ភ្នាក់ងារ​ព័ត៌មាន​ទូរទស្សន៍ MSJ TV ២​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

ខេត្តព្រះវិហារ ៖ ភ្នាក់ងារ​ព័ត៌មាន​របស់​ទូរទស្សន៍ MSJ TV ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ខេត្តសៀមរាប ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ២០១៦ នៅ​ចំណុច​អូរ​ប្រាំធាន ស្ថិត​ក្នុងភូមិ​ស្រ​យ៉ង់​ខាងត្បូង  ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ជាប់​ព្រំប្រទល់​រវាង​ខេត្តសៀមរាប​និង​ខេត្តព្រះវិហារ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​គូលែន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​ឈ្មោះ ផៃ ភារ​ម្យ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ភ្នាក់ងារ​ព័ត៌មាន​របស់​ទូរទស្សន៍ MSJ TV ប្រចាំ​ខេត្តកំពង់ធំ ចំណែក​អ្នក​រង​របួសធ្ងន់​ឈ្មោះ ប្រាក់ ថា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ភ្នាក់ងារ​ព័ត៌មាន​ទូរទស្សន៍ MSJ TV ប្រចាំ​ខេត្តកំពង់ធំ ដូច​គ្នា ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​គូលែន​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ 1E-4001 ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ពី​ខេត្តព្រះវិហារ ទៅ​កាន់​ខេត្តសៀមរាប លុះ​មក​ដល់​កន្លែង​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ ថា ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​បើក​ម៉ូតូ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​និយាយ​ទូរស័ព្ទ ខណៈនោះ​ក៏​បាន​ប្រទះ​ទៅ​នឹង​រថយន្ត​១​គ្រឿង​ម៉ាក កាម​រី កាត់​គូទ ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-9344 បើកបរ​ដោយ​ឈ្មោះ ស៊ី រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​ជា​ទាហាន​អង្គភាព​វរៈ​សេនា​តូច​លេខ​៣៩២ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៩ ប្រចាំ​នៅ​អូរ​ជុ​ញ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា ក៏​បុក​គ្នា​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឲ្យ​ស្ត្រី​ឈ្មោះ ផៃ ភារ​ម្យ ស្លាប់​ភ្លាម​តែ​ម្តង ចំ​ណែ​ឯ​ឈ្មោះ ប្រាក់ ថា រង​របួស​បាក់ជើង​ខាងឆ្វេង និង​បាក់ដៃ​ឆ្វេង​ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ រីឯ​សព​ស្ត្រី​រង​គ្រោះ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​វត្ថុ​តាង​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ និង​រថយន្ត សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន រង់ចាំ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