គយ​ចល័ត​ចុះ​ចាប់​រថយន្ត​ឡិច​ស៊ីស​RX350 ​អត់​ពន្ធ​មួយ​គ្រឿងនៅ​ភោជនីយ​ដ្ឋាន​ដើម​ចំប៉ា​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ីស​RX 3៥0 ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AB២៣៣៦ អត់​បង់​ពន្ធ​ ត្រូវ​បាន​គយ​ចល័ត​ដឹក​នាំ​ដោយ​លោក​ព្រាប គារ៉ាត់ ប្រធាន​ការិយាល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​គេច​ពន្ធ ហៅ​គយ​ចល័ត​ រួម​ជាមួយ​លោក​ស្រី សុធី អនុ​ប្រធាន​ ដោយ​មានការ​សម្រប​សម្រួល​ពី​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ មាស ច័ន្ទ​ពិសិដ្ឋ​ សហការ​ជាមួយ​កង​រាជ​អាវុធ​ហត្ថ​​​ផ្ទៃ​ប្រទេស​ចុះ​ចាប់​នៅ​ភោជនីយ​ដ្ឋាន​ដើម​ចំប៉ា ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ប៉ា​ស្ទ័រ កែង​វិថី​ឧក​ញ៉ា​ពេជ្រ​ ។

ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៦ ធ្នូ នេះ ខណៈ​ពេល​ម្ចាស់​កំពុង​ទទួល​ទានអាហារ​ក្នុង​ភោជនីយ​ដ្ឋាន​ខាងលើ។

ក្រោយ​ពេល​ចុះ​ចាប់​រថយន្ត​ខាង​លើ សមត្ថ​កិច្ច​បាន​នាំ​ទាំង​ម្ចាស់ និង​រថ​យន្ត​ទៅ​មជ្ឈ​មណ្ឌល​គយ​ចល័ត​ស្ថិត​នៅ​តាម​ផ្លូវ​វេង​ស្រេង​ដើម្បី​អប់រំ និង​ពិន័យ​ទៅ​តាម​ច្បាប់​៕