ព្រឹត្តិការណ៍​វាយ​កូន​បាល់​ITF Futures ដំណាក់កាល​ទី​2​រក​ឃើញ​អ្នក​លើក​ពាន​លោក​ទេព ឃុន​ណា បាន​ហើយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Futures ដំណាក់កាល​ទី​២​ដែល​មានឈ្មោះ​ថា GLF TEP KHUNNAH MEMORIAL ដែល​បាន​ចាប់ផ្ដើម​ដំណើរការ​តាំងពី​ថ្ងៃ​ទី​១​ធ្នូ​នៅ​លើ​ទីលាន​មជ្ឈមណ្ឌល​ជាតិ​កីឡា​វាយ​កូន​បាល់​មក​ដល់​ថ្ងៃ​ទី​៥​ធ្នូ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​រក​ឃើញ​អ្នក​ឈ្នះ​លើក​ពាន​មួយ​នេះ​បាន​ហើយ ។

ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​បានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ដោយ​មាន​កីឡាករ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​មាន​ដូច​ជា​កម្ពុជា ថៃ វៀតណាម ឡាវ ជប៉ុន កោះ​តៃវ៉ាន់ កូរ៉េ បារាំង អង់គ្លេស ហូ​ឡង់ និង​អា​មេ​រិ​ក​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​២​ប្រភេទ​គឺ​ប្រកួត​វាយ​គូ និង​ប្រកួត​វាយ​ទោល​។ ថ្វី​ដ្បិតតែ​កម្ពុជា​មិន​បាន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​មែន ក៏​ប៉ុន្តែ​ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ព្រោះថា ទម្រាំ​ឡើង​មក​ដល់​វគ្គ​នេះ គឺ​មាន​សភាព​ស្វិតស្វាញ​បំផុត ។

ជា​លទ្ធផល​ការ​ប្រកួត​លើ​វិញ្ញាសា​វាយ​ទោល កីឡាករ​កូរ៉េ Soon Woo Kwon បាន​ទម្លាក់​កីឡាករ​កោះ​តៃវ៉ាន់​ដែល​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ឱ្យ​ធ្លាក់​មក​នៅ​ជា​ជើងឯក​រង​ទាំង​មិនគួរ​ឱ្យ​ជឿ​ជាមួយនឹង​លទ្ធផល​៦-៣ និង​៦-៣​។ គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​កូរ៉េ​រូប​នេះ​ធ្លាប់​ដណ្ដើម​បាន​ពាន​ជើងឯក ITF Futures ដំណាក់កាល​ទី​១​ដែល​មានឈ្មោះ​ថា GLF Open 2015 រួច​ម្ដង​មក​ហើយ ។

ចំណែក​ការ​ប្រកួត​លើ​វិញ្ញាសា​វាយ​គូ​វិញ​នោះ​តំណែង​ជា​ម្ចាស់​ជើងឯក​បាន​ទៅ​លើ​កីឡាករ​កូរ៉េ​ឈ្មោះ​NAM Hyun-Woo និង​SEOL Jee.Min​ក្រោយ​ពី​បាន​វាយ​ទម្លាក់​កីឡាករ​អង់គ្លេស​ឈ្មោះ​GABB Richard ដែល​បាន​ចាប់​ដៃគូ​ជាមួយ​កីឡាករ​ហូ​ឡង់​ឈ្មោះ NIESTEN Miliaan ឱ្យ​ចាញ់​នៅ​ក្នុង​លទ្ធផល​ពិន្ទុ​៧-៥ និង​៧-៦ ។

លោក​ទេស​រដ្ឋមន្ត្រី​ចម ប្រសិទ្ធ បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​ផ្ដាំផ្ញើ​ដល់​កីឡាករ​កម្ពុជា​ឱ្យ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត ព្រោះ​ព្រឹត្តិការណ៍ ITF Futures មួយ​នេះ នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ថ្មី​សម្រាប់​កីឡាករ​កម្ពុជា​យើង​។ ដូច្នេះ​បើ​ទោះជា​មិន​បាន​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ​ក្ដី ក៏​យើង​នៅ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ដណ្ដើម​មេដាយ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែរ ៕