នគរបាល​ស្រុក​កោះធំ បង្ក្រាប​ករណី​ចែកចាយ​សារធាតុ​ញៀន ៣ ករណី​ផ្សេងៗ​គ្នា ឃាត់ខ្លួន​មនុស្ស ៤ នាក់​

កណ្តាល:  ក្រោម​បទបញ្ជា​ដ៏​តឹងរឹង​របស់លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ ២០១៥ កម្លាំង​នគរបាល​ស្រុក​កោះធំ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ត្រី ឈឿន ប៊ុន​ឆន អធិការ​ប៉ូលិស​ស្រុក សហការ​ជាមួយ​កម្លាំង​សម្ងាត់​មូលដ្ឋាន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី ចែកចាយ​គ្រឿងញៀន ចំនួន​៣ ករណី​ផ្សេងគ្នា នៅក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ ។​

​ប្រតិបត្តិ​ការបង្ក្រាប​ទី​១ ធ្វើឡើង​នៅវេលា​ម៉ោង ១១​និង​២០​នាទី ថ្ងៃទី​៤ ខែធ្នូ នៅ​ចំណុច​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ ឡុង រដ្ឋា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​មុខរបរ មិន​ពិតប្រាកដ និង​ម្នាក់ទៀត ឈ្មោះ ង្វៀង យ៉ាំង​ដាំង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ វៀតណាម មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ មុខរបរ​លក់ដូរ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ដក​ហូរ​វត្ថុតាង​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ៤ កញ្ចប់​តូច​, ថ្នាំញៀន​គ្រាប់​ពណ៌​ផ្កាឈូក ១២ កញ្ចប់​តូច​, ព្រមទាំង​សម្ភា​រៈជក់ និង​វេច​ខ្ចប់​មួយចំនួន ។​

​ករណី​បង្ក្រាប​ទី​២ ធ្វើឡើង​នៅវេលា​ម៉ោង ១២​និង​២០​នាទី ថ្ងៃទី ៤ ខែធ្នូ នៅ​ចំណុច ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ ហាក់ វណ្ណា​រ៉ា (​ហៅ​ត្រេ​ន​) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ មុខរបរ​មិន​ពិតប្រាកដ ។ វត្ថុតាង​ដកហូត​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ៧ កញ្ចប់ (​តូច ៦ កញ្ចប់ និង ធំ ១ កញ្ចប់​),​ទូរ​សព្ទ័​ដៃ​ចំនួន ១ គ្រឿង ។​

​ដោយឡែក​ករណី​បង្ក្រាប​ទី​៣ សមត្ថកិច្ច​ធ្វើឡើង នៅវេលា​ម៉ោង ៨​និង​១៥​នាទី យប់​ថ្ងៃទី​៤ ខែធ្នូ នៅ​ចំណុច​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ឃាត់ខ្លួន ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ូ បញ្ញា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​កា​កែវ មុខរបរ មិន​ពិតប្រាកដ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ០១ កញ្ចប់​ធំ ស្មើនឹង ២៧,៤ ក្រាម​, ទូរ​សព្ទ័​ដៃ​ចំនួន ១ គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ ត្រូវបាន​នាំខ្លួន​មកកាន់​អធិការនគរបាល​ស្រុក​កោះធំ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់ ។​

​ទោះជា​ការបង្ក្រាប​នេះ​ជោគជ័យ ហើយ​ទទួលបាន​ការគាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ និង​សារ​ទរ​ពី​ប្រជាជន​ក្តី តែ​លោក​វរសេនីយ៍ត្រី ឈឿន ប៊ុន​ឆន អធិការ​វ័យក្មេង​នៃ​ស្រុក​កោះធំ​បាន​ឆ្លើយតប​ជាមួយ​សារពត៌មាន​វិញ​ថា ការបង្ក្រាប​នេះ​គឺមាន​សភាព​តូចតាច​នៅឡើយ ហើយ​មុខសញ្ញា​សកម្មៗ​នៅមាន​ច្រើន​ក្នុង​មូលដ្ឋាន​ដែនដី​របស់លោក ដែល​មិនទាន់​ឆ្លើយតបបាន​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ប្រគល់ជូន ក៏ដូចជា​បំណងប្រាថ្នា​របស់​ប្រជាជន​ស្លូតត្រង់​ក្នុងស្រុក​កោះធំ​នោះទេ ក៏ប៉ុន្តែ​លោក​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព ដើម្បី​ធានាថា មូលដ្ឋាន​ស្រុក​កោះធំ​នឹង​គ្មាន​ការ​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់ នាពេលខាងមុខ ទោះបី​ជោគជ័យ ឬ​មិន​ជោគជ័យ​ក៏​លោក​នឹងធ្វើ​ដោយ​ឆន្ទៈ និង​អស់ពី​លទ្ធភាព​ដែល​លោក​មាន ។​

​លោក​អធិការ​វ័យក្មេង​រូបនេះ​ក៏​ទ​ទួ​ច​ផងដែរ​ថា សូម​ឲ្យ​មានការ​សហការ​ពី​អជ្ញាធរ ភូមិ​-​ឃុំ ពិសេស​ពី​ប្រជាជន សូមអោយ​ផ្តល់​ពត៌មាន​សម្ងាត់​មក​លោក​ពី​សកម្មភាព​សេព​ក៏ដូចជា​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បីអោយ​លោក​មាន​ទន់​ចុះបង្ក្រាប​ទាន់ពេលវេលា ។ លោក​បន្តថា បើ​គ្មាន​ការសហការ​បែបនេះ​ទេ​គ្មាន​ថ្ងៃ​ណា​នឹង​បង្ក្រាប​អស់​ឡើយ ៕

នគរបាល​ស្រុក​កោះធំ បង្ក្រាប​ករណី​ចែកចាយ​សារធាតុ​ញៀន ៣ ករណី​ផ្សេងៗ​គ្នា ឃាត់ខ្លួន​មនុស្ស ៤ នាក់​