សំ ថា​រ័​ត្ន ចាញ់​ជើង​ខ្លាំង​ឥណ្ឌា នៅ​នាទី​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ MMA

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​កម្ពុជា​ទាំងអស់ ដែល​បាន​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង ឬ MMA របស់ One FC កាលពី​ថ្ងៃ​សៅរ៍​ទី​៥ ធ្នូ នៅ​កោះ​ពេជ្រ មាន​តែ​លទ្ធផល​របស់​កីឡាការិនី​សំ ថា​រ័​ត្ន ម្នាក់​ប៉ុណ្ណោះ ដែល​អ្នក​ទស្សនា​បង្ហាញ​នូវ​អារម្មណ៍​តក់ស្លុត និង​សោកស្ដាយ​ពី​ការ​បរាជ័យ​ជាងគេ ។ ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ឥណ្ឌា បើ​ទោះជា​វិនាទី​ចុង​ក្រោយ​បែរជា​រុញ​ឲ្យ​នាង​ភ្លាត់ស្នៀត​ហើយ​ត្រូវ​គូប្រកួត​វាយ​សម្រុក​រហូត​ដល់​បាត់បង់​ជំហរ​ប្រកួត​ក្ដី ។

យ៉ាង​ហោច​អ្នក​ទស្សនា​១​ភាគ​៤​បាន​សម្រុក​ដើរ​ចេញពី​សាល​ប្រកួត​ភ្លាម​ៗ​បន្ទាប់​ពី​សំ ថា​រ័​ត្ន ដែល​ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​ផ្នែក​ល្បុក្កតោ ត្រូវ​គេ​ប្រកាស​ថា​ចាញ់​ដោយ សារ​តែ​ការ​ស្រងាកចិត្ត​ចំពោះ​ទឹកភ្នែក និង​ការ​ឈឺចាប់​របស់​នាង​នៅ​ចុងបញ្ចប់​ការ​ប្រកួត ។ គាប់​ជួន​ជា​ការ​ប្រកួត​ទាំងមូល​មិន​មាន​អ្នក​ទស្សនា​ណែន​ពេញ​កៅអី​ផង ទើប​គេ​ឃើញ​សភាព​ចន្លោះ​ប្រហោង​មាន​កាន់តែ​ខ្លាំង បន្ទាប់​ពី​មានការ​ដើរ​ចេញ​នេះ​។ យោង​តាម​ការ​ប្រកួត​កីឡាការិនី​សំ ថា​រ័​ត្ន ក្ដោប​ក្ដាប់​ជ័យជម្នះ​មិន​ក្រោម​៦០​ភាគរយ​នោះ​ទេ បើ​គិត​ត្រឹម​ពាក់កណ្ដាល​ទឹក​ទី​៣ ដែល​ជា​ទឹក​ចុងបញ្ចប់ ។ នៅ​ដើម​ទឹក​ទី​១ កីឡាការិនី​ឥណ្ឌា​មាន​ប្រៀប​ជាង ប៉ុន្តែ​នៅ​កណ្ដាល​ទឹក​រហូត​ដល់​ចប់​គឺជា​ជ័យជម្នះ​របស់​កីឡា ការិនី​កម្ពុជា​វិញ​ម្ដង ។ ក្នុង​ទឹក​ទី​២ ជ័យជម្នះ​ពេញ​មួយ​ទឹកបាន​ក្លាយជា​របស់​សំ ថា​រ័​ត្ន ផ្ដាច់មុខ  ដោយសារ​តែ​បើក​ឆាក​ភ្លាម ជើង​ខ្លាំង​កម្ពុជា​ធាក់​ចំ​ចុងដង្ហើម​កីឡាការិនី​ឥណ្ឌា Jeet Toshi  ជា​ដៃគូ និង​ថែម​ប៉ុន្មាន​ដៃ​ទៀត​មុន​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា​ក្នុង​ពេល​ចាប់​ផ្ដួល ។ សំ ថា​រ័​ត្ន នៅ​តែ​គ្រប់គ្រង​ប្រៀប​បាន​ដោយ​អាច​វ័ធ​កែងជើង និង​ធាក់​ចំ​កណ្ដាល​មុខ​ផ្ទួន​ៗ​ទៅ​លើ​កីឡាការិនី​ឥណ្ឌា ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោ​កញ្ជ្រៀវ ។

យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​នៃ​អ្នក​ទស្សនា​ផ្ទាល់​បាន​ស្រែក​ពាក្យ​ថា « សម ថា​រ័​ត្ន​ៗ»​យ៉ាង​កងរំពង ។ ជ័យជម្នះ​របស់​នាង​ត្រូវ​គេ​មើលឃើញ​ច្បាស់ បន្ទាប់​ពី​ទឹក​ទី​១​ក៏​អាច​ដណ្ដើម​បាន​ពិន្ទុ​ប្រកៀក​ប្រកិត​ដែល​មាន​ន័យ​ថា​ឈ្នះ​ចាញ់​គ្នា​ម្នាក់​កន្លះ​ទឹក ហើយ​នៅ​ទឹក​ទី​២​ឈ្នះ​ដាច់ ។ ក្នុង​ទឹក​ទី​៣ ថា​រ័​ត្ន នៅ​តែ​បន្ត​នាំមុខ​ត្រឹម​២​នាទី​បើក​ឆាក ប៉ុន្តែ​ការ​បរាជ័យ​ដ៏​ធំ​បាន​កើត​មាន​ឡើង​នៅ​១​នាទី​ចុង​ក្រោយ ។ កីឡាការិនី​ឥណ្ឌា ដែល​ត្រូវ​គេ​មើលឃើញ​ថា​នឹង​ចាញ់​១០០​ភាគរយ​ទៅ​ហើយ បែរជា​មានឱកាស​ឡើង​ជិះ​សង្កត់​លើ​ទ្រូង និង​បំពង់ក​របស់​ថា​រ័​ត្ន ធ្វើ​ឲ្យ​នាង​រើខ្លួន​មិន​រួច ។ អ្នក​ទស្សនា​ម្នាក់​ៗ​រន្ធត់​ចិត្ត​ចំពោះ​ការ​វាយ​សំពង​របស់​កីឡាការិនី​ឥណ្ឌា​នៅ​ក្នុង​វិនាទី​នោះ​មក​លើ​កីឡាការិនី​កម្ពុជា​គ្រប់​គ្នា ។ នាង​បាន​ប្រឹងប្រែង​តស៊ូ​ដោយ​ស្វិតស្វាញ​បំផុត​នៅ​តែ​រើ​មិន​រួច ហើយ​បាន​ត្រឹមតែ​ខ្ទប់​មុខ​ពេល​គូប្រកួត​វាយ​ឆ្វេង​វាយ​ស្ដាំ​បង្ក​ឲ្យ​មាន​ស្នាម​ជាំ​ជា​ដុំ ។ អារម្មណ៍​ស្រងាក​ចិត្ត និងការ​អាណិតអាសូរ​ក្រោយ​ពេល​ថា​រ័​ត្ន បរាជ័យ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំងនោះ​ដើរ​ចេញ​អស់​មួយ​ភាគ​ពី​សាល​ប្រដាល់ ។

នេះ​ជា​ការ​បរាជ័យ​មួយ​ថ្មី បន្ទាប់​ពី​នាង​កាល​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ MMA របស់​One FC នៅ​ប្រទេស​ហ្វី​លី​ពី​ន​ក៏​បាន​បរាជ័យ​បែប​នេះ​ម្ដង​ដែរ ព្រម​ជាមួយ​បញ្ហា​របួស​ដៃ ។ យ៉ាងណា​ក៏​ដោយ​បើ​ធៀប​នឹង​លទ្ធផល​លើក​មុន លើក​នេះ​គឺ​នាង​សង្គ្រុប​បាន​ភាព​ខ្លាំង​ដាច់​ឆ្ងាយ ដោយ​អាច​និយាយ​បាន​ថា បើ​កុំ​តែ​ភ្លាត់​ឲ្យ Jeet Toshi ឡើង​ជិះ​ហើយ​វ័ធ​ត្រូវ​ចំ​កណ្ដាល​មុខ​រហូត​បាត់បង់​លំនឹង​រើបម្រះ កុំ​អី​លទ្ធផល​ឈ្នះ​ពិតជា​របស់​នាង​ហើយ ។

នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​មានការ​បង្ហោះ​សារ​អាណិត និង​សោកស្ដាយ​ចំពោះ​ការ​បរាជ័យ​របស់​នាង​យ៉ាង​ខ្លាំង​ដោយ​ម្នាក់​ៗ​សុទ្ធតែ​បាន​សរសេរ​ថា នាង​ធ្វើ​បាន​ល្អ​ណាស់​ទោះជា​ចាញ់​ការ​ប្រកួត​ក៏​ដោយ ។  សំ ថា​រ័​ត្ន ដែល​ត្រូវ​គេ​ឲ្យ​រហស្សនាម​ថា «​កូន​កង្កែប​តូច ឬ​ក្រឡ​ន​តន​» ក៏​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ដែល​នាង​ធ្វើ​មិន​បាន​ចំពោះ​ការ​ប្រកួត​នោះ​ផង​ដែរ ។ ក្រុម​អ្នកធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​នាង បាន​អះអាង​ថា ស្ថានភាព​ដៃ​ដែល​ធ្លាប់​ខូច​របស់​នាង​កាល​ទៅ​ប្រកួត​នៅ​ហ្វី​លី​ពី​ន​នៅ​មិន​ទាន់​ជា​នៅឡើយ​ទេ  ទើប​ម្នាក់​ៗ​យល់​ថា​អ្វី​ដែល​នាង​សម្រេច​បាន​យប់​នោះ គឺជា​ជោគជ័យ​មួយ​ព្រោះតែ​គូប្រកួត​របស់​នាង​ក៏​ខ្លាំង​មិនធម្មតា ៕