ភ្ញាក់ផ្អើលថាមានសារធាតុញៀន​ឬគីមី៦២កេស​នៅស្រុកគងពិសីនោះ​ ការពិតជាថ្នំាជក់​ខូចគុណភាព​ដែលក្រុមហ៊ុន​យកទៅដុតចោល

ខេត្តកំពង់ស្ពឺ៖ ​ទីបំផុតទៅបន្ទាប់ពី​គេហទំព័រកោះសន្តិភាព​បានផ្សាយព័ត៌មានជំហាន​ដំបូងកាលពីព្រឹកមិញថា​មានកាកសំណល់៦២កេស ​ត្រូវជនមិនស្គាល់​អត្តសញ្ញាណ​យក​ទៅ​ទម្លាក់ចោលនៅ​ក្នុងដីឡូតិ៍មួយកន្លែង​ស្ថិតនៅក្នុងភូមិជៃតាកូន​ ឃុំរកាកោះ ស្រុកគងពិសីនោះ ​តាមពិតជាកាកថ្នំា​ជក់ខូចគុណភាពដែលក្រុមហ៊ុន ​យំាងស៊ីងម៉ៅ ដឹកពីភ្នំពេញយក​ទៅកម្ទេចចោល ។

សូមបញ្ជាក់ថា ​ក្រោយពីទទួលបាន​ព័ត៌មានពីអ្នកភូមិនិងសមត្ចកិច្ចមូលដ្ឋាន​ទាក់ទងទៅនឹងព័ត៌មានខាងលើ ​ដែលដំបូងឡើយត្រូវ​សមត្ថកិច្ចនិងមជ្ឈដ្ឋាន​មួយចំនួនសន្និដ្ឋាន​ជំហានដំបូង​ថាជាសារធាតុញៀន ឬ​ គីមី​ ​និងបានទទួលបទ​បញ្ជាពីលោកអគ្គស្នងការ​នគរបាលជាតិ ​នេត សាវឿន​​នោះ ​នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ​ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ​ អគ្គស្នងការរងនគរបាលជាតិ​និងជាអគ្គលេខាធិការងនៃ​អាជ្ញាធរជាតិប្រយុទ្ឋប្រឆាំង​គ្រឿងញៀនបានដឹកនំាកម្លំាង​មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការ​​ជាមួយនគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ចុះពិនិត្យស្រាវជ្រាវ​ ហើយជាលទ្ឋផលគឺ​កាកសំណល់៦២កេស​នោះជាថ្នំាជក់ដែលក្រុមហ៊ុន​ខាងលើ​ដឹកពីភ្នំពេញ​យក​ទៅដុតកម្ទេចចោល ​មិនមែនដឹកពី​ប្រទេសអាហ្វ្រិក​ដូចព័ត៌មាន​ជំហានដំបូង ឬពាក្យចចាមអារ៉ាម​នោះទេ៕