ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អបអរ​ការ​សម្លាប់​រង្គាល​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ខណៈ FBI ចាត់​ទុក​ថា​ជា​អំពើ​ភេរវកម្ម​មួយ

សហរដ្ឋអាមេរិក និង​បារាំង​បាន​សន្យា​ធ្វើ​រណសិរ្ស​រួម​មួយ​ប្រឆាំង​ជី​ហា​ដ​និយម បន្ទាប់​ពី​ការ​បាញ់ប្រហារ​យ៉ាង​បង្ហូរឈាម​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​ការ​សម្លាប់​រង្គាល​នេះ​ត្រូវ​បាន​ពួក​អ្នកស៊ើប​អង្កេត​ផ្តោត​ថា ជា​អំពើ​ភេរវកម្ម​ទទួល​ការ​អបអរសាទរ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តែ​ក្រុម​នេះ​ពុំ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន​ឡើយ ។

ក្នុង​កម្មវិធី​ជា​ភាសា​អង់គ្លេស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ តាម​វិទ្យុ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម អង្គការ​ជី​ហា​ដ​នេះ​បាន​សម្តែង​ការ​អបអរសាទរ​ដល់​ពួក​អ្នក​វាយប្រហារ ដោយ​ចាត់​ទុក​ពួក​គេ​ជា​ទាហាន​របស់​កាលី​ហ្វា​តរបស់​គេ ក៏​ប៉ុន្តែ​ពុំ​បាន​ប្រកាស​ថា នេះ​ជា​ការ​វាយប្រហារ​របស់​គេ​ឡើយ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​សម​ភាគី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ អះអាង​ជា​ថ្មី​ពី​ឆន្ទៈ​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ធ្វើ​រណសិរ្ស​រួម​មួយ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​ប្រឆាំង​លទ្ធិ​ជី​ហា​ដ ។ នេះ​ជា​ការ​អះអាង​របស់​វិមាន​ប្រធានាធិបតី​បារាំង បន្ទាប់​ពី​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​មេដឹកនាំ​ទាំង​២​រូប​នេះ​មក ។

ប្រទេស​បារាំង​ក៏​ទទួល​រង​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​មួយ​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​នាក់​ដែរ ។ ក្នុង​សង្កថា​ប្រចាំ​ស​ប្តា​ហ៍​មួយ​ចេញផ្សាយ​ដោយ​សេត​វិមាន លោក​អូ​បា​ម៉ា ថ្លែង​នា​ថ្ងៃ​ទី​៥ ធ្នូ ថា អា​មេ​រិ​ក​នឹង​មិន​អនុញ្ញាត​ឱ្យ​គេ​បំភ័យ​ឡើយ ។ យើង​ជា​ជនជាតិ​អា​េ​ម​រិ​ក​យើង​នឹង​ការពារ​តម្លៃ​របស់​យើង​ដែល​តម្លៃ​នេះ​គឺ​សង្គម​បើកចំហ និង​សេរី​មួយ ។ យើង​ជា​អ្នក​ខ្លាំង យើង​ជា​អ្នកតស៊ូ ។ យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​គេ​បំភ័យ​យើង​ឡើយ ។

ពួក​អ្នកស៊ើប​អង្កេត​របស់ FBI រាយការណ៍​កាលពី​ថ្ងៃ​ទី​៤ ធ្នូ ថា បាន​រក​ឃើញ​នៅផ្ទះ​ប្តី​ប្រពន្ធ​ជា​ខ្មាន់កាំភ្លើង​មាន​ដើម​កំណើត​ប៉ា​គី​ស្ថាន​នូវ​សញ្ញា​នានា​នៃ​ការ​ប្រកាន់​គំនិត​រ៉ា​ឌី​កាល់​របស់​ពួក​គេ និង​ពី​ការ​បញ្ចូល​មនោគមន៍វិជ្ជា​របស់​បណ្តា​អង្គការ​ភេរវកម្ម​បរទេស តែ​ទោះបី​យ៉ាងណា​មក​ដល់​ដំណាក់កាល​នេះ​ពុំ​មាន​អ្វី​អាច​បញ្ជាក់​ច្បាស់​ថា នាង TASHFEEN MALIK អាយុ​២៩​ឆ្នាំ រៀប​ការ​ជាមួយ​បុរស​ឈ្មោះ SYED FAROOK អាយុ​២៨​ឆ្នាំ ជា​សមាជិក​នៃ​បណ្តាញ​មួយ​ដែល​មានការ​រៀបចំ ឬ​ស្ថិត​ក្នុង​សាខា​ណាមួយ​នៅឡើយ ។

FBI គូសបញ្ជាក់​នា​ថ្ងៃ​ទី​៤ ធ្នូ ពី​ការ​រៀបចំ​ដោយ​ហ្មត់ចត់​របស់​ពួក​ខ្មាន់កាំភ្លើង​ដែល​សម្លាប់​មនុស្ស​១៤​នាក់ ហើយ​ផ្តោត​នា​ពេល​នេះ​លើ​អំពើ​ភេរវកម្ម​មួយ ។ ប្រសិនបើ​ការ​សន្និដ្ឋាន​នេះ​ត្រូវ​បាន​អះអាង​ច្បាស់ នោះ​នឹង​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០០១ មក ។ អាជ្ញាធរ​កំពុង​សិក្សា​ជា​ពិសេស​ពីសារ​មួយ​ទំព័រ​ផ្សាយ​តាម FACEBOOK ដែល​ក្នុង​សារ​នេះ​នាង MALIK ហាក់ដូចជា​និយាយ​ផ្តោត​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ប្តី​ប្រពន្ធ​នេះ​ដែល​មានកូន​ស្រី​ម្នាក់​អាយុ​៦​ខែ បាន​រៀបចំ​ផែនការ​សម្លាប់​រង្គាល​ក្នុង​ឱកាស​នៃ​ពិធីជប់លៀង​បុណ្យ​ណូអែល​មួយ​សម្រាប់​បណ្តា​និយោជិត​នៃ​ផ្នែក​សុខាភិបាល​មូលដ្ឋាន​មួយ​ជា​កន្លែងធ្វើការ​របស់ FAROOK ។

