតីត​មន្រ្តី​បក្សប្រឆាំង​ នឹង​អាច​ទទួល​តំណែង​ ជាអគ្គលេខាធិការ​ បក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ (មានសំឡេង)

ភ្នំពេញ៖ នេះជាប្រភពច្បាស់ការណ៍ពី លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ លោកថាដល់ថ្ងៃសមាជជាថ្មីម្តងទៀត នឹងដឹងកាន់តែច្បាស់ ហើយអ្វីៗអាចនៅដូចដើមឬមានការផ្លាស់ប្តូរ។ នៅថ្ងៃទី១២ធ្នូខាងមុខនេះ គណបក្សរបស់ លោក ម៉ម សូណងដូ នឹងធ្វើសមាជវិសាមញ្ញមួយ ដើម្បីបោសសំអាតទាក់ទងទៅនឹងគណៈកម្មាអចិន្រ្តៃ គណៈកម្មាសន្និបាត និងត្រូវការរៀបចំឡើងវិញទាំងអស់។ នឹងមានការបញ្ជូលសមាសភាពថ្មី ប៉ុន្តែប្រធាននៅដដែល។ អនុប្រធានពីមុនមាន២នាក់ ធ្វើសមាជលើកក្រោយនេះ យកតែម្នាក់ទេ គឺលោកហារី សំអាត។ ចំណែកឯលោកហៀង រិទ្ឋិ ជាអតីតអនុប្រធានបក្សនេះ ត្រូវបានដកចេញជាស្វ័យប្រវត្ថិ។

លោកម៉ម សូណងដូ បញ្ជាក់ថា អគ្គលេខាធិការបក្សកាលពីមុន គឺ លោក ញ៉ែម វណ្ណថន ត្រូវប្តូរចេញអាលូវត្រូវទុកកន្លែងនឹងអោយអ្នកថ្មីវិញ។ លោកម៉ម សូណងដូ មិនបានបញ្ជាក់ចំៗថា លោកអ៊ុក ស៊ុយ នឹងកាន់តំណែងនេះទេ ប៉ុន្តែគេដឹងថា អ្នកទើបចូលថ្មីគឺលោកអ៊ុក ស៊ុយ។ លោក អ៊ុក ស៊ុយ ធ្លាប់ទទួលបានតំណែងជាអគ្គលេខាធិការង នៃគណបក្សសិទ្ធិមនុស្ស មុនពេលមកចូលរួមជាមួយបក្សសង្គ្រោះជាតិ។

កាលពីថ្ងៃទី៣ធ្នូ លោកអ៊ុក ស៊ុយ អតីតសមាជិកគណៈកម្មាធិការនាយក និងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មរបស់គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែងចេញពីគណបក្សប្រឆាំង ដោយចោទប្រកាន់ថា បក្សនេះមានបក្សពួកនិយម និងភាពអយុត្តិធម៌កើនមានច្រើន។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបកស្រាយ បន្ថែមពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននៅឡើយទេ ដោយហៅចូលមិនមាន អ្នកទទួលទូរសព្ទ័។កាលពីចុងឆ្នាំ២០១៤ អតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិលោកស្រី ឡាក់ សុភាព ក៏ធ្លាប់ចោទប្រកាន់ថ្នាក់ដឹកនាំគណបក្សប្រឆាំងដែរថា បានប្រព្រឹត្តអំពើពុករលួយ និងកំពុងបែកបាក់ផ្ទៃក្នុងទាំងក្នុងនិងក្រៅប្រទេស។ នៅពេលនោះ គណបក្សសង្គ្រោះជាតិ បានសម្រេចដកលោកស្រីចេញពីគណបក្ស។  ក្រោយមកលោកស្រី ឡាក់ សុភាព ក៏បានបង្កើតគណបក្ស ដោយខ្លួនឯងមួយ ដែលមានឈ្មោះថាគណបក្សខ្មែរសាមគ្គី៕

លោក អ៊ុក ស៊ុយ អតីត​មន្រ្តី​បក្សប្រឆាំង​ នឹង​អាច​ទទួល​តំណែង​ ជាអគ្គលេខាធិការ​ បក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ (មានសំឡេង)