បឹង​កេត ​ប៉ះ​ Becamex Binh Duong ម៉ោង​៦:០០​​នាទី​ល្ងាច​នេះ​ ​


បឹង​កេត ​ប៉ះ​ Becamex Binh Duong ម៉ោង​៦:០០​​នាទី​ល្ងាច​នេះ​ ​

ក្រុម​ជើង​ឯក​វៀតណាម​ Becamex Binh Duong ដែល​មាន​រហស្សនាម​ថា Chelsea វៀតណាម​ដល់​ពេល​​បើក​ទ្វារ​កីឡដ្ឋាន Hang Day Stadium ​ទទួល​ស្វាគមន៍​ក្រុម​បឹងកេត​អង្គរ​សម្រាប់​វគ្គ​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Toyota Mekong Club Championship 2015 វេលា​ម៉ោង​៦​នាទី​ល្ងាច​នេះ​នៅ​វៀតណាម។

បឹង​កេត ​ប៉ះ​ Becamex Binh Duong ម៉ោង​៦:០០​​នាទី​ល្ងាច​នេះ​  ​បឹងកេត​អង្គរ​

 

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​​បឹង​កេតអង្គរ​បានយល់​​ឃើញ​ចំណុច​ខ្លាំង​ពីរ​របស់​ ​Becamex Binh Duong ​ដែល​ក្រុម​របស់​លោក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​មែន​ទែន។ ទី​មួយ​​​ ​​ក្រុម​ជើង​ឯក​វៀតណាម​​​មាន​កីឡាករ​​​បរទេស​ម្នាក់​មាន​ជំនាញ​ខាង​ក្បាល​​ ហើយ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ពួកគេ​លេង​បាន​ល្អ ​ចេះ​សហការ​គ្នា ​និង​ទី​ពីរ​​កីឡាករ​របស់​ក្រុម​វៀតណាម​មួយ​នេះ​ភាគ​ច្រើន​ជំនាញ​អូស​បាល់​ ស្លាប​ ហើយ​ចាក់​ចូល​ក្នុងតំបន់​គ្រោះ​ថ្នាក់​​បាន​​ល្អៗ​​​​ឱ្យ​ខ្សែ​ប្រយុទ្ធ។

 

ដើម្បី​ទប់​ទល់​នឹង​ភាព​ខ្លាំង​របស់​លោក​ដៃ​គូ​លោក​ ប្រាក់ សុវណ្ណារ៉ា​ ទំនង​ជា​ប្រើ​ទម្រង់​ការពារ​ និង​វាយ​បក​រហ័ស​វិញ​​ដូច​ដែល​លោក​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​កាល​ពី​សប្តាហ៍​មុន។ ខ្សែ​ការពារ​សំខាន់​ៗ​ត្រូវ​ប្រកាន់​គោល​ជំហរ​ឲ្យ​បាន​ភ្ជាប់​ខ្ជួន​ ខណៈ​ខ្សែ​បម្រើ​ និង​ប្រយុទ្ធ​ក៏​ត្រូវ​រត់​ឲ្យ​លឿន​ដើម្បី​ចុះ​ជួយ​តំបន់​ការពារ​ដែរ។

 

សម្រាប់​ការ​វាយ​បក​លោក​បាន​ឲ្យ​ដឹង​ថា លោក​នឹង​ប្រើ​កីឡាករ​បរទេស​​៤​រូប​សម្រាប់​បម្រើ​កណ្តាល​ និង​ប្រយុទ្ធ​ឲ្យ​បាន​លឿន​ក្នុង​ ចាន់ វឌ្ឍនាកា, Esoh Omogba និង​​ Samuel Gbenga ជា​កីឡាករ​សំខាន់​សម្រាប់​ការ​ស្វែង​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម​ជើង​ឯក​វៀតណាម។

 

បឹង​កេត ​ប៉ះ​ Becamex Binh Duong ម៉ោង​៦:០០​​នាទី​ល្ងាច​នេះ​  ​ ក្រុម Becamex Binh Duong ​(រូបថត៖toyotamekongfootball.com)

 

ចំណែក​គ្រូ​បង្វឹក​ Becamex លោក​ Nguyen Thanh Son បាន​និយាយ​ថា ប្រសិន​បើ​កីឡាករ​ Abass មិន​ទាន់​ fit ​ទេ​ លោក​នឹង​ដាក់​ឲ្យ​កីឡាករ​ Han Seung Yeop និង​ Nsi រ៉ាប់​រង់​ក្នុង​តំបន់​ប្រយុទ្ធ​ ប៉ុន្តែ​ពេល​នេះ ​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​​មាន​លក្ខណៈ​គ្រប់​គ្រាន់​ហើយ។ លោក​និយាយ​ថា ៖«​គោល​បំណង​របស់​ក្រុម​គឺ​ព្យាយាម​ស្វែង​រក​​ជ័យជម្នះ​ឆ្លង​ពី​​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រទ្រ​​ ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ និង​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​សម្រាប់​រដូវ​កាល​នេះ»។​

 

​ការ​ប្រកួត​នេះ​ ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ជួប​នឹង​ក្រុម​ជើង​ឯក​ថៃ​ ខណៈ​ក្រុម​ដែល​ចាញ់​ត្រូវ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ដែល​មាន​ប្រាក់​រង្វាន់​៣​ម៉ឺន​ដុល្លារ​អាមេរិក។ ចំណែក​ក្រុម​លេខ​៤​បាន​ទៅ​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​ Yangon United ដែល​ទទូល​បាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​ និង​លេខ​៥​បាន​ទៅ​ក្រុម​ជើង​ឯក​ឡាវ Lao Toyota ដែល​ទទួល​បាន​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ៕

 

តើ​ក្រុម​ណា​​បាន​ឡើង​ទៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ?

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​