5​គូ​អន្តរជាតិ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ ខ្មែរ​ឈ្នះ​2 ចាញ់​2 ស្មើ​1

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ និង​ព្រឹក​ថ្ងៃអាទិត្យ ម្សិលម្ង៉ៃ និង​ម្សិលមិញ កីឡាករ​កម្ពុជា និង​ថៃ បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត ។ កីឡាករ​កម្ពុជា មានសំណាង​បាន​ឈ្នះ​តែ​២​គូ​ប៉ុណ្ណោះ ក្នុង​ចំណោម​៥​គូ​អន្តរជាតិ​ដែល​បាន​ធ្វើការ​តតាំង​គ្នា ខណៈ​ភាគី​ថៃ​ក៏​ឈ្នះ​២​គូ​ដូច​គ្នា ហើយ​មួយគូ​ទៀត​គឺ​ស្មើគ្នា ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ពេល​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦ ធ្នូ ម្សិលមិញ ហាក់​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ដិតអារម្មណ៍​នឹង​ការ​ប្រកួត​ខ្លាំងក្លា​ជាងគេ ។ ជា​ពិសេស​នៅ​ពេល​គូ​ឯក​រវាង​ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះភេ​ច អា​រុណ (Phach Aroun) នៅ​លើ​សង្វៀន​។ គូ​នេះ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត ហើយ​ក៏​មាន​អ្នក​ទស្សនា​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​ផង​ដែរ ដោយសារ​តែ​កីឡាករ​ថៃ​ត្រូវ​ឡើង​មក​ប្រកួត​ក្នុង​នាម​សងសឹក ហើយ​គេ​បើក​ឆាក​វាយលុក​យ៉ាង​ខ្លាំង​តាំងពី​ដំណាក់កាល​ដំបូង​។ ប៉ុន្តែ ពុទ្ធ ឆាយ​រិ​ទ្ធី ក៏​បាន​ស្វាគមន៍​ដោយ​កណ្ដាប់ដៃ និង​កែង​គួរ​ឲ្យ​ញាក់សាច់​ណាស់​ដែរ ក្នុង​ការ​ការពារ​ជ័យជម្នះ​របស់​ខ្លួន​ដែល​ធ្លាប់​ទទួល​បាន ។

អ្នក​ទាំង​ពីរ​កាល​ប៉ះ​គ្នា​លើក​មុន កីឡាករ​ថៃ​ចាញ់​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​ទើប​លើក​នេះ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ខ្លាំង​ប៉ះ​ខ្លាំង ។ ការ​ប្រកួត​កាន់តែ​ក្ដៅ​គគុក​ចាប់ពី​ទឹក​ទី​៣​ឡើង​ទៅ ដោយ​កីឡាករ​កម្ពុជា​ក៏​បង្កើន​ម៉ាស៊ីន​វាយលុក ហើយ​កីឡាករ​ថៃ​ក៏​បង្កើន​សន្ទុះ​ដោយ​មិន​បន្ថយ​ដៃ​ដើម្បី​សងសឹក​ដូច​គ្នា ។ យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​អ្នក​ទស្សនា​ផ្ទាល់​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ក្រោកឈរ​ផង ទះដៃ​ផង ដើម្បី​គាំទ្រ​ដល់​កីឡាករ​ម្នាក់​ៗ ។

ការ​ប្រកួត​គូ​នេះ នៅ​ទឹក​ទី​៤ និង​ទី​៥ កីឡាករ​ថៃ​ចាប់ផ្ដើម​មាន​ប្រៀប​ល្អ​ជាង ទើប​ក្នុង​ពេល​ប្រកាស​លទ្ធផល​ជ័យជម្នះ​បាន​ធ្លាក់​ទៅ​លើ​កីឡាករ​ភិ​ច អា​រុណ ដែល​មាន​ន័យ​ថា គេ​ឡើង​មក​សងសឹក​ពុទ្ធ ឆាយ​រិ​ទ្ធី លើក​នេះ គឺ​បាន​សម្រេច ។ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​កីឡាករ​កម្ពុជា​ខកចិត្ត​ផង​ដែរ ខណៈ​ដែល ពុទ្ធ ឆាយ​រិ​ទ្ធី ដែល​ប្រឹង​អស់ពី​សមត្ថ​ភាព​ក៏​បង្ហាញ​ការ​ខកចិត្ត​ដូច​គ្នា​ចំពោះ​អ្វី​ដែល​ខ្លួន​ការពារ​ជ័យជម្នះ​ដូច​លើក​មុន​មិន​បាន​។ ចំពោះ​គូ​អន្តរជាតិ​២​ទៀត​នៅ​លើ​សង្វៀន​នោះ​ដែរ កីឡាករ​ជើង​ថ្មី​កម្ពុជា ម៉ៅ ដាំ​ដូច មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ បាន​បើក​ប្រវត្តិសាស្ត្រ​វាយ​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ Song Sak ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ក្នុង​ពេល​ដែល​មក​ប្រកួត​ជំនួស​កីឡាករ​ថៃ​ឈ្មោះ ផា រ៉ា​វី (Pha Ravy) ដែល​បាន​អវត្តមាន ។ កីឡាករ​កម្ពុជា ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​របស់​លោក​មាស សុខ​គ្រី ដែល​ធ្លាប់តែ​ទទួល​ជោគជ័យ បាន​ក្លាយជា​អ្នក​ចាញ់​ពិន្ទុ​យ៉ាង​អាម៉ាស់​ក្រោម​ដៃ​កីឡាករ​ថៃ​ឈ្មោះ ថត ស៊ី​ង (Torth Sing) ។

