កាកបាទក្រហមកម្ពុជា​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ជាង​២​ពាន់​គ្រួសារ​ក្នុង​ខណ្ឌដង្កោ

រាជ​ធានី​ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា​ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៥ ​ធ្នូ ​​២០១៥ បាន​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ចំនួន​២.៥២០​គ្រួសារ​ដែល​ជា​គ្រួសារ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ ជន​ពិការ កុមារ​កំព្រា គ្រួសារ​ទីទ័ល​ក្រ ​និង​ចាស់ជរា​គ្មាន​ទីពឹង​មក​ពី​១៣​សង្កាត់​ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ទាំង​១២​បាន​ខិតខំ​ប្រឹងប្រែង​បំពេញបេសកកម្ម​មនុស្សធម៌​របស់​ខ្លួន​កាន់តែ​សកម្ម ជួយ​ដល់​ជន​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ ជា​ពិសេស​ជន​ពិការ ចាស់ជរា ទុរគត​ជន កុមារ​កំព្រា​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

លោក​អភិបាល​បាន​បញ្ជាក់​ថា វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នា​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ចលនា​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​នៅ​ទូ​ទាំង​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​អ្នក​ស្ម័គ្រចិត្ត​ពិភពលោក​៥​ធ្នូ​ផង​ដែរ​។

អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ទាំងអស់​បាន​នឹង​កំពុង​បំពេញ​សកម្មភាព​របស់​ខ្លួន​យ៉ាង​សកម្ម​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដូច​ជា​ទូ​ទាំង​ពិភពលោក​ទាំងមូល​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ ​និង​ជន​ងាយ​រង​គ្រោះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​ប្រសិទ្ធភាព​ខ្ពស់​។

គួ​បញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​ប្រគល់​ជូនប្រជាពលរដ្ឋ​នា​ពេល​នោះ ក្នុង​មួយ​គ្រួសារ​ៗ ទទួល​បាន​អង្ករ​៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ឃី​ត​១​កញ្ចប់ (​សារុង មុង ភួយ ក្រមា​)​ទឹក​សុទ្ធ​ពីរ​ដប នំ​បុ័ង​បាក់​យ៉ុ​ង​១​ដើម ​និង​ថវិកា​២​ម៉ឺន​រៀល ដោយឡែក​ក្រណាត់​ស​១​ដុំ និង​ថវិកា​ចំនួន​១​ម៉ឺន​រៀល​បន្ថែម​ទៀត​ជា​អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​៕ ​