​អ្នកនាង ប្រាក់ រចនា ៖ ឆាប់មាន​កូន ពិតជា​អស្ចារ្យ​ណាស់​

​អ្នកនាង ប្រាក់ រចនា ៖ ឆាប់មាន​កូន ពិតជា​អស្ចារ្យ​ណាស់​

​អ្នកនាង ប្រាក់ រចនា ចែករំលែកបទពិសោធន៍ជីវិត នៃការឆាប់មានកូន ៖

​ខ្ញុំ​មាន​កូន​នៅ​អាយុ ២៦ ឆ្នាំ ខណៈពេលដែល​មិត្តភក្តិ​របស់​ខ្ញុំ នៅតែ​អាច​ទៅ​ផឹកស្រា​ក្នុង​បារ និង​សម្ភាសន៍​ការងារ​។ ពិតណាស់ ខ្ញុំ​ចេះ​រៀបចំ​ផ្ទះ រៀន​ដូរ​ខោ​ទឹកនោម​កូនក្មេង រៀន​ងូតទឹក​ឲ្យ​កូនតូច ... វា​ពិតជា​ពិបាក ប៉ុន្តែ ខ្ញុំ​ស្រឡាញ់​ការងារ​នេះ​។ ខ្ញុំ​គិតថា ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ជីវិត​មួយ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ មនុស្ស​មួយចំនួន​គិតថា ខ្ញុំ​កំពុងតែ​គិត​ខុស ដែល​ឆាប់​យក​កូន​ពេក​។​

​ពេល​ខ្ញុំ​ចូល​រៀន​ថ្នាក់​អនុបណ្ឌិត​ឡើងវិញ មិត្តភក្តិ​មាន​ការភ្ញាក់ផ្អើល នៅ​ពេល​ខ្ញុំ​ប្រាប់ថា ខ្ញុំ​មានប្តី និង​មានកូន​រួចហើយ​។​

​ខាងក្រោម​នេះ គឺជា​ហេតុផល​មួយ​ចំនួន ដែល​នាង​ខ្ញុំ​គិតថា ការ​យក​កូន នៅ​អាយុ​ក្មេង​ពិតជា​ល្អ ៖

១. មាន​ពេលវេលា​ច្រើន​
​កូន​ខ្ញុំ​នឹង​ធំ​ដឹងក្តី នៅ​ពេល​ខ្ញុំ​ចូលនិវត្តន៍​, កូន​ខ្ញុំ​អាច​មើល​ថែ​ខ្ញុំ​វិញ នៅ​ពេល​ខ្ញុំ​ចាស់​ទៅ​, ខ្ញុំ​នឹង​ក្លាយ​ជា​ចំណែក​មួយ នៅក្នុង​ជីវិត​កូន​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​អាច​មើលថែទាំ​ចៅ​ខ្ញុំ​បាន​ដែរ​។

២. រាងកាយ​ត្រឡប់​មក​រក​ភាព​ដើម​លឿន​
​ស្ត្រី​ដែល​មិន​ងាយ​យក​កូន ភាគច្រើន​ណាស់ គឺ​ពិបាក​នឹង​ត្រឡប់​រក រាងកាយ​ដ៏​ស្រស់ស្អាត មុនពេល​មាន​កូន​ណាស់​។ ពេល​នៅ​ក្មេង បន្ទាប់​ពី​អ្នក​កូន រាងកាយ​នឹង​ឆាប់​ត្រឡប់ មក​រក​ភាព​ដើម​វិញ​។ ជាក់ស្តែង សម្រាប់​ខ្ញុំ ស្នាម​សង្វារ និង​ស្នាម​ជាំមុខ​ផ្សេងៗ បាត់​អស់រលីង ក្នុង​រយៈពេល​ត្រឹមតែ ៦ ខែ បន្ទាប់​ពី​សម្រាលកូន​រួច ប៉ុន្តែ ប្រហែល​ជា​មក​ពី​ខ្ញុំ ឆ្ពុង​ថ្នាំខ្មែរ​ផង​ក៏​មិនដឹង​។

