ចាប់ខ្លួន​បុរស​ជា​ប្តី​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​រហូត​ស្លាប់ ប្តី​ថា​ប្រពន្ធ​ស្រវឹងស្រា​ខ្យល់គរ​វ៉ៃ​ពីរ​បី​ដៃ​ក៏​ស្លាប់​

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​កាលពី​ថ្ងៃ​ទី​១ ធ្នូ ២០១៥ ដែល​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​កើតហេតុ​៣​ថ្ងៃ​នៅផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ស្នាយ ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ច​ន ជាន អាយុ​៣៨​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ អ៊ី ណាត អាយុ​៣៤​ឆ្នាំ មានកូន​៤​នាក់​(​ស្រី​ម្នាក់​) រស់នៅ​កន្លែង​កើត​ហ​តុ ។

មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ២០១៥​នេះ​ថា តាម​ចម្លើយ​​សារភាព​របស់​ជនសង្ស័យ​ជា​ប្ដី​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​វាយ​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន មូលហេតុ​ដោយសារ​តែ​ប្រពន្ធ​របស់​គាត់​ជា​និច្ចកាល​តែងតែ​ផឹកស្រា​ស្រវឹង​ជា​រៀងរាល់ថ្ងៃ មិន​ជួយ​មើលថែ​ទាំ​កូន និង​ផ្ទះសម្បែង​ឡើយ ។ ជនសង្ស័យ​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ គាត់​បាន​ដើរ​រកប្រពន្ធ​គាត់​តែ​មិនឃើញ​នៅផ្ទះ ទៅ​ឃើញ​នៅ​នឹង​ពំនូកចំបើង​​ក្នុង​សភាព​ស្រវឹង​ជោគ​ជាំ ទើប​ជនសង្ស័យ​ខឹង​ខ្លាំង ហើយ​គាត់​ក៏​បាន​វ៉ៃ​​​ប្រពន្ធ​ពីរ​បី​ដៃ តែ​​គ្មាន​បំណង​វាយ​សម្លាប់​ប្រពន្ធ​ឡើយ ដោយសារ​ប្រពន្ធ​របស់​គាត់​ផឹកស្រា​អត់​ហូប​បាយ​បណ្ដាល​ឲ្យ​ខ្យល់គរស្លាប់​ទៅ​ នៅ​ពេល​ដែល​គាត់​វាយ​ពីរ​បី​ដៃ​នោះ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រះវិហារ​នៅ​ថ្ងៃ​ទី​៦ ធ្នូ ២០១៥​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