៥ ចំណុច ជួយ​កាត់បន្ថយ​ការ​ភ្លេចភ្លាំង និង ពង្រឹង​ការចងចាំ​

​ការ​ភ្លេចភ្លាំង​ច្រើន​កើតមាន​ចំពោះ​មនុស្ស​ទូទៅ ជាពិសេស ចំពោះ​មនុស្ស​ក្នុងសម័យ​បច្ចុប្បន្ន ។ ភាព​ភ្លេចភ្លាំង​អាច​ប៉ះពាល់​ដល់​ការងារ​ប្រចាំថ្ងៃ និង ជីវិត​រស់នៅក្នុង​គ្រួសារ ។ វា​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​មុខងារ​របស់​ខួរក្បាល​ដែលជា​មុខងារ​ជួយ គ្រប់គ្រង ចាត់ចែង និង ផ្តល់ព័ត៌មាន ។ ការ​ភ្លេចភ្លាំង​តិចតួច​គឺ អាច​បណ្តាលមកពី​កត្តា​អាយុ និង អាចមាន​ជំងឺ​អាល់​ហ្សៃ​មើ (Alzheimer’s disease) ដែលជា​ជំងឺ​ធ្វើឱ្យ​អ្នក​ភ្លេចភ្លាំង​ញឹកញាប់ ។

ក្រៅពីនេះ​វា​អាច​បណ្តាលមកពី​បញ្ហា​សុខភាព និង ផល​ប៉ះ ពាល់​ដោយសារ​ថ្នាំពេទ្យ ។ ទោះជា​យ៉ាងណាក្តី បញ្ហា​អារម្មណ៍​ដូចជា ជំងឺ​ស្រេ្ត​ស ភាព​អន្ទះសា និង ការបាក់​ទឹកចិត្ត​អាចធ្វើឱ្យ​មនុស្ស​មានការ ភ្លេចភ្លាំង​ផងដែរ ។ ទោះជា​យ៉ាងនេះ​ក្តី​គេ​អាចធ្វើឱ្យ​ការចងចាំ​មាន​សភាព​ប្រសើរ​ឡើងវិញ​បាន ។ ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​អ្នក​គួរ​អនុវត្ត ៖

១-​ជ្រើសរើស​ប្រភេទ​អាហារ​
​ការបរិភោគ​អាហារ​ល្អៗ អាចជួយ​ពង្រឹង​សុខភាព​ខួរក្បាល​ក៏ដូចជា​មុខងារ​នៃ​រាងកាយ ។ ដូច្នេះ​អ្នក​គួរ​បរិភោគ​បន្លែ និង គ្រាប់​ធញ្ញជាតិ​ឱ្យបាន​ច្រើន ។ អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​ដូចជា សាច់​សុទ្ធ សាច់​ត្រី និង សាច់មាន់​ទា អាចធ្វើឱ្យ​សុខភាព​ប្រសើរ ។ អ្នក​គួរ​ចៀសវាង​អាហារ​សល់ ។

២-​គេង​ឱ្យបាន​គ្រប់គ្រាន់​
​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់ គឺជា​កត្តា​សំខាន់ និង ជួយ​ពង្រឹងសមត្ថភាព​ចងចាំ ។ ដូច្នេះ​អ្នក​គួរ​គេង​ឱ្យបាន​ពី ៧ ទៅ ៨ ម៉ោង ក្នុង​មួយថ្ងៃ ។

៣-​ធ្វើ​លំ​ហាត់ប្រាណ
​អ្នក​ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​ដើម្បី​បំបាត់​បញ្ហា​តានតឹង និង ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ ជួយ​ឱ្យ​ការចងចាំ​បានល្អ ។ ក្រៅពីនេះ​លំ​ហាត់ប្រាណ ក៏​អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់ និង កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន​ដូចជា ជំងឺ​បេះដូង និង ជំងឺ​ទឹកនោមផ្អែម​ជាដើម ។

៤-​ធ្វើ​កំណត់ត្រា​
​បើ​អ្នក​ឧស្សាហ៍​ភ្លេចភ្លាំង​ច្រើន និង មមាញឹក​ក្នុង​ការងារ​ផ្សេងៗ​ជាច្រើន​នោះ អ្នក​អាចធ្វើ​កំណត់ត្រា​នូវ​កិច្ច​ការដែល​ត្រូវធ្វើ​ក្នុង​កូនសៀវភៅ​កំណត់ត្រា​ក្នុង​ទូរស័ព្ទដៃ ឬ លើ​ក្រដាស​អ្វី​ក៏បាន ។ អ្នក​អាច​កត់​លើ​កូន​ក្រដាស​តូច​យកទៅ​បិទ​លើ​បង្អួច គ្រែ​ដំណេក កញ្ចក់​ឆ្លុះ​មុខ ទូទឹកកក និង កន្លែង​ណា​ក៏បាន​ឱ្យតែ​អ្នក​ប្រទះ​ភ្នែក​ជាប្រចាំ​ថ្ងៃ ។

៥-​ហ្វឺ​ក​ហាត់​សតិ​
​ប្រាជ្ញា​ស្មារតី​ក៏ដូចជា​រូបរាងកាយ​ដូច្នោះ​ដែរ​ចាំបាច់​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ដើម្បីឱ្យ​វាស​កម្ម និង ធ្វើឱ្យ​ខួរក្បាល​ដំណើរ​ការល្អ ។ អ្នក​អាច​លេងល្បែង​កម្សាន្ត​ផ្សេងៗ​ដូចជា​ល្បែង​ល្បងប្រាជ្ញា ចំណោទ ផ្សេងៗ​ដើម្បី​ដុសខាត់ និង បង្កើន​ការចងចាំ ៕​សុផល​

 

​ ​ ​ ​ ​

Related