លីកាដូ ប្រកាស​រំសាយ​ការប្រារព្ធ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ទៅតាម​គម្រោង​ នៅពន្ធនាគារ​ចំនួន​ ១៨កន្លែង

ភ្នំពេញ៖ អង្គការសិទ្ធិមនុស្សលីកាដូ នៅថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសរំសាយកម្មវិធីប្រារព្ធ ទិវាសិទ្ធិមនុស្សអន្តរជាតិ ទៅតាមគម្រោងនៅពន្ធនាគារចំនួន១៨ កន្លែង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដោយសារ មានលក្ខខណ្ឌ ហាមឃាត់មួយចំនួន ជាលាយលក្ខអក្សរ ពីអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

សេចក្តីថ្លែងការណ៍របស់លីកាដូ បានឲ្យដឹងថា ដោយមានការដាក់លក្ខខណ្ឌមាន តឹងតែងពេក ធ្វើអោយ ការប្រារព្ធពិធី ក្លាយជាគ្មានអត្ថន័យគ្រប់គ្រាន់ឡើយ។ លើសពីនោះទៀត ជនជាប់ឃុំទាំងនោះ មិនត្រូវបានអនុញ្ញាត អោយចូលរួមកម្មវិធី យ៉ាងសំខាន់ដ៏មានអត្ថន័យ ដូចប្រជាពលរដ្ឋកម្ពុជា ទៅឡើយ។ ហើយនេះ ក៏ជាលើកទី២ ហើយដែរសំរាប់ឆ្នាំ ២០១៥នេះ ដែលអង្គការលីកាដូ ត្រូវបានបង្ខំចិត្តផ្អាកសកម្មភាព ទាំងអស់នោះ។ កាលពីខែមីនា អង្គការលីកាដូបានផ្អាកសកម្មភាព ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដែលជាលើកដំបូង ក្នុងរយៈពេល១៥ឆ្នាំនេះ ដោយសារតែមានលក្ខខណ្ឌ រិតត្បិតតឹងតែង ទៅលើសកម្មភាពកំសាន្ត សប្បាយផ្សេងៗ និងការមិនអនុញ្ញាត អោយអង្គការលីកាដូ បាននាំយកកញ្ចប់អាហារឧបត្ថម្ភ ទាំងនោះ ចែកដល់ជនជាប់ឃុំដោយផ្ទាល់នោះទេ។

យ៉ាងណាក៏ដោយ អង្គការលីកាដា ក៏បានចាប់អារម្មណ៍ថា បន្ទាប់ពីនោះមក អង្គការ លីកាដូ យល់ឃើញថា “ការរឹតត្បិតលើទិវាសិទិ្ធនារីអន្តរជាតិនោះ គ្រាន់តែជាការរិតត្បិតបណ្តោះអាសន្ន ប៉ុណ្ណោះទេ ពីព្រោះមិនមានការរិតត្បិត និងបង្ខិតបង្ខំទៅលើសកម្មភាព របស់អង្គការលីកាដូ សំរាប់ប្រារព្ធ ទិវាសិទ្ធិកុមារអន្តរជាតិ កាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០១៥ នោះឡើយ”។

លីកាដូ បានរៀបរាប់ទៀតថា ប្រព័ន្ធគ្រប់គ្រងពន្ធនាគារកម្ពុជា នៅតែមិនទាន់អាចដោះស្រាយ បញ្ហាបានច្រើន ដែលក្នុងនោះរួមមាន ការធ្វើទុក្ខបុកម្នេញ ការរើសអើង ការកេងប្រវ័ញ្ច និងអំពើបង់ប្រាក់ក្រៅច្បាប់ជាដើម ។ សំរាប់ជនជាប់ឃុំជាច្រើន ត្រូវតម្រូវអោយបង់ប្រាក់កាស ដើម្បីទទួលបានលក្ខខណ្ឌ ឃុំខ្លួនប្រសើរជាងមុន ការព្យាបាលជំងឺ ការជួបសួរសុខទុក្ខ និងតម្រូវការចាំបាច់មួយចំនួន ទៀតដូចជាអាហារ ទឹកស្អាត ពន្លឺថ្ងៃ និងការយកខ្យល់អាកាស ប្រចាំថ្ងៃជាដើម។ ចំនួនជនជាប់ឃុំបណ្តោះអាសន្ន រង់ចាំសវនាការ នៅមានកម្រិតខ្ពស់នៅឡើយ ជាពិសេសក្នុងចំណោមស្រ្តី និងអនីតិជន និងរួមមានករណីជាច្រើនដែលឃុំខ្លួនខុសនីតិវិធី និងដែលកំពុងរង់ចាំការសវនាការ នៅសាលាឧទ្ធរណ៍ យ៉ាងយូរ។

ក្នុងអំឡុងពេល ២០ឆ្នាំ ចុងក្រោយនេះ ជារៀងរាល់ទិវា សិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ អង្គការលីកាដូ តែងតែមានការចែកជូនកញ្ចប់ អាហារឧបត្តម្ភ តិចតួចដល់ជនជាប់ឃុំទាំងអស់ រួមទាំងកម្មវិធីកំសាន្តសប្បាយផ្សេងៗ ដូចជាការលេងល្បែងកំសាន្ត ការរាំរបាំប្រពៃណី និងកម្មវិធីសំដែងសប្បាយផ្សេងៗទៀត ដោយមានការចូលរួម ពីជនជាប់ឃុំទាំងនោះ អមដោយសារស្តីពីមូលដ្ឋានសិទ្ធិមនុស្ស ជាសកលសំខាន់ៗផងដែរ៕

លីកាដូ ប្រកាស​រំសាយ​ការប្រារព្ធ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ទៅតាម​គម្រោង​ នៅពន្ធនាគារ​ចំនួន​ ១៨កន្លែង