លោកស្រី Jolie-Pitt សង្ឃឹមថា​អាចធ្វើ​ការ​ជាមួយ​សមិទ្ធិ​ករ​ខ្មែរ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​


​លោកស្រី Angelina Jolie-Pitt បានបង្ហាញ​ក្តីសង្ឃឹម​ថា លោកស្រី​អាចធ្វើ​ការងារ​រួមគ្នា​ជាមួយ​សមិទ្ធិ​ករ​ភាពយន្ត​កម្ពុជា ដើម្បី​អភិវឌ្ឍ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​។ លោកស្រី បានកត់សម្គាល់​ឃើញថា សមិទ្ធិ​ករ​ភាពយន្ត​កម្ពុជា​បច្ចុប្បន្ន​មាន​សមត្ថ​ភាពខ្លាំង ដែល​អាច​ពង្រឹងគុណភាព និង​ពង្រីក​សក្តានុពល​ភាពយ​ន្ត​កម្ពុជា​បាន​នៅ​ថ្ងៃ​អនាគត​។

​លោកស្រី Angelina Jolie-Pitt បានបង្ហាញ​ក្តីសង្ឃឹម និង​ជឿជាក់ថា លោកស្រី  នឹង​អាចធ្វើ​ការងារ​រួមគ្នា ជាមួយ​សមិទ្ធិ​ករ​ភាពយន្ត​កម្ពុជា ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​។ នៅក្នុង​កិច្ច​កម្មវិធី​កិច្ចសន្ទនា​រវាង​លោក​ប៉ាន់ រិទ្ធី និង​សមិទ្ធិ​ករ​ភាពយន្ត​ជំនាន់​ក្រោយ​នៅ​សាលសន្និសីទ​ចតុមុខ កាលពី​ល្ងាច​ថ្ងៃទី​៥​ខែធ្នូ លោកស្រី Jolie-Pitt បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាចធ្វើ​ការរួម​គ្នា​ជាមួយ​សមិទ្ធិ​ករ​ភាពយន្ត​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ភាពយន្ត​នៅក្នុង​ប្រទេស​ដែល​ខ្ញ្រុំ្ស​ឡាញ់​មួយ​នេះ​»​។​

​ក្នុងនាម​ជា​វាគ្មិន​មួយរូប​នៅក្នុង​កិច្ចសន្ទនា​រយៈពេល​មួយ​ម៉ោង​នេះ តារា​ហូលីវូដ និង​អ្នកដឹកនាំ​រឿង​រូបនេះ ក៏បាន​គូស​បញ្ជាក់ដែរថា វិស័យ​ភាពយន្ត​នៅ​កម្ពុជា​មានការ​ផ្លាស់ប្តូរ និង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​គ្រា​ដែល​លោកស្រី​មក​ថត​ភាពយន្ត​រឿង​« Tomb Raider»​ជា​លើកដំបូង​នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០០០ ។​

​លោកស្រី​បានលើកឡើង​ពី​ការកត់សម្គាល់​ជាក់ស្តែង​ចំពោះ​ក្រុមការងារ​កម្ពុជា ដែល​កំពុង​ចូលរួម​ផលិតភាព​យន្ត​ជាមួយ​លោកស្រី នៅក្នុង​ខេត្តសៀមរាប​ថា​៖«​ពួកគាត់​មាន​សមត្ថភាព មាន​ជំនាញ ឆ្លាត និង​ពូកែ​។ ពួកគាត់​អាចធ្វើ​ការងារ​បានល្អ ដោយ​មិនចាំបាច់​មាន​ផលិតករ​ពី​អឺរ៉ុប​មក​ណែនាំ ឬ​បង្រៀន​ដូច​ពីមុន​នោះទេ​»​។ សក្តានុពល​ទាំងអស់​នេះហើយ ដែល​លោកស្រី សង្ឃឹមថា វិស័យ​ភាពយន្ត​នៅ​កម្ពុជា​នឹង​រីកចម្រើន​នៅ​ថ្ងៃ​អនាគត​។

​សូមបញ្ជាក់ថា លោកស្រី Angelina Jolie-Pitt កំពុង​ថត​ខ្សែភាពយន្ត​«​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​»​ឬ​«First they killed my father» នៅក្នុង​ខេត្តសៀមរាប​។ ភាពយន្ត​នេះ បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១​ពាន់​នាក់ តាមរយៈ​ការចូលរួម​សម្ដែង និង​ក្នុង​តំណែង​ផ្សេងៗ​ក្នុង​ដំណើរ​ការថត​។ បើតាម​ប្រធាន​គណៈកម្មការ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​រូបនេះ ខ្សែភាពយន្ត​«​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​» មិនមែន​និយាយ​អំពី​សង្គ្រាម​ទេ តែ​ជា​ភាពយន្ត​ដែល​និយាយ​ពី​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​