សមត្ថកិច្ច ៖ ក្រុម​ចោរប្លន់​ផ្ទះ​ប្តូ​ប្រាក់និង​ វេរ​លុយ​វី​ង​​​នៅ​ស្រុក​មោងឫស្សី​ ជា​មុខសញ្ញា​ចាស់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​នៅ​មិន​ទាន់​ផ្ដល់​ភាព​វិជ្ជមាន​ ណាមួយ​អំពី​មុខសញ្ញា​ក្រុម​ចោរ​ កាំភ្លើង​អាកា​ដែល​ចូល​ប្លន់​ផ្ទះ​អាជីវករ​ប្ដូរ​ប្រាក់ និង​វេរ​លុយ​វី​ង នៅ​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី កាល​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅឡើយ​ទេ ប៉ុន្តែ​បាន​អះអាង​ថា កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ហើយ​ខ្មាន់កាំភ្លើង​ទំនងជា​មុខ​សញ្ញា​ចាស់ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​​ប្លន់​​នៅ​ក្នុងស្រុក​មោងឫស្សី​កាលពី​ពេល​កន្លង​ មក ។

ស្នងការ​រង​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ប្រាប់​«​កោះសន្តិភាព​»​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ថា តាម​រយៈ​ការ​សាកសួរ​ជន​រង​គ្រោះ និង​ប្រភព​នានា​ដែល ​កម្លាំង​ជំនាញ​ទ​ទូល​បាន ក្រុម​ជន​មិន​ស្គាល់​មុខ​ប្រដាប់​ដោយ​កាំភ្លើង​ វែង​ខ្លី​ចូល​ប្លន់​ផ្ទះ​«​ ប្តូ​ប្រាក់ និង​វេរ​លុយ​វី​ង​» កាលពី​​ប៉ុន្មាន​ថ្ងៃមុន នៅ​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​នោះ យើង​សង្ស័យ​ក្រុម​នេះ​ជា​មុខសញ្ញា​ចាស់ ដែល​សមាសភាព​ មួយ​ចំនួន​ជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធ​នា​គារ​ទៀត​ផង ។ លោក​បញ្ជាក់​ថា ក្រុម​នេះ​ហាក់​បាន​បង្ហាញ​អំពី​សកម្មភាព​ដដែល​ៗ​ក្នុង​ការ​ប្រ​ព្រិ​ត្ត​ អំពើ «​ប្លន់​» ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង ​០០:១០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ធ្នូ ជន​មិន​ស្គាល់​មុខ ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ «​ប្តូ​ប្រាក់ និង​វេរ​លុយ​វី​ង​» មួយ​កន្លែង នៅ​ក្នុងភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ដោយ​ចាប់​ម្ចាស់ផ្ទះ​ឈ្មោះ​ ទូច ងឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ចង រួច​ប្លន់​យក​អស់​នូវ​គ្រឿងអលង្ការ លុយ និង​សម្ភារ​មួយ​ចំនួន​ទៀត ហើយ​គេចខ្លួន ​ដោយ​សុវត្ថិភាព ខណៈ​ដែល​គ្រួសារ​នេះ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក ។

បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា ក្រុម​ចោរ​មាន​គ្នា​៣​នាក់​បាន​គាស់​ទ្វារ និង​ចម្រឹង​ប​ង្អូ​ច​ចូល​ក្នុងផ្ទះ ចាប់​បុរស​ជា​ប្ដី​ចង ហើយ​ភ្ជង់​គំរាម​ប្រពន្ធ កូន រួច​រើ​កកាយ​យក​លុយ គ្រឿងអលង្ការ និង​របស់រប​ជា​ច្រើន​ទៀត ។ ប្រភព​ពី​សមត្ថកិច្ច​ដដែល​បញ្ជាក់​ថា បន្ទាប់​ពី​ក្រុម​ចោរ​ទាំង​៣​នាក់​ប្រមូល​បានទ្រព្យ​សម្បត្តិ​រួច​ហើយ​ពួក​ វា​បាន​អូស​យក​ម៉ូតូ​ជន​រង​គ្រោះ​១​គ្រឿង​ទៀត ដើម្បី​ជិះ​ចេញពី​កន្លែង​កើតហេតុ ។ ប៉ុន្តែ​ព្រឹក​ឡើង​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​ម៉ូតូ​នោះ​វិញ ដែល​ក្រុម​ចោរ​ជិះ​ឌុ​ប​គ្នា​ដើម្បី​គេចខ្លួន រួច​យក​ទៅ​ប្លុង​ចោល​ក្នុង​វាលស្រែ​ក្បែរ​ផ្លូវជាតិ​ចម្ងាយ​ប្រហែល​មួយ​ គីឡូម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ ។

