រត់ប្រណាំង​អន្តរជាតិពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២០​ ​​មុខ​ប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​ធ្នូ ​២០១៥ ​នេះ លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​​​​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​រត់ប្រណាំង​អន្តរជាតិពាក់កណ្ដាល​ម៉ា​រ៉ា​តុង លើក​ទី​២០ នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត ទឹកដី​ប្រ​វ​តិ្ត​សាស្ត្រ​ខេត្តសៀមរាប ដោយ​មានការ​អញ្ជើញ​ចូលរួមពី​សំណាក់​ លោក លោក​ជំទាវ អស់លោក លោកស្រី ជា​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​មាន​អ្នកចូលរួម​សរុប​ចំនួន៨​ពាន់​៥០៨​នាក់ ក្នុង​នោះ​ មាន​ជន​បរទេស​ជាង៤​ពាន់​នាក់ មក​ពី៧៥​ប្រទេស​ចូលរួម  ។

តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២០​ឆ្នាំ​ហើយ ការ​ប្រារព្ធ​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ហើយ​ទិវា​នេះ​រៀបចំ​ដោយ​សមាគម​បេះដូង​មាស​ជប៉ុន ក្រសួងទេសចរណ៍ អាជ្ញាធរ​ខេត្តសៀមរាប និង មាន​ការ​​ជួយ​គាំទ្រ​ឧបត្ថម្ភពី​បណ្ដា​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា អង្គការ​ជាតិ​/​អន្តរជាតិ វិស័យ​ឯកជន ភោ​ជី​យ​ដ្ឋា​ន សណ្ឋាគារ​មួយ​ចំនួន​ជា​ច្រើន​ទៀត​ផង​ដែរ ។

បើ​តាម​ប្រសាសន៍​លោក ថោ​ង ខុន បាន​គូសបញ្ជាក់​ថា កីឡាករ​-កីឡា​ការិនី ដែល​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​ចូលរួម​រត់ប្រណាំង​ទាំង​កម្ពុជា និងបរទេស ក្នុង​ចម្ងាយ​២១​គីឡូម៉ែត្រ ចំនួន៣​ពាន់​២០៨​នាក់ ចម្ងាយ ១០​គីឡូម៉ែត្រ ចំនួន​២​ពាន់​៩៩១​នាក់ និងចម្ងាយ៣​គីឡូម៉ែត្រ ជា​លក្ខណៈ​ក្រុម​គ្រួសារចំនួន២​ពាន់២៩៤​នាក់ រួម​ទាំង​ជន​ពិការ​ផង​ដែរ  ។

លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន​ បាន​មាន​ប្រសាសន៍​ថា សូម​ឲ្យ​កីឡាករ-កីឡាការិនី​ទាំងអស់​បន្ដ​ការ​គាំទ្រ និងចូលរួម​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ ជា​រៀង​រាល់​ឆ្នាំ ពិសេស​ឆ្នាំ​២០១៥​នេះ ជា​ខួប​គម្រប់២០​ឆ្នាំ ក្នុង​ការ​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ បាន​បញ្ជាក់​ឲ្យ​ឃើញ​នូវ​សក្ខីកម្មនៃ​ប្រជាជន​ជុំវិញ​ពិភពលោក​បាន​គាំទ្រ​យល់​ដឹង​ច្បាស់​ពី​ស្ថានភាព​សន្ដិសុខ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​ក៏​ដូច​ជា ស្ថិរ​ភាព​នយោបាយ និងសេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​បាន​យ៉ាង​ល្អ​ប្រសើរ​។​

លោក​បណ្ឌិត​សភាចា​រ្យ ​បាន​បន្ដ​ថា យើង​ទាំងអស់​គ្នា​បាន​រត់ប្រណាំង​នា​ពេល​នេះ ​គឺដើម្បីទីក្រុង​បៃតង មនុស្សធម៌ សុខភាព មិត្តភាព សាមគ្គីភាព និងដើម្បី​ការពារ​បរិស្ថាន ភព​ផែនដី​ផង​ដែរ​ ។​ លោក​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ក៏​បាន​ថ្លែង​​​អំណរ​គុណ​ផង​ដែរពី​ការ​រៀបចំ និងចូលរួមដោយ​សមាគម​បេះដូង​មាស​ជប៉ុន ក្រសួង​ទេសចរណ៍ អាជ្ញាធរ​ខេត្តសៀមរាប និងការ​ជួយ​គាំទ្រ​ឧបត្ថម្ភ ពី​បណ្តាស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​ជាតិ អន្តរជាតិ និងវិស័យ​ឯកជន​ទៀត​ផង​​ ។

សូម​បញ្ជាក់​​ដែរ​ថា សម្រាប់​ការ​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត​លើក​ទី​២០នេះ គឺ​មានការ​ប្រណាំង​រទេះ​ជន​ពិការ​បុរស-ស្ត្រី ២១គីឡូម៉ែត្រ ការ​រត់ប្រណាំង​ចម្ងាយ​បុរស-ស្ត្រី ២១គីឡូម៉ែត្រ ការ​រត់​ចម្ងាយ១០​គីឡូម៉ែត្រ និងជន​ពិការ​បុរស-ស្ត្រី និងការ​រត់​​កម្សាន្ត​ក្នុងលក្ខណៈ​គ្រួសារ និងមិត្ត​ភក្តិ៣​គីឡូម៉ែត្រផង​ដែរ ៕ ​