​ក្រសួង​អប់រំ ៖ ករណី​លួច​ធ្វើលិខិត​បញ្ជាក់​ពី​ការសិក្សា​ឲ្យ​សិស្ស​ធ្លាក់​បាក់​ឌុប ជាការ​ធ្វើឯកសារ​ក្លែងក្លាយ ចេតនា​អាក្រក់ ដើម្បី​បង្ខូចឈ្មោះ​ស្ថាប័ន​

ភ្នំពេញ: ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី លទ្ធផល​ពិនិត្យ និង​ស្រាវជ្រាវ​របស់​ក្រសួង​លើ​ករណី "​ការ​ក្លែងបន្លំ​ការចេញ​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​" បាន​បង្ហាញថា ករណីនេះ​អាចជា​ការធ្វើ​ឯកសារ​ក្លែងក្លាយ ដើម្បី​ទម្លាក់កំហុស​ទៅលើ​នរណាម្នាក់ ឬ​ជា​ចេតនា​អាក្រក់​ដើម្បី​បង្ខូចឈ្មោះ​ស្ថាប័ន​។

​សេចក្តីប្រកាស​ដូច្នេះ បន្ទាប់ពី​ការផ្សព្វផ្សាយ កាលពី​ថ្ងៃទី​១​ធ្នូ អំពី​ដំណឹង ដែល​មន្ត្រី​មន្ទីរអប់រំ ខេត្តបាត់ដំបង លួច​ធ្វើលិខិត​បញ្ជាក់​ការសិក្សា​ឲ្យ​សិស្ស​ធ្លាក់​បាក់​ឌុប ជា​ថ្នូរ​នឹង​លុយ ៦៥០ ដុល្លារ​។​

​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ បាន​បញ្ជាក់ថា "​ករណីនេះ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាបជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ក្រសួង​បង្កើត​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​ភាពមិនប្រក្រតី​នេះ​។​តាមរយៈ​លទ្ធផល​នៃ​ការពិនិត្យ និង​ការស្រាវជ្រាវ​របស់​ក្រសួង គឺ​ករ​ណិ​ខាងលើនេះ មិនមែនជា​ការទទួល​ប្រាក់ ដែល​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា ខេត្តបាត់ដំបង បាន​ប្រព្រឹត្ត​ជា​ថ្នូរ​នឹង​ការ​ក្លែងបន្លំ "​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​" ដូច​ការចុះផ្សាយ​ក្នុង​សារព័ត៌មាន​នោះឡើយ​។ ជាការ​ពិត សិស្ស ឈ្មោះ សាត សេរី​បុត្រ ភេទ​ប្រុស កើត​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៩៩៦ បាន​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៣ តុលា ២០១៤ នៅ​មណ្ឌល​វិទ្យាល័យ​ព្រះមុនីវង្ស ដែលមាន "​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២" ត្រឹមត្រូវ ហើយ​សាមីខ្លួន​ក៏បាន​បញ្ជា​ក់ថ មិនបាន​ពាក់ព័ន្ធ​រឿន​នេះឡើយ ហើយ​រូបថត​លើ "​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​" ដែល​ត្រូវបាន​ក្លែងបន្លំ​នោះ ក៏​មិនមែនជា​រូបថត​របស់ខ្លួន​ដែរ​។​

​ក្រសួង​អប់រំ បានប្រកាសថា ករណីនេះ អាចជា​ការធ្វើ​ឯកសារ​ក្លែងក្លាយ ដើម្បី​ទម្លាក់កំហុស​ទៅលើ​នរណាម្នាក់ ឬ​ជា​ចេតនា​អាក្រក់ ដើម្បី​បង្ខូចឈ្មោះ​ស្ថាប័ន​។ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិនិត្យ តាមដាន​និង​ស្រាវជ្រាវ​ការងារ​នេះ​បន្តទៀត ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ​ឯកសារ​ខាងលើនេះ​៕​