FBI រៀបរាប់​ពី​បណ្តា​ភស្តុ​តាង​ដូច​ជា​គ្រាប់កាំភ្លើង​ជា​ច្រើន​ពាន់​គ្រាប់ គ្រឿងផ្ទុះ ទូរស័ព្ទ​ដៃ​ជា​ច្រើន ព្រមទាំង​បណ្តា​កុំព្យូទ័រ និង​ការ​សន្ទនា​ជាមួយ​ពួក​ជ្រុលនិយម​នៅ​សហរដ្ឋអាមេរិក ហើយ​អាច​នៅ​ឯ​បរទេស​ផង​ដែរ ។ ពួក​គេ​បាន​ជួល​រថយន្ត 4x4 ពណ៌​ខ្មៅ មួយ​គ្រឿង​ដែល​ពួក​គេ​ជិះ​រត់គេច​ខ្លួន​មុន​ពេល​ត្រូវ​បាញ់​សម្លាប់ បន្ទាប់​ពី​ការ​បាញ់​តតាំង​ជាមួយ​ប៉ូលិស​អស់​ជាង​១០០​គ្រាប់​មក ។ នៅផ្ទះ​ពួក​គេ​រក​ឃើញ​សម្ភារ​វាយប្រហារ​មួយ​ផ្សេង​ទៀត ។

មេធាវី​២​រូប​នៃ​គ្រួសារ​របស់ FAROOK អះអាង​ថា បណ្តា​សាច់ញាតិ​គេ​មានការ​ក្តុកក្តួល​ដោយ​ពុំ​គិត​ថា រូបគេ​ប្រព្រឹត្ត​បែប​នេះ​ឡើយ ។ ផ្ទុយ​ពី​បងប្រុស​គេ​បើ​តាម​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា ជា​អតីត​យុទ្ធ​ជន​មួយ​រូប​ទទួល​បាន​មេដាយ​នានា​ក្នុង​កង​ម៉ា​រី​ន ។

យោង​តាម​សាច់ញាតិ​របស់​គេ​ថា FAROOK ជា​មនុស្ស​សុភាព​រាបសារ ហើយ​ជា​មនុស្ស​ពុំ​សូវ​មាត់ក​ច្រើន​ដែល​រស់នៅ​តាម​បែប​អា​មេ​រិ​ក ហើយ​គេ​បាន​រៀប​ការ និង​មានកូន​ស្រី​ម្នាក់ ។ រូបគេ​កាលពី​ឆ្នាំទៅ​មិ​ញ​ទទួល​បាន​ប្រាក់​រហូត​ដល់​៧៧.០០០​ដុល្លារ ។ FAROOK បាន​ជួប​ជាមួយ​ប្រពន្ធ​គេ​កាលពី​ឆ្នាំ​២០១៣ នៅ​ឯ​ទី​ណាត់ជួប​គ្នា​មួយ ហើយ​បាន​រៀប​ការ​នឹង​គ្នា​កាលពី​ឆ្នាំ​២០១៤ នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជា​កន្លែង​ដែល​នាង​រស់នៅ បន្ទាប់​ពី​ធំធាត់​នៅ​ប៉ា​គី​ស្ថាន ។ សហសេវិក​របស់​គេ​ម្នាក់​ឈ្មោះ CHRISTIAN NWADIKE ថ្លែងប្រាប់ FBI ថា ពេល​វិល​ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ FAROOK ស្រាប់តែ​លែង​មាន​ចរិត​ដូច​ពី​មុន ។ ខ្ញុំ​គិត​ថា បែប​នេះ​មក​ពី​គេ​រៀប​ការ ជាមួយ​នារី​ភេរវ​ករ​ម្នាក់ ។

មេធាវី​គ្រួសារ FAROOK និយាយ​ថា នាង TASFEEN MALIK ជានា​រី​មេផ្ទះ​ម្នាក់ ដែល​យកចិត្តទុកដាក់​មើលថែ​កូន ហើយ​ពុំ​រៀន​បើករថយន្ត​ឡើយ ថែម​ទាំង​តែង​បិទមុខ​ជិត ។ មេធាវី​ទាំងនេះ​បន្ត​ថា គ្រួសារ​នាង​ជា​អ្នក​ប្រកាន់​ប្រពៃណីបំផុត​ដែល​បុរស និង​នារី ពុំ​ស្ថិត​ក្នុង​បន្ទប់​ជាមួយ​គ្នា​ឡើយ ។

នៅ​ប៉ា​គី​ស្ថាន អតីត​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ BAHAUDDIN ZAHARIYA UNIVERSITY លោក KHALID TANBAZ និយាយ​ពី​នាង TASHFEEN MALIK ថា​ជា​និស្សិត​ស្រី​ដ៏​ស្រស់​ចិញ្ចែង​ម្នាក់ ។ ក៏​ប៉ុន្តែ​និស្សិត​ស្រី​ម្នាក់​នាង ABDIA RANI និយាយ​ប្រាប់ AFP ថា នាង TAHFEEN ងាក​បន្តិច​ម្តង​ៗ​ទៅ​រក​សាសនា​ដោយ​ក្លាយទៅជា​នារី​លែង​សូវ​និយាយ​ស្តី​ច្រើន ៕