ក្រុង​បា​ដា​ដ​ស្នើ​តួ​ក​គី​ឱ្យ​ដកទ័ព​ចេញពី​អីុ​រ៉ា​ក់

​ប្រទេស​អីុ​រ៉ា​ក់កាលពី​ថ្ងៃ​ទី​៥ ធ្នូ បាន​ស្នើដល់​តួ​ក​គី​ឱ្យ​ដក​កងទ័ព​ដាក់​ពង្រាយ​លើ​ដែនដី​ខ្លួន ដោយ​ក្រុង​បា​ដា​ដ​អះអាង​ពី​អធិបតេយ្យភាព​ពេល​ដែល​ការ​បញ្ជូន​កង​ទាហាន​បរទេស ដើម្បី​តស៊ូ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កំពុង​ជា​កម្មវត្ថុ​នៃ​ការ​ជជែក​ដេញដោល​គ្នា​នៅ​អីុរ៉ា​ក់ ។

នាយក​រដ្ឋមន្ត្រី​អីុរ៉ា​ក់ លោក​ហៃ​អីុ​ឌ័​រ អាល់​អា​បា​ឌី ក្នុង​សេចក្តី​ប្រកាស​មួយគូ​សបញ្ជាក់​ថា អាជ្ញាធរ​អីុ​រ៉ា​ក់​អំពាវនាវ​ដល់​តួ​ក​គី​ឱ្យ​ដកថយ​ជា​បន្ទាន់​ចេញពី​ដែនដី​អីុ​រ៉ា​ក់ ។ លោក​អះអាង​ថា វត្តមាន​កងទ័ព​តួ​ក​គី​ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យភាព​អីុ​រ៉ា​ក់ ។

សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី ANATOLIE ថា​ទាហាន​តួ​ក​គី​ប្រមាណ​ជា​១៥០​នាក់ បាន​មក​ដល់​តំបន់​ម៉ូ​ស​ស៊ុ​ល​ភាគ​ខាងជើង​អីុរ៉ា​ក់ ដើម្បី​ជំនួស​កងទ័ព​ដែល​មក​ជួយ​បណ្តុះបណ្តាល​កងកម្លាំង​ឃើ​ត​អីុ​រ៉ា​ក់ ដែល​តស៊ូ​ត​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ត្រួតត្រា​ក្រុង​ម៉ូ​ស​ស៊ុ​ល​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤​មក ។

លោក​អា​បា​ឌី បាន​តវ៉ា​ថា តួ​ក​គី​បាន​បញ្ជូន​មក​កាន់​ដែនដី​អីុ​រ៉ា​ក់​នូវ​កងទ័ព ដែល​មាន​ជិត​មួយ​កងវរសេនាធំ រថពាសដែក​ជាមួយ​បណ្តា​រថក្រោះ និង​កាំភ្លើង​ធំ ហើយដោយ​ពុំ​សុំ​ការ​យល់ព្រម​របស់​អាជ្ញាធរ​អីុ​រ៉ា​ក់​ឡើយ ។

ក្រសួងការបរទេស​អីូ​រ៉ា​ក់​ចំពោះ​រឿង​នេះ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​តួ​ក​គី ដើម្បី​ធ្វើការ​តវ៉ា ខណៈ​ប្រធានាធិបតី​អីុ​រ៉ា​ក់ លោក​ហ្វា​អា​ដ ម៉ាស​ស៊ូ​ម ជា​ជនជាតិ​ឃើ​ត​ចាត់​ទុក​ចលនា​របស់​កងទ័ព​តួ​ក​គី​នេះ​ថា ជា​ការ​រំលោភ​បំពាន​លើ​ច្បាប់​អន្តរជាតិ ។

យោង​តាម​កាសែត​តួ​ក​គី​មួយ​ថា ការ​ដាក់​ពង្រាយ​កងទ័ព​ថ្មី​នេះ​អាច​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​មួយ​ដែល​សំដៅ​បង្កើត​មូលដ្ឋាន​យោធា​តួ​ក​គី​អចិន្ត្រៃយ៍​មួយ​ក្នុង​តំបន់ BASHIQA ៕