ម្ចាស់ផ្ទះ​៣​នាក់​ប្តឹង​ទារ​១៥.០០០​ដុល្លារ​ពី​ម្ចាស់​រថយន្ត​ធុន​យក្ស​ដឹកឈើ ដែល​បង្ក​គ្រោះថ្នាក់​នៅ​ត្បូងឃ្មុំ​កាលពី​១០​ថ្ងៃមុន

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ធុន​យក្ស​១​គ្រឿង​ដឹកឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ ដែល​មាន​បរិមាណ​ច្រើន​ម៉ែត្រគូប បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ត្រង់​ចំណុច​ផ្លូវ​ចុះ​ចំណោត​រាង​កោង ស្ថិត​នៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​រថយន្ត និង​ព្រូ ព្រមទាំង​សង្កត់​ខូច​លំនៅ​ឋាន​របស់​ពលរដ្ឋ​ចំនួន​៣​ម្ចាស់​រួម​ទាំង​រថយន្ត​ចំនួន​៤​គ្រឿង រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ គឺ​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយទេ​ ដោយ​ម្ចាស់ផ្ទះ​ប្តឹង​ទាមទារ​ចំនួន​១៥.០០០​ដុល្លារ ហើយ​ក៏​មិន​មាន​លេចមុខ​ឈ្មួញ​ឈើ​ណា​ម្នាក់​ចេញ​មុខ​មក​ដោះស្រាយ​ឡើយ គឺ​សម្ងំ​ឲ្យ​ឈឹង​ដូច​សត្វ​ពង្រូល ។

អ្នកស្រី ម៉ោ​ញ នួន​ហួរ វ័យ​៤១​ឆ្នាំ ត្រូវជា​ម្ចាស់ផ្ទះ​ដែល​រង​ការ​ខូចខាត​ដោយ​រថយន្ត​ដឹកឈើ​សង្កត់​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​លំនៅ​ឋាន​ដែល​រង​ការ​ខូចខាត​មាន​ចំនួន​៣​ផ្ទះ មាន​ម្ចាស់​៣​ផ្សេង​ៗ​គ្នា​ក្នុង​នោះ​មាន ១-​ផ្ទះ​របស់​គាត់​ជា​យានដ្ឋាន​ជួសជុល​រថយន្ត ២-​ឈ្មោះ ម៉ោ​ញ សុខ​ចាន់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ ម៉ោ​ញ ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ក្នុង​ហេតុការណ៍​មិន​មាន​សមាជិក​ម្ចាស់ផ្ទះ​ណា​ម្នាក់​បាន​រងគ្រោះថ្នាក់​នោះ​ទេ តែ​ម្នាក់​ៗ​មានការ​ភិតភ័យ​ខ្លាំង​ដោយសារ​តែ​ឮ​សូរ​សំឡេង​បុក​លាន់​ខ្លាំង ។

អ្នកស្រី ម៉ោ​ញ នួន​ហួរ  ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​យប់​ថ្ងៃ​កើតហេតុ​ទី​២៦ វិច្ឆិកា ២០១៥ រហូត​មក​ដល់​ថ្ងៃ​ទី​៦ ធ្នូ មាន​រយៈ​១០​ថ្ងៃ​ហើយ គឺ​ពួក​គាត់​មិន​ទាន់​មាន​សំណង​ការ​ខូចខាត​នៅឡើយ​ទេ សរុប​ទឹកប្រាក់​ទាំងអស់​ចំនួន​១៥.០០០​ដុល្លារ ។

សូម​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ខាងលើ​ស្រប​ពេល​ដែល​រូប​គាត់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ផ្ទះថ្ម​ល្វែង​ខាងក្រោយ ដេក​មិន​ទាន់​នឹង​លក់​ផង ស្រាប់តែ​ឮ​សូរ​សំឡេង​បុក​ជា​ខ្លាំង​ធ្វើ​ឲ្យ​ភ័យ​ញ័រ​ដៃជើង មួ​យស​ន្ធុះ​បើកទ្វារ​ចេញ​មក​មើលឃើញ​មនុស្ស​ម្នាក់​ជា​ព្រូ​រថយន្ត​ដឹកឈើ​ត្រូវ​បាន​ឈើ​សុ​ក្រំ​ដុំ​ធំ​សង្កត់​លើ ស្រែក​ហៅ​ឲ្យ​ជួយ​តែ​មិន​អាច​លើក​រួច​នោះ​ទេ ។ បន្ទាប់​មក​មាន​រថយន្ត​មក​ស្ទូច​បង្ហើប​ឈើ​លើកយក​មនុស្ស​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយមក​ក៏​ស្លាប់ ។

