ពួក​តា​លី​បង់​ចេញផ្សាយ​សារ​មួយ​របស់​មេដឹកនាំ​ពួក​គេ​ដែល​ថា​ស្លាប់

ពួក​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ នូវ​សារ​មួយ​ដែល​ពួក​គេ​ថា ជា​សារ​របស់​មេដឹកនាំ​លោក​មុ​ល​ឡា​ហ៍ ម៉ា​ន​សួរ ។ អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ ធ្នូ តាម TWITTER ថា អ្នក​ឡើង​បន្តវេន​ពី​លោក​មុ​ល​ឡា​ហ៍ អូ​ម៉ា នេះ​ត្រូវ​របួស​ធ្ងន់ធ្ងរ​នា​ឱកាស​មានការ​បាញ់​ត​គ្នា​មួយ​ក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​តា​លី​បង់​កាលពី​ថ្ងៃ​ទី​២ ធ្នូ ហើយ​ក្រោយមក​បាន​ស្លាប់ ។

ក្នុង​សារ​ថត​ចូល​កាស្សែត​រយៈពេល​ជាង​១៦​នាទី នេះ​មាន​សំឡេង​បុរស​ម្នាក់​ដែល​និយាយ​ថា មាន​ពាក្យ​ចចាមអារ៉ាម​ថា ខ្ញុំ​ត្រូវ​របួស ឬ​ស្លាប់​នៅ KUCHLAK ជិត​ក្រុង​កេ​តា​ប៉ា​គី​ស្ថាន ដែល​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ​គឺ​ខុស​ទាំងស្រុង ។

សារ​នេះ​បាន​បរិហារ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​ដែល​សំដៅ​សាបព្រោះ​ការ​បំបែកបំបាក់​ក្នុង​ជួរ​តា​លី​បង់ បន្ទាប់​ពី​ការ​តែងតាំង​លោក​អាក់​តារ ម៉ូ​ហា​ម៉េ​ដ ម៉ា​ន​សួរ ជា​ប្រមុខ​តា​លី​បង់​កាលពី​រដូវក្តៅ​កន្លង​ទៅ​នេះ​មក ។

ឧប្បត្តិហេតុ​ដែល​គេ​លើក​ឡើង​នោះ​ពុំ​មាន​ឡើយ នេះ​គ្រាន់តែ​ជា​ការ​ឃោសនា​របស់​សត្រូវ​ព្រោះ​ខ្ញុំ​ពុំដែល​ទៅ​កាន់​តំបន់ KUCHLAK ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។

បន្ទាប់​ពី​ការ​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា ពី​ការ​ស្លាប់​របស់​មេដឹកនាំ​ប្រវត្តិសាស្ត្រ​ពួក​តា​លី​បង់ លោក​មុ​ល​ឡា​ហ៍ អូ​ម៉ា ដែល​តាម​ពិត​ស្លាប់​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ​លោក​មុ​ល​ឡា​ហ៍ ម៉ា​ន​សួរ ជា​ជន​លេខ​២​របស់​ពួក​តា​លី​បង់​ត្រូវ​បាន​ជ្រើសតាំង​ជំនួស​លោក​អូ​ម៉ា ទោះបី​មានការ​តវ៉ា​ជំទាស់​នានា​ក្តី ។

ចាប់តាំងពី​ដើមខែ​វិច្ឆិកា​មួយ​ក្រុម​បំបែក​ខ្លួន​មួយ​ត្រូវ​បាន​ប្រកាស​បង្កើត​ឡើងជា​ផ្លូវការ ដោយ​ជ្រើសរើស​លោក​មុ​ល​ឡា​ហ៍ ម៉ូ​ហា​ម៉េ​ដ រ៉ា​ស៊ូ​ល ជា​ប្រមុខ​ដែល​បដិសេធ​រាល់​ភាព​ស្របច្បាប់​របស់​គូប្រជែង ៕