នៅ​លើ​សង្វៀន​អន្តរជាតិ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥​ធ្នូ ម្សិលម្ង៉ៃ​វិញ ក៏​កក្រើក​ណាស់​ដែរ នោះ​ជា​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​ថៃ​ចំនួន​៤​រូប ។ កីឡាករ អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ បាន​បំបាក់​កីឡាករ​ថៃ​ឈ្មោះ Khong Park ដូច​ការ​គ្រោងទុក បើ​ទោះជា​កីឡាករ​រូប​នេះ​ត្រូវ​គេ​អះអាង​ថា ខ្លាំង​មក​ពី​ទីក្រុង​បាងកក ។ តាំងពី​ដើម​ទឹក​ទី​១ កីឡាករ​ទាំង​ពីរ​សម្រុក​ដាក់​គ្នា​ទៅ​មក​ៗ មិន​បាន​សំចៃ​ដៃ​នោះ​ទេ ដោយ​ហោច​ណាស់​ក៏​មាន​អ្នក​ទស្សនា​មិន​តិច​ជាង​ពាក់កណ្ដាល​នោះ​ដែរ បង្ហាញ​សកម្មភាព​តាម​សង្វា​ក់​នៃ​ការ​វាយតប់​របស់​ពួក​គេ ហើយ​មាន​ខ្លះ​ក្រោកឈរ​ទះដៃ​គាំទ្រ​កីឡាករ​ដែល​ខ្លួន​ពេញចិត្ត ។ ប៉ុន្តែ​គូ​នេះ កីឡាករ​កម្ពុជា​ចាប់ផ្ដើម​រក​ឃើញ​ចំណុចខ្សោយ​របស់​កីឡាករ​ថៃ​ក្នុង​ទឹក​ទី​២ ដោយនៅ​ពាក់កណ្ដាល​ទឹក​នេះ កីឡាករ អ៊ុ​ង វិ​រៈ វាយ​ម៉ាត់​ឆ្វេង​-​ស្ដាំ និង​កែង​ដ៏​មុត​ស្រួច​របស់​ខ្លួន​ត្រូវ​ចំ​គោលដៅ​ហួស​ពី​ការ​ស្មាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោកញ្ជ្រៀវ​។

កីឡាករ​ថៃ​ដែល​ខ្លាំង​ជើង និង​កែង​ដូច​គ្នា ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​ដួល​លើ​រេញ​ដដែល បន្ទាប់​ពី​ការ​វាយ​សន្ធាប់​របស់​អ៊ុ​ង វិ​រៈ ។ អ៊ីចឹង​ហើយ​ទើប​អ្នកគាំទ្រ​ភាគច្រើន​ទះដៃ​ព្រម​គ្នា ដោយ​គ្រាន់តែ​មានការ​ប្រកាស​ថា កីឡាករ​ថៃ Khong Park សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២ ព្រោះតែ​មិន​អាច​ក្រោក​រួច​ក្រោយ​រាប់​ដល់​១០ ។ មួយគូ​អន្តរជាតិ​ទៀត ក៏​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​មិន​អន់​ប៉ុន្មាន​ដែរ រវាង​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លិប​ក្រសួងការពារជាតិ និង​កីឡាករ​ថៃ ភេ​ច​ណាំ​អេក​។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ធ្វើ​ឲ្យ​បែក​ផ្កាភ្លើង​មិន​ខុស​ពី​សត្រូវ​ស៊ីសាច់​ហុច​ឈាម​នោះ​ទេ ។ បើ​ទោះជា​ភាគី​ម្ខាង​ឡើង​ប៉ោង​មុខ និង​បែក​ដោយ​អន្លើ ក៏​ការ​ប្រកួត​នៅ​តែ​បាន​ធ្វើ​ឡើង​ដោយ​មិន​ចុះ​ញ៉ម ។ លទ្ធផល​ចុង​ក្រោយ​របស់​គូ​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ស្មើ ដោយសារ​តែ​ពិន្ទុ​ដែល​ម្នាក់​ៗ​ដណ្ដើម​បាន​ប្រទាញប្រទង់​គ្នា​ខ្លាំង ។

សរុប​មក​៥​គូ​ដែល​បាន​ប្រកួត​គ្នា​នៅ​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ និង​ព្រឹក​ថ្ងៃអាទិត្យ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​កម្ពុជា​២​រូប​គឺ អ៊ុ​ង វិ​រៈ និង​ម៉ៅ ដូច​ដាំ ឈ្នះ​ថៃ ២​រូប​ទៀត​គឺ​ពុទ្ធ ឆាយ​រិ​ទ្ធី និង​ង៉ែត រ​ដ្ឋា​ចាញ់​ថៃ ហើយ​សុខ សុវណ្ណ ដែល​ជា​ជើង​ថ្មី​មួយ​រូប​បាន​ត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​ថៃ​ប៉ុណ្ណោះ ៕