មនុស្ស​ជាង​២​ពាន់​នាក់​រាំ​ចង្វាក់​ម៉ាឌីហ្ស៊ុន​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី

មនុស្ស​ជាង ២​ពាន់​នាក់ ជួប​ជុំ​គ្នា​រាំ​ចង្វាក់​ម៉ាឌីហ្ស៊ុន ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​លើ​សួនច្បារ​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ធ្នូ។

មន្ត្រី​កម្មវិធី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី នៃ​អង្គការ​សហប្រជាជាតិ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ផ្ដល់​ភាព​អង់​អាច​លើ​ស្ត្រី ហៅ​កាត់​ថា យូអិន-វូម៉េន (UN-WOMEN) លោក ផុន វុត្ថា ថ្លែង​ថា កម្មវិធី​រាំ​ចង្វាក់​ម៉ាឌីហ្ស៊ុន​នេះ ធ្វើ​ឡើង​ដើម្បី​ឲ្យ​សាធារណជន​យល់​ដឹង​អំពី​ហិង្សា​លើ​ស្ត្រី ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម ៥​នាក់ បាន​រង​អំពើ​ហិង្សា​លើ​ផ្លូវ​កាយ ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​ផ្លូវ​សេដ្ឋកិច្ច៖ «យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ធ្វើ​ម៉េច ស្វែង​យល់ និង​គិត​ពី​ពិធី​សាស្ត្រ​បែប​ណា ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ជាពិសេស​គឺ​នាំ​សារ​ទាក់ទង​នឹង​យុទ្ធនាការ ១៦​ថ្ងៃ​របស់​យើង​ឆ្នាំ​នេះ គឺ​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​កុំ​ទម្លាក់​កំហុស​លើ​ជន​រងគ្រោះ»

មន្ត្រី​ក្រសួង​កិច្ចការ​នារី និង​អង្គការ​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​មួយ​ចំនួន​ទៀត បាន​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ ១៦​ថ្ងៃ ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី។

សាធារណជន​ដែល​ចូលរួម​រាំ​ចង្វាក់​ម៉ាឌីហ្ស៊ុន បាន​ពាក់​អាវ​យឺត​ពណ៌​ទឹក​ក្រូច ដែល​មាន​សរសេរ​ពាក្យ​ថា "អំពើ​ហិង្សា​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន កុំ​ទម្លាក់​កំហុស​លើ​ជន​រងគ្រោះ" ដែល​ជា​សារ​សម្រាប់​យុទ្ធនាការ​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។