ក្រុម​បូ​កូ​ហា​រ៉ា​ម​វាយប្រហារ​អត្តឃាត​3​នៅ​តំបន់​បឹង​ឆា​ដ​ស្លាប់​30​នាក់

រដ្ឋាភិបាល​ឆាយ​រាយការណ៍​ថា មនុស្ស​២៧​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ជាង​៨០​នាក់​រង​របួស​ដោយសារ​ការ​វាយប្រហារ​អត្តឃាត​៣​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម កាលពី​ថ្ងៃ​ទី​៥ ធ្នូ ក្នុង​ផ្សារ​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឆា​ដ ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឆា​ដ លោក​ហា​សាន់ ស៊ី​ល​ឡា​បា​ការី រៀបរាប់​ថា ការ​វាយប្រហារ​អត្តឃាត​ទាំង​៣​នោះ​របស់​ជន​អត្តឃាត​៣​នាក់​កើត​មាន​នា​ថ្ងៃ​ទី​៥ ធ្នូ នៅ​ក្នុង​ផ្សារ KOULFOUS តំបន់​បឹង​ឆា​ដ បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​២៧​នាក់ ក្រៅពី​ពួក​អ្នក​វាយប្រហារ ហើយ​មនុស្ស​ជាង​៨០​នាក់​រង​របួស​នៅ​លើ​កោះ​នៃ​បឹង​ឆា​ដ ។ រដ្ឋាភិបាល​បាន​បញ្ជូន​រដ្ឋមន្ត្រី​សុខាភិបាល ព្រមទាំង​ក្រុម​គ្រូពេទ្យ​មួយ​មក​កាន់​កន្លែង​វាយប្រហារ ដើម្បី​ជួយ​ព្យាបាល​ពួក​អ្នក​របួស ហើយ​ចំពោះ​ពួក​អ្នក​របួសធ្ងន់​បញ្ជូន​មក​មន្ទីរពេទ្យ ។ មក​ទាល់​ពេល​នេះ​សភាពការណ៍​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ហើយ​អ្នកនាំពាក្យ​រូប​នេះ​អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ប្រឈម​មុខ​ចំពោះ​រាល់​សកម្មភាព​ភេរវកម្ម ។

តំបន់​បឹង​ឆា​ដ​តែង​រង​ការ​វាយប្រហារ​ជាប់​រដឹក​ពី​សំណាក់​ក្រុម​ភេរវកម្ម​បូ​កូ​ហា​រ៉ា​ម ។ កាលពី​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៥ ការ​វាយប្រហារ​ភេរវកម្ម​នានា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤១​នាក់ និង​របួស​៤៨​នាក់ ក្នុង​ផ្សារ BAGA SOLA ជាទី​ក្រុង​ធំ​ទី​២​នៅ​តំបន់​បឹង​ឆា​ដ ដែល​មាន​ជនភៀសខ្លួន​អាល់​ហ្សេ​និង​នី​ហ្សេ​រី​យ៉ា​ប្រមាណ​ជា​៦.០០០​នាក់ ។

ការ​វាយប្រហារ​ទាំងនេះ​ញ៉ាំង​ឱ្យ​រដ្ឋាភិបាល​ឆា​ដ​ចេញ​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា នូវ​ការ​ប្រកាស​អាសន្ន​ក្នុង​តំបន់​នេះ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​កា​មេ​រ៉ូ​ន នី​ហ្សេ និង​នី​ហ្សេ​រី​យ៉ា ។ តំបន់​នេះ​នៅ​តែ​ជា​ច្រកចេញ​-​ចូល និង​ជា​ចំណុច​ប្រមូលផ្តុំ​របស់​ពួក​បូ​កូ​ហា​រ៉ា​ម ៕