៣. ម៉ាក់​លែង​ខូចចិត្ត និង​លែង​ខ្វល់ខ្វាយ​
​មុន​ពេល​រៀបការ ឆាកជីវិត ជាក់ស្តែង​ណាស់ គឺ​ពិបាក​គ្រប់យ៉ាង​។ ពេល​យើង​នៅ​ជា​សង្សារ ម៉ាក់​ខ្ញុំ​តែង​រអ៊ូរទាំ និង​បារម្ភ​ជានិច្ច នៅ​ពេល​ខ្ញុំ​ចេញ​ទៅ​ដើរលេង​ជាមួយគ្នា ហើយ​ពេល​ខ្លះ ខ្ញុំ​ត្រូវ​កុហក​គាត់​ទៀត​ផង ថា​ទៅ​ធ្វើ​នេះ ធ្វើ​នោះ ... ហ៊ឺ ... បាប​ស្លាប់​ហើយ​ខ្ញុំ​។​

៤. សល់​លុយ​
​មាន​កូន​នៅ​អាយុ​ក្មេង យើង​អាច​មាន​ពេល​ច្រើន​រកលុយ និង​គិត​ពី​អនាគត​បានល្អ​ជាង​មុន​។ ពេល​មាន​កូន យើង​អាច​គិត​ច្រើន​បន្តិច សន្សំ​ច្រើន​បន្តិច ចាយ​តិច​បន្តិច ពីព្រោះ យើង មាន​គោលដៅ​ច្បាស់ ដែល​ខុស​ពី​មិនទាន់​រៀបការ គឺ​យើង​ចេះ​តែ​ចាយ​ទៅ ព្រោះ​គ្មាន​រឿង​អី​ត្រូវ​ខ្វល់​នោះទេ ឲ្យតែ​សប្បាយ​គឺ​បាន​ហើយ​។​

៥. ចង់​បាន​កូន មិន​មែន​ថា បាន​ភ្លាម​នោះ​ទេ​
​ការ​មាន​ផ្ទៃពោះ មិន​មែន​ថា​ចង់​ថ្ងៃនេះ ថ្ងៃស្អែក​មាន​នោះ​ទេ ម្យ៉ាងវិញទៀត អាយុ​ក្មេង ឱកាស​មានកូន គឺ​ច្រើន​ជាង​អាយុ​ចាស់​ទៅ​។ ដូច្នេះ យើង​មិន​ចាំបាច់​ព្រួយបារម្ភ ថា​អត់​កូន​នោះ​ទេ ហើយ​យើង​មាន​ពេល​ច្រើន ដើម្បី​ព្យាយាម​យក​កូន​។​

៦. យើង​នឹង​មាន​ពេល​ច្រើន សម្រាប់​ការចូលនិវត្តន៍​
​ខ្ញុំ​គិតថា ខ្ញុំ​នឹង​ចែកទ្រព្យ​ឲ្យ​កូន​សម្បត្តិ​មួយ​ភាគ ឲ្យទៅ​កូនរកស៊ី ពេល​គេ​ធំ​ឡើង ហើយ​មាន​គូរ​ស្រករ ហើយ​ពេលនោះ​ហើយ ដែល​យើង​ទាំង​ពីរ​នាក់ ត្រូវ​ស្វែងរក​សុភមង្គល​ម្តងទៀត មុន​ពេល​ចាប់ដៃគ្នា​ចូល​និព្វាន​។ យើង​នឹង​ដើរលេង ជុំវិញ​ពិភពលោក​ជាមួយគ្នា​។​

៧. មាន​កម្លាំង​ខ្លាំង​
​អាយុ​តិច មាន​កម្លាំង​ខ្លាំង​ជាង​អាយុ​ច្រើន ពិតណាស់ វា​ពិតជា​អញ្ចឹង ដូច្នេះ ការ​មាន​កូន ការ​បង្កើតកូន និង​ការ​មើលថែទាំ​កូន ក៏​ល្អ​ជាង​អ្នកមាន​អាយុ​ច្រើន​ដែរ​។​

៩. ជីវិត​គ្រួសារ នឹង​ស្រស់បំព្រង​
​ស្វាមី​ខ្ញុំ និង​ខ្ញុំ ជា​មនុស្ស​លោក មានជីវិត មាន​ជីវ៉ា ដូច្នេះ ជីវិត​គ្រួសារ ចាំបាច់​ណាស់ ត្រូវការ​សុភមង្គល​។ អញ្ចឹង តើ​មាន​អ្វី​អស្ចារ្យ ជាង​ការ​បង្កើតកូន​ទៀត​នោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។