កម្លាំង​គយ​ចល័ត​បន្ត​ចាប់​រថយន្ត​ទំនើប​ៗ​អត់​ពន្ធ​បាន​៤​គ្រឿង​ទៀត​ហើយ​នៅ​ថ្ងៃអាទិត្យ​នេះ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ៗ​ចំនួន​៤​គ្រឿង​អត់​មាន​ពន្ធ​​នាំ​ចូល​តែ​មាន​ស្លាក​លេខ ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ចាប់​តាម​ផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​​ខណ្ឌ​ចំនួន​៤​ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ។

ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​ស៊េរី​ទំនើប​អត់​មាន​ពន្ធ​នាំ​ចូល​តែ​មាន​ស្លាក​លេខ​​នេះ​ដឹកនាំ​ផ្ទាល់​ដោយ លោក​លោក ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ ហៅ​គយ​ចល័ត រួម​ជាមួយ​លោក ស្រី សុធី អនុប្រធាន សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​​ចូល​រួម​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ ។

លោក ព្រាប គា​រ៉ាត់ ដែល​ដឹកនាំ​កម្លាំង​គយ​ចល័ត​ចុះ​ចាប់​រថយន្ត​ស៊េរី​ទំនើប​ទាំង​៤​គ្រឿង​អត់​ព​ន្ឋ​នេះ បាន​ប្រាប់​«​កោះសន្តិភាព​»​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​ទាំង​៤​គ្រឿង ដែល​ចាប់​បាន​នៅ​ពេល​នេះ​មាន ទី​១-​រថយន្ត​ម៉ាក ឡិច​ស៊ី​ស ៣៥០ ពណ៌​ស ស៊េរី​ឆ្នាំ​២០១០ ចាប់​បាន​នៅ​ភោ​ជនី​ដ្ឋា​ន​ដើម​ចំប៉ា ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​, ទី​២-​រថយន្ត​ម៉ាក កាមរី ស៊េរី​ឆ្នាំ​២០១៤ ចាប់​បាន​នៅ​ម្តុំ​វត្ត​ទឹកថ្លា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ទី​៣-​រថយន្ត​ម៉ាក​ ឡង់​គ្រី​ស័​រ ពណ៌​ស ចាប់​បាន​នៅ​ភោ​ជនី​ដ្ឋា​ន​សមុទ្រ​ខៀវ ស្ថិត​ក្នុង​សង្កាត់​បឹង​ប្រ​លិ​ត ខណ្ឌ​៧​មក​រា និង ទី​៤-​រថយន្ត​ម៉ាក ហា​យ​លែ​ន​ឌ័​រ ចាប់​នៅ​ម្តុំ​ផ្សារ​ដេប៉ូ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។

លោក ព្រាប គា​រ៉ាត បាន​អះអាង​បន្ត​ថា បច្ចុប្បន្ន​នេះ​កម្លាំង​គយ​ចល័ត​បានដឹង​ថា​​នៅ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត​បាន​នឹង​កំពុង​លាក់​ទុក​នៅ​ក្នុងផ្ទះ ឬ​ភូមិ​គ្រឹះ ហើយ​កម្លាំង​គយ​ចល័ត​នឹង​បន្ត​ចុះ​ចាប់​ទៅ​ដល់​គេហដ្ឋាន ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត​មក​បង់ពន្ធ​តាម​ផ្លូវច្បាប់​ទេ​នោះ ។ ទោះបីជា​យ៉ាងណា​នាយកដ្ឋាន​គយ និង​រដ្ឋាករ សូម​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់​មេត្តា​រួសរាន់​មក​ធ្វើការ​បង់ពន្ធ​តាម​ផ្លូវច្បាប់ និង​ទាន់​ពេលវេលា ដើម្បី​ចៀសវាង​ការ​ចុះ​ចាប់​ដល់​គេហដ្ឋាន នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល និង​ប៉ះពាល់​កិត្តិយស ។

ក្រោយ​ពេល​ចាប់​បាន រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ទាំង​៤​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ឃ្លាំង​គយ​ច​ល័យ ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ៕