​អ្នក​ភូមិ​ឃុំ​កោះ​សំពៅ​ឆ្លង​ទៅ​​​​វៀតណាមព្យា​បាលជំងឺ​​​ព្រោះ​ឃុំ​​​គ្មាន​មណ្ឌល​សុខភាព

​​ខេត្ត​ព្រៃវែង ៖ ​​អ្នក​ភូមិ​​​​​នៅ​ឃុំ​កោះ​សំពៅ បានឱ្យ​​កោះសន្តិភាព​ដឹង​ថា ច្រើន​ឆ្នាំ​មក​ហើយ​ ឃុំ​​​ពួក​គាត់​​មិន​ដែល​មាន​មណ្ឌល​សុខភាព​នោះ​ទេ ពេល​ឈឺ​ស្កាត់​ម្តងៗ​ ពិសេស​ស្ត្រី​ពោះធំ​ត្រូវ​​សម្រាល​កូន គឺ​ត្រូវ​ឆ្លងទន្លេ​ និង​ឆ្លង​ព្រំដែន​ចូល​ទៅ​ប្រទេសវៀតណាម ដើម្បី​ទទួល​បានការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ ។

​អ្នក​ភូមិ​​ទាំង​​នេះ​ បាន​បញ្ជាក់​ថា ការ​ឆ្លង​ព្រំដែន​ចូល​ទៅ​ប្រទេស​គេ​មិន​ងាយស្រួល​នោះ​ទេ ពិសេស​​នៅ​ពេល​យប់​ព្រលប់ ​ទម្រាំ​តែ​សុំ​សមត្ថកិច្ច​ខាងគេ​បាន គឺ​លំបាក​ណាស់ ពេល​ខ្លះ​អ្នក​ជំងឺ​ដែល​​មាន​សភាព​មិន​ទាន់​ធ្ងន់​ ក៏​ក្លាយទៅជា​ធ្ងន់ធ្ងរ​ដែរ ដោយសារ​តែ​រង់​​ចាំ​សុំ​សមត្ថកិច្ច​ទាំងនោះ​យូរ​ពេក ប៉ុន្តែ​ពួក​គាត់​គ្មាន​ជម្រើស​ទេ ព្រោះ​បើ​ទៅ​មណ្ឌល​សុខភាព​នៅ​ឯ​ឃុំ​ផ្សេង ឬ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​វិញ គឺ​វា​មាន​ចម្ងាយ​ឆ្ងាយ​ជាង​ឆ្លង​ទៅ​វៀតណាមទៅ​ទៀត ហើយ​ផ្លូវ​ក៏​​ពិបាក​ថែម​ទៀត​ផង ផ្លូវ​ជា​ច្រើន​ខ្សែ​ក្នុង​ឃុំ​ពោរពេញ​ទៅ​ដោយ​ភក់ល្បាប់ និង​​ជង្ហុក​​ជ្រៅ​ៗ​ស្ទើ​រទៅ​ជា​ប្រឡាយ​ទៅ​ហើយ តែ​គ្មាន​អាជ្ញាធរ​ណា​អើ​ពើ និង​គិតគូរ​ជួសជុល​នោះ​ទេ​ ។

ដោយសារ​តែ​ជួបការ​លំបាក​ខ្លាំង ក្នុង​ការ​ស្វែងរក​សេវា​សុខាភិបាល​នេះ ទើប​អ្នក​ភូមិ​​នៅ​ឃុំ​កោះ​សំពៅ ​សូម​​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំងអស់ ពិសេស​មន្ទីរ សុខាភិបាល មេត្តា​ជួយ​សាងសង់​អគារ​មណ្ឌល​សុខភាព​មួយ​នៅ​ក្នុង​ឃុំ​កោះ​សំពៅ​នេះ​ផង ដើម្បី​កុំឱ្យ​​ពួក​គាត់​ពិបាក​ឆ្លង​ទៅ​រក​គ្រូពេទ្យ​នៅ​ប្រទេស​គេ​ទៀត ​។

លោក ម៉​ម សំបូរ មេឃុំ​កោះ​សំពៅ​ បាន​ឱ្យ​​ដឹង​ថា អាជ្ញាធរ​ឃុំ​បាន​ត្រៀម​ទីតាំង​រួច​ហើយ​​សម្រាប់​​សាង​សង់​មណ្ឌល​សុខភាព គឺ​នៅ​ចំណុច​ខាងត្បូង​វត្ត​អំពៅព្រៃ កន្លង​មក​ក៏​ធ្លាប់​មាន​មន្ត្រី​សុខាភិបាលចុះ​​ពិនិត្យ​ទីតាំង​នេះ​រួច​ហើយ​ដែរ ប៉ុន្តែ​មិនដឹង​ជាយ៉ាងម៉េច ចេះ​តែ​ស្ងាត់ទៅៗ​​រហូត​មក​ដល់​ពេល​នេះ​ជិត​២​ឆ្នាំ​មក​ហើយ ​។

​​លោក សេង បញ្ញា​រិ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ​បាន​ឱ្យ​ដឹង​​ថា មណ្ឌល​សុខភាព​ឃុំ​កោះ​សំពៅ​នេះ ក្រសួង​បាន​ប្រកាស​បង្កើត និង​ចាត់តាំង​ឱ្យ​មាន​មន្ត្រី​​ជំនាញ​ធ្វើការ​រួច​​អស់ហើយ ហើយ​នៅ​ឃុំ​ចំនួន​២​ទៀត ​គឺ​ឃុំ​កោះ​រកា ​និង​ឃុំអង្គរ​អង្គ ក៏​ត្រូវ​ដាក់​ឱ្យ​​មាន​មណ្ឌល​សុខភាព​ដែរ ប៉ុន្តែ​ការ​ជាប់​គាំង​មក​ដល់​ពេល​នេះ គឺដោយសារ​តែ​មិន​ទាន់​មាន​ថវិកា​សម្រាប់​សាងសង ​៕