ប្រជាជន​កូរ៉េខាងត្បូង​រាប់ម៉ឺន​នាក់​ទាមទារ​ឲ្យ​លោកស្រី​ប៉ាក់​គុន​ហេ​ចុះ​ពី​តំណែង​


​នៅ​ក្រុង​សេ​អ៊ូ​ល ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រជាជន​កូរ៉េខាងត្បូង​ប្រមាណ​៣០០០០​នាក់ បាន​ចុះ​បាតុកម្ម​តាម​ដងផ្លូវ ទាមទារ​អោយ​ប្រធានាធិបតី​ចុះ​ពី​អំណាច​។ ពួកគេ​រិះគន់​លោកស្រី​ប៉ាក់ គុន​ហេ ថា​ចង់​កែទម្រង់​ការសិក្សា​ប្រវត្តិសាស្ត្រ ដើម្បី​លើក​តំកើង​ឳ​ពុក​លោកស្រី ដែល​ធ្លាប់​កាន់អំណាច​ជា​ប្រធានាធិបតី​។ ក្រុមបាតុករ​ក៏​រិះគន់​ដែរ​ថា ប៉ាក់ គុន​ហេ ចង់​ផ្តល់​អាទិភាព​ដល់​សហគ្រាស​ធំៗ​ក្នុងស្រុក​។

​បាតុករ​ជាច្រើន​នាក់​បាននាំគ្នា​បិទមុខ និង​លើក​បដា​ចែងថា "​ប៉ាក់ គុន​ហេ ចុះ​ពី​អំណាច​!"​។ បាតុកម្ម​ដ៏​ធំ​នេះ​មានការ​ចូលរួម​ពី​ក្រុម​សហជីព​ការងារ និង​គ្រូបង្រៀន រួមទាំង ក្រុម​អង្គការ​ប្រជាកសិករ​ផងដែរ​។ ក្រុមបាតុករ​ចោទ​ប្រធានាធិបតី​ថា​ចង់​កែទម្រង់​សៀវភៅ​សិក្សាអប់រំ ដើម្បី​លើក​តំកើង​លោក Park Chung-Hee ជា​ឳ​ពុក​។

​លោក​Park Chung-Hee ធ្លាប់​ដឹកនាំ​កូរ៉េខាងត្បូង ពី​ឆ្នាំ​១៩៦២ រហូតដល់​ត្រូវគេ​ធ្វើឃាត​ក្នុង​ឆ្នាំ​១៩៧៩​។ ចាប់ពី​ឆ្នាំ​២០១៧ សៀវភៅ​ប្រវត្តិសាស្ត្រ​នេះ​អាច​នឹងត្រូវ​គណៈកម្មកា​រ​គ្រូបង្រៀន​យល់​ព្រមអោយ​ចងក្រង​។ ដោយឡែក គឺ​រដ្ឋាភិបាល​ជា​អ្នក​តែងតាំង​គណៈកម្មការ​អប់រំ​នេះ​ឡើង​។ ក្រុមបាតុករ​ក៏​បន្ទោស​រដ្ឋាភិបាល​ដែរ​ថា ចង់​បើក​ទីផ្សារ​កសិកម្ម​អោយ​ទូលាយ​ជាង​មុន ដើម្បី​ងាយស្រួល​បណ្តេញ​មនុស្ស​ចេញពី​ការងារ និង​កាត់បន្ថយ​ប្រាក់ចំណូល​របស់​អ្នកធ្វើការ​ដែលមាន​វ័យ​ចំណាស់​។

​ម្សិលមិញ ក្នុង​ក្បួន​បាតុកម្ម ក្រុម​អ្នក​កាន់​ពុទ្ធសាសនា និង​គ្រិស្តសាសនា​៣០០​នាក់ បាននាំគ្នា​ដើរ​ជួរមុខ ដើម្បី​ធានា​សុវត្ថិភាព​សន្តិសុខ​ក្រុមបាតុករ​ផ្សេងទៀត​។ បាតុកម្ម​ម្សិលមិញ ជា​បាតុកម្ម​លើក​ទី​២ ប្រឆាំង​ប្រធានាធិបតី​។ បាតុកម្ម​លើក​ទី​១ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​១៤​វិច្ឆិកា មាន​មនុស្ស​ចូលរួម​ជិត​៦០០០០​នាក់​ឯណោះ​។ ប៉ុន្តែ កាលនោះ មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​។ ប៉ូលិស​បាន​ប្រើ​កាំភ្លើង​បាញ់​ទឹក ធ្វើអោយ​បាតុករ​ម្នាក់​សន្លប់​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​