មន្រ្តីរាជរដ្ឋាភិបាល៖ បក្សប្រឆាំង​លើកឡើង​ គ្រាន់តែ​ជាការ​លួងចិត្ត ខ្លួនឯង​

ភ្នំពេញ៖ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងថា សេចក្តីប្រកាសព័ត៌មាន របស់គណបក្ស សង្រ្គោះជាតិ នៅព្រឹកថ្ងៃអាទិត្យទី៦ ខែធ្នួ ឆ្នាំ២០១៥នេះ គឺលើកទឹកចិត្តខ្លួនឯងប៉ុណ្ណោះ ដើម្បីបោកប្រាស់ ប្រជាពលរដ្ឋយកសំឡេងឆ្នោត នៅអាណត្តិក្រោយ។

ការចេញប្រតិកម្មរបស់លោក ផៃ ស៊ីផានបែបនេះ ក្រោយពីគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលមានអត្ថន័យថា គណបក្សសង្រ្គោះជាតិ ជាគណបក្សនយោបាយមួយ ដែលជាក្តីសង្ឃឹមតែមួយគត់ របស់ប្រជាពលរដ្ឋខ្មែរ ហើយនឹងឈានទៅដឹកនាំប្រទេស ក្នុងពេលដ៏ឆាប់ខាងមុខ ដើម្បីឲ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាន សម្រាប់ផលប្រយោជន៍ ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។

លោក ផៃស៊ីផាន បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នេះជា សមត្ថភាពរបស់គណបក្សសង្រ្គោះជាតិ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មខ្លួនឯង ប៉ុន្តែប្រជាពលរដ្ឋបានដឹងច្បាស់ហើយថា ក្នុងរយៈពេល៥អាណត្តិកន្លងមក គណបក្សប្រឆាំងមួយនេះ មិនដែលទទួលបានការគាំទ្រ ពីប្រជាជនម្តងណានោះទេ គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលប្រជាពលរដ្ឋបោះឆ្នោត គាំទ្រសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីរហូតមក។

លោកបញ្ជាក់ថា “យើងជឿជាក់ថា សមត្ថភាពដែលលើកឡើង ដោយ កឹម សុខា ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ដើម្បីឲ្យល្បីល្បាញប៉ុណ្ណោះ  គឺអត់មានការ ផ្លាស់ប្តូរនិងកែប្រែនោះទេ។យើងធ្វើតាំងពីបាត់ដៃទទេ តាំងពីមានសង្រ្គាម រហូតដល់មានសន្តិភាព តាំងពីចំណាត់ថ្នាក់ក្ររហូតដល់មធ្យម”។

ព្រមជាមួយគ្នានេះដែរ សេចក្តីប្រកាសព័ត៌មាន គណបក្សប្រឆាំងនេះ បានលើកឡើងទៀតថា គណបក្សសង្រ្គោះជាតិ ជាគណបក្សនយោបាយមួយ ដែលមានការអនុវត្តន៍ តាមវិជ្ជាជីវៈ តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យជាសកល៕

មន្រ្តីរាជរដ្ឋាភិបាល៖ បក្សប្រឆាំង​លើកឡើង​ គ្រាន់តែ​ជាការ​លួងចិត្ត ខ្លួនឯង​