នា​យប់​ថ្ងៃ​កើតហេតុ​នោះ​មាន​ឈ្មួញ​ឈើ​ម្នាក់​ជា​ថៅកែ​ទូរទស្សន៍​ខ្សែកាប​នៅ​ខាងកើត​ទន្លេមេគង្គ​បាន​ហៅ​រថយន្ត​ស្ទូច និង​រថយន្ត​ធំ​១​គ្រឿង​មក​បម្រុង​ស្ទូច​យក​ឈើ​ទាំងនោះ តែ​ក្រុម​គ្រួសារ​គាត់​មិន​ឲ្យ​ស្ទូច​យក​ទេ ព្រោះតែ​មិន​ទាន់​បាន​សំណង​ការ​ខូចខាត​ផ្ទះ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា មនុស្ស​ម្នា​មក​មើល​កាន់តែ​ច្រើន​ឡើង​ៗ​ពេញ​មុខ​ផ្ទះ ឈើ​ត្រូវ​បាន​នៅ​រប៉ាត់រប៉ាយ​ជា​ច្រើន​ថ្ងៃ​មិន​មាន​អ្នក​ណា​មក​ស្ទូច​ទើប​គាត់​បាន​ជួល​រថយន្ត​មក​ស្ទូច​ដាក់​ម្តុំ​ទុក​នៅ​ចំហៀង​ផ្ទះ មាន​សរុប​៨៤​ដុំ ស្មើនឹង​៤៤,០៨៥​ម៉ែត្រគូប ដោយ​មាន​ទាំង​ស្ថាប័ន​សាលាដំបូង​ខេត្ត រដ្ឋបាល​ព្រៃឈើ នគរបាល​ស្រុក​មេមត់ បាន​ធ្វើ​កំណត់​ហេតុ​រួម​គ្នា​មួយ​គាត់​(​ម៉ោ​ញ នួន​ហួរ​) រក្សា​ទុក​បណ្តោះអាសន្ន ព្រមទាំង​ការពារ​មិន​ឲ្យ​បាត់បង់​ថែម​ទៀត ។

អ្នកស្រី​បាន​លើក​ឡើង​ថា ចំពោះ​សោ​ហុយ​ស្ទូច​ឈើ​នោះ គាត់​ជា​អ្នក​ចំណាយ​អស់​៣០០​ដុល្លារ ដូច្នេះ​រយៈពេល​១០​ថ្ងៃ​ហើយ​នៅ​មិន​ទាន់​មាន​សំណង បើសិន​មាន​ស្ថាប័ន​ណាមួយ​ចេញ​មុខ​មក​ដោះស្រាយ​ថ្លៃ​ការ​ខូចខាត​ផ្ទះសម្បែង​ទាំង​៣​ផ្ទះ សរុប​១៥.០០០​ដុល្លារ សូម​យក​ឈើ​ទាំងនោះ​ទៅ​ចុះ​អាច​យក​ទៅ​ដាក់​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់​បាន ។

ចំណែក​លោក ហៀ​ង សុភ​ភ្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​វិញ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៦ ធ្នូ​នេះ​ថា ផ្អែក​តាម​ច្បាប់​រថយន្ត​ធុន​ធំ​ខាងលើ​ត្រូវ​ជាប់​៣​បទល្មើស​ក្នុង​នោះ​មាន ១-​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ ២-​ខូ​ត​ខាត​លំនៅ​ឋាន​របស់​អ្នក​ដ៏​ទៃ ៣-​ដឹក​ផល​អនុ​ផល​ព្រៃឈើ​មិន​មានច្បាប់​អនុញ្ញាត ។ ឈើ​ប្រណីត​ទាំងនោះ​តាម​ច្បាប់​ត្រូវ​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ ដើម្បី​រក្សា​ទុក​ដោះស្រាយ​តាម​ច្បាប់ តែ​ករណី​ខាងលើ​ម្ចាស់ផ្ទះ​ទាមទារ​រក្សា​ទុក​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ជាមួយ​នោះ​រូប​លោក​បាន​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាញ់ថ្នាំ​ចំណាំ​ឈើ​មិន​ឲ្យ​មាន​បាត់បង់ តែបើ​បាត់បង់​នោះ​ម្ចាស់ផ្ទះ​នឹង​ទទួលខុសត្រូវ ៕