ជន​រង​គ្រោះ​លោក ទូច ងឿ​ន បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ចោរ​បាន​គាស់​ទ្វារ​ប​ង្អូ​ច​ចូល ពេល​ក្រុម​គ្រួសារ​គាត់​កំពុង​ដេក​លក់ ។ ពួក​វា​បាន​សម្រុក​ចូល​ក្នុងផ្ទះ​រួច​ភ្ជង់​ចាប់​គាត់​ចង​ភ្លាម​ៗ ខណៈ​បក្ខ​ពូក​វា​មួយ​ចំនួន​ទៀត រើ​កកាយ​យក​ទ្រព្យសម្បត្តិ និង​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​កូន​គាត់ ដោយ​គំរាម​មិន​ឲ្យ​ស្រែក​ឡើយ ។ លោក ទូច ងឿ​ន បាន​បញ្ជាក់​ថា ក្រុម​ចោរ​បាន​ប្លន់​យក​លុយ​គាត់​អស់​៣០​លាន​រៀល​, ៣​ម៉ឺន​បាត​, គ្រឿងអលង្ការ​ប្លា​ទី​ន​សរុប​ចំនួន​១៤​ជី និង​ម៉ូតូ​១​គ្រឿង តែ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​វិញ ដោយសារ​ពួក​វា​ជិះ​យក​ទៅ​ប្លុង​ចោល​ក្នុង​វាលស្រែ ដើម្បី​គេចខ្លួន ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច នេះ​ជា​ករណី​ប្លន់​លើក​ទី​៦​ហើយ​សម្រាប់​ខេត្តបាត់ដំបង បើ​គិត​ចាប់ពី​ថ្ងៃ​ទី​១ មក​រា រហូត​ដល់​ថ្ងៃ​ទី​៥ ធ្នូ ២០១៥​នេះ រីឯ​មុខសញ្ញា​ជន​ដៃដល់ សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ផង​ដែរ ។ តាម​ការ​កត់សម្គាល់ ជន​មិន​ស្គាល់​ដែល​ប្រ​ព្រិ​ត្ត​អំពើ​ប្លន់​នេះ ស្ទើរ​រាល់​លើក​ត្រូវ​គេ​មើលឃើញ​ថា ភាគច្រើន​ពួក​គេ​បិទមុខ​ពេល​ធ្វើ​សកម្មភាព និង​ប្រើប្រាស់​កាំភ្លើង​វែង​ខ្លី វាយដំ​ទៅ​លើ​ជន​រង​គ្រោះ​ឲ្យ​មាន​របួស​ស្នាម និង​បាញ់​គំរាម តែ​មិន​មានការ​បាញ់​សម្លាប់​ជន​រង​គ្រោះ​នោះ​ទេ ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត​បាន​បញ្ជាក់​ដែរ​ថា សំណុំរឿង​«​ប្លន់​»​មួយ​ចំនួន​ត្រូវ​បាន​បំបែក ថែម​ទាំង​ឃាត់ខ្លួន​ជន​ប្រ​ព្រិ​ត្ត​បញ្ជូន​ទៅ​តុលា​ការ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ផង​ដែរ ប៉ុន្តែ​មុខសញ្ញា​មួយ​ចំនួន​បាន​គេចខ្លួន និង​បន្ត​ធ្វើ​សកម្មភាព​រហូត​មក​ដល់​ពេល​នេះ ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ និង​ស្វែងរក​ចាប់ខ្លួន ។ លោក​បាន​បន្ថែម​ថា មុខសញ្ញា​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ថា ជា​ទណ្ឌិត​ដែល​ទើប​ចេញពី​ពន្ធនាគារ​ទៀត​ផង ហើយ​រហូត​មក​ដល់​ពេល​នេះ​កម្លាំង​ជំនាញ​នៅ​តែ​ទ​ទូល​បទបញ្ជា​ពី​លោកស្នងការ​ ខេត្ត ឲ្យ​បន្ត​ការ​ស៊ើបអង្កេត​នៅ​ជុំវិញ​តំបន់​កើតហេតុ​នៅឡើយ ៕

សមត្ថកិច្ច ៖ ក្រុម​ចោរប្លន់​ផ្ទះ​ប្តូ​ប្រាក់និង​ វេរ​លុយ​វី​ង​​​នៅ​ស្រុក​មោងឫស្សី​ ជា​មុខសញ្ញា​ចាស់

សមត្ថកិច្ច ៖ ក្រុម​ចោរប្លន់​ផ្ទះ​ប្តូ​ប្រាក់និង​ វេរ​លុយ​វី​ង​​​នៅ​ស្រុក​មោងឫស្សី​ ជា​មុខសញ្ញា​ចាស់
សមត្ថកិច្ច ៖ ក្រុម​ចោរប្លន់​ផ្ទះ​ប្តូ​ប្រាក់និង​ វេរ​លុយ​វី​ង​​​នៅ​ស្រុក​មោងឫស្សី​ ជា​មុខសញ្ញា​ចាស់
សមត្ថកិច្ច ៖ ក្រុម​ចោរប្លន់​ផ្ទះ​ប្តូ​ប្រាក់និង​ វេរ​លុយ​វី​ង​​​នៅ​ស្រុក​មោងឫស្សី​ ជា​មុខសញ្ញា​ចាស់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត