ពន្ឋនាគារ​មិនមែន​ ជាទី​សាធារណៈ​សម្រាប់​ ការចេញចូល​ដោយ​សេរី​ទេ​​

ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងជាមន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី ៦ធ្នូនេះថា ពន្ឋនាគារមិនមែន ជាទីសាធារណៈអាច ចេញចូលបានសេរីឡើយ។ នេះជាការឆ្លើយតប ទៅកាន់សេចក្តីថ្លែងការណ៍ របស់អង្គការលីកាដូ ដែលចេញផ្សាយ ក្រោមចំណងជើងថា អង្គការលីកាដូ បានសម្រេចផ្អាកការប្រារព្ធ ទិវាសិទ្ធិមនុស្សអន្តរជាតិ នៅពន្ធនាគារជាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំនេះដោយសារ មានការរឹតត្បិតជាងមុន។

លោកបញ្ជាក់ថា ការិតត្បិតសេរីភាព ពេលខ្លះក៏មានមែន ប៉ុន្តែអ្វីដែលអាជ្ញាធរធ្វើនោះ ជាការការពារសុវត្តិភាព ជូនដល់អ្នកទោស។ សវតារឿងមិនអាច ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ទៅតាមគម្រោងនៅពន្ធនាគារ ចំនួន១៨ កន្លែង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ បានឡើយ ដោយសារមានលក្ខខណ្ ឌហាមឃាត់មួយចំនួន ជាលាយលក្ខអក្សរពីអគ្គនាយក ដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។

ប្រព័ន្ធគ្រប់គ្រងពន្ធនាគារកម្ពុជា នៅតែមិនទាន់អាចដោះស្រាយបញ្ហាបានច្រើន ដែលក្នុងនោះរួមមាន ការធ្វើទុក្ខបុកម្នេញ ការរើសអើង ការកេងប្រវ័ញ្ច និងអំពើបង់ប្រាក់ក្រៅច្បាប់ជាដើម ។ សំរាប់ជនជាប់ឃុំជាច្រើន ត្រូវតម្រូវអោយបង់ប្រាក់កាស ដើម្បីទទួលបានលក្ខខណ្ឌឃុំខ្លួន ប្រសើរជាងមុន ការព្យាបាលជំងឺ ការជួបសួរសុខទុក្ខ និងតម្រូវការចាំបាច់ មួយចំនួនទៀតដូចជាអាហារ ទឹកស្អាត ពន្លឺថ្ងៃ និងការយកខ្យល់អាកាសប្រចាំថ្ងៃជាដើម។ ចំនួនជនជាប់ឃុំបណ្តោះអាសន្ន រង់ចាំសវនាការនៅមាន កម្រិតខ្ពស់នៅឡើយ ជាពិសេសក្នុងចំណោមស្រ្តី និងអនីតិជន និងរួមមានករណីជាច្រើន ដែលឃុំខ្លួនខុសនីតិវិធី និងដែលកំពុងរង់ចាំ ការសវនាការនៅ សាលាឧទ្ធរណ៍យ៉ាងយូរ។

ក្នុងអំឡុងពេល ២០ឆ្នាំ ចុងក្រោយនេះ ជារៀងរាល់ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ អង្គការលីកាដូ តែងតែមានការចែកជូនកញ្ចប់ អាហារឧបត្តម្ភតិចតួច ដល់ជនជាប់ឃុំទាំងអស់ រួមទាំងកម្មវិធីកំសាន្ត សប្បាយផ្សេងៗ ដូចជាការលេងល្បែងកំសាន្ត ការរាំរបាំប្រពៃណី និងកម្មវិធីសំដែងសប្បាយផ្សេងៗទៀត ដោយមានការចូលរួម ពីជនជាប់ឃុំទាំងនោះ អមដោយសារស្តីពី មូលដ្ឋានសិទ្ធិមនុស្ស ជាសកលសំខាន់ៗផងដែរ។

ប៉ុន្តែដោយឡែកសំរាប់ឆ្នាំនេះ ដោយមានការដាក់ លក្ខខណ្ឌមានតឹងតែងពេក ធ្វើអោយ ការប្រារព្ធពិធីក្លាយជា គ្មានអត្តន័យគ្រប់គ្រាន់ឡើយ។ លើសពីនោះទៀត ជនជាប់ឃុំទាំងនោះ មិនត្រូវបានអនុញាត អោយចូលរួមកម្មវិធីយ៉ាងសំខាន់ ដ៏មានអត្តន័យដូចប្រជាពលរដ្ឋ កម្ពុជាទៅឡើយ។ ហើយនេះក៏ជាលើកទី២ ហើយដែរសំរាប់ ឆ្នាំ ២០១៥នេះ ដែលអង្គការលីកាដូ ត្រូវបានបង្ខំចិត្តផ្អាកសកម្មភាព ទាំងអស់នោះ។

កាលពីខែមីនា អង្គការលីកាដូបានផ្អាកសកម្មភាព ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដែលជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំនេះ ដោយសារតែមានលក្ខខណ្ ឌរិតត្បិតតឹងតែង ទៅលើសកម្មភាពកំសាន្ត សប្បាយផ្សេងៗ និងការមិនអនុញាត អោយអង្គការលីកាដូ បាននាំយកកញ្ចប់ អាហារឧត្តម្ភទាំងនោះ ចែកដល់ជនជាប់ឃុំ ដោយផ្ទាល់នោះទេ។ បន្ទាប់ពីនោះមក អង្គការ លីកាដូ យល់ឃើញថា ការរឹតត្បិតលើទិវាសិទិ្ធនារីអន្តរជាតិនោះ គ្រាន់តែជាការរឹតត្បិត បណ្តោះអាសន្នប៉ុណ្ណោះទេ ពីព្រោះមិនមានការរិតត្បិត និងបង្ខិតបង្ខំ ទៅលើសកម្មភាពរបស់អង្គការ លីកាដូសំរាប់ប្រារព្ធ ទិវាសិទ្ធិកុមារអន្តរជាតិ កាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០១៥ នោះឡើយ។

ស្ថិតនៅក្រោមការហាមឃាត់ គ្រប់ទម្រង់សកម្មភាព នៅក្នុងពន្ធនាគារ ហាក់ដូចជាគ្មានការធានា អោយជាក់លាក់ណាមួយថា ជនជាប់ឃុំទាំងអស់នោះ អាចមានពេលចេញពី បន្ទប់ឃុំឃាំងឲ្យបាន គ្រប់គ្រាន់នោះទេ ដែលទាំងនោះគឺជាសកម្មភាព ដ៏មានតំលៃសំរាប់ពួកគាត់។ លើសពីនោះទៀត ការមិនអនុញាតិ អោយអង្គការលីកាដូ បានចែកជូនសម្ភារៈ ទាំងនោះដោយផ្ទាល់ គឺជាការធ្វើឲ្យអង្គការ លីកាដូ មិនអាចធានាថាជនជាប់ឃុំទាំង នោះអាចបានទទួល កញ្ចប់សម្ភារៈគ្រប់ៗគ្នាឬទេ។

មិនមានហេតុផលណាមួយ ត្រូវបានពន្យល់អោយបានច្បាស់លាស់ ពីការហាមឃាត់ទាំងនោះ នៅឡើយទេ។ អ្នកនាង ណាលី ពីឡូក នាយិការអង្គការសម្ព័ន្ធខ្មែរជំរឿន និង ការពារសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ការរិតត្បិតទាំងនោះបានបង្ហាញឲ្យ ឃើញយ៉ាងច្បាស់អំពីស្ថានភាព អវិជ្ជមានរបស់រដ្ឋ ក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន”។ អ្នកនាង បានបន្តទៀតថា៖ “ក្នុងរយៈពេល២០ឆ្នាំ ដែលអង្គការ លីកាដូ ធ្លាប់តែផ្តល់ឱកាសដល់ជន ជាប់ឃុំឲ្យបានចូលរួម ក្នុងពិធីបុណ្យ សិទ្ធិមនុស្សអន្តរជាតិ ដែលក្នុងចំណោម អ្នកទាំងនោះនៅមានជនជាប់ឃុំ ជាច្រើនកំពុងរង់ចាំ ការសវនាការ បច្ចុប្បន្នត្រូវបានរឹតត្បិត ហើយតើការរឹតត្បិតនេះ ធ្វើឡើងដើម្បីអ្វី?”

ការរឹតត្បិតដែលមិនចាំបាច់ ចំពោះសកម្មភាពទាំងនោះ បានកើតឡើង នៅក្នុងបរិបទនៃ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាលដែល ទើបតែអនុវត្ត នាពេលថ្មីៗនេះ ដែលនេះធ្វើឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងថារាជរដ្ឋាភិបាល អាចនឹងធ្វើការគាបសង្កត់ ជាជាងជួយដល់សង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា៕

ពន្ឋនាគារ​មិនមែន​ ជាទី​សាធារណៈ​សម្រាប់​ ការចេញចូល​ដោយ​សេរី​ទេ​​