សុំ​ឱកាស​កែខ្លួន​ក្រោយ​ចាញ់ល្បែង​អស់​គ្មាន​សល់ គួរ​ទុកចិត្ត​ឬ​អត់ ?

​ស្គាល់​គាត់​បាន​មួយរយៈ​ពេល​ទើប​នាង​ខ្ញុំ​ដឹងថា​គាត់​ជាម​នុស្ស ញៀន​នឹង​ល្បែងស៊ីសង ហើយ​គាត់​ថែមទាំង​យកប្រាក់​របស់​ក្រុមហ៊ុន​រាប់សិប​លាន​រៀល​ទៅលេង​ល្បែង​ចាញ់​អស់​ទៀតផង ។ នាង​ខ្ញុំ​កើត និង ធំ​ឡើង​នៅក្នុង​ខេត្តស្វាយរៀង ឪពុកម្តាយ​បាន​លែងលះគ្នា​កាលពី​នាង​ខ្ញុំ​នៅ​តូច ដោយសារតែ​កាលនោះ​ឪពុក​នាង​ខ្ញុំ​គាត់​ញៀន នឹង​ល្បែង​ខ្លាំងពេក​ចំណែក​ម្តាយ​នាង​ខ្ញុំ​ត្រូវ​តស៊ូ​លក់ដូរ និង ធ្វើការ​ដើម្បី រកប្រាក់​ចិញ្ចឹម​កូន ។ ប្រការ​នេះហើយ​ធ្វើឱ្យ​នាង​ខ្ញុំ​នៅតែ​ខ្លាច​មនុស្ស​ដែល ញៀន​នឹង​ល្បែង ។

​កាលពី​នៅ​រៀន​នាង​ខ្ញុំ​ធ្លាប់មាន​មិត្ត​ប្រុស ប៉ុន្តែ​សុទ្ធតែ​បាន​បែកបាក់​គ្នា​ដោយ​មិនមាន​ញ​ក្យ​លា​មួយ​ម៉ាត់ ។ បញ្ចប់​បរិញ្ញាបត្រ​ភ្លា​មនាង​ខ្ញុំ​ក៏បាន​ជួបនឹង​បុរស​ម្នាក់​នោះ​គឺ​បុរស​ដែល​នាង​ខ្ញុំ​កំពុង​លើកឡើង​នេះហើយ ។ គាត់​ជាម​នុស្ស​ល្អ ចេះ​ធ្វើឱ្យ​អ្នក​រាល់គ្នា​រីករាយ ហើយ​ការងារ​ទាំងឡាយ​ក្នុងផ្ទះ​ជួល​ដែល​យើង​ទាំងពីរ​រស់នៅ​ជាមួយគ្នា គាត់​ជា​អ្នករ៉ាប់រង​សូម្បីតែ​ការដាំ​ស្ល ។ ជីវិត​របស់គាត់​មិន​ខុសពី​នាង​ខ្ញុំ​ប៉ុន្មាន​នោះទេ ដូច្នេះ​យើង​យល់ចិត្ត គ្នា និង ស្រឡាញ់គ្នា​ជាខ្លាំង ។ រស់នៅ​ជាមួយគ្នា​បាន​មួយឆ្នាំ​ទើប​ខ្ញុំ​ដឹងថា គាត់​ជា​មនុ​ស្សញៀន​នឹង​ល្បែងស៊ីសង មូលហេតុ​នេះហើយ​ធ្វើឱ្យ​ប្រាក់​ដែល​រកបាន​មិន​សល់​អ្វី​សោះ ។

ជាងនេះទៅទៀត​គាត់​ថែមទាំង​បាន​យកប្រាក់ ក្រុមហ៊ុន​មិត្តភក្តិ​ជិត ១០០ លាន​រៀល ទៅលេង​ល្បែង​ចាញ់​អស់​ទៀត ។ នាង​ខ្ញុំ​បាន​ចែកផ្លូវ​ពី​គាត់ ប៉ុន្តែ​ក្រោយមក​គាត់​មានការ​សោកស្តាយ និង សុំឱ្យ​នាង​ខ្ញុំ​ផ្តល់ឱកាស​ម្តង​ដើម្បីឱ្យ​គាត់​បាន​កែខ្លួន ។ នាង​ខ្ញុំ​មិនដឹងថា​គួរតែ​បន្ត​ស្នេហា​មួយ​នេះ​ទៀត​ឬ​យ៉ាងណា​នោះទេ ?

​ចំពោះ​នារី​មាន​វិបត្តិ​

ល្បែងស៊ីសង​មាន​ច្រើន​ប្រភេទ មាន​ទាំង​ប្រភេទ​សម្រាប់​អ្នកមាន មាន​ទាំង​ប្រភេទ​សម្រាប់​អ្នកក្រ និង ប្រភេទ​ចម្រុះ លេង​តិច​ចាញ់​តិច លេង ច្រើន​ចាញ់​ច្រើន ។ ល្បែងស៊ីសង​បាន និង កំពុង​នាំ​អ្នកប្រព្រឹត្ត ព្រមទាំង​គ្រួសារ​របស់​ពួកគេ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្រីក្រ បែកបាក់ ។ មាន​អ្នកខ្លះ​ឈ្នះ​ម្តង​បាន​រាប់ម៉ឺន​ដុល្លារ​នៅតែ​មិនអាច​សងបំណុល​ចាស់​ដែល​បាន​ជំ​ញក់​គេ​ពេល​លេងល្បែង ។ បញ្ហា​របស់​នាង​គឺជា​ករណី​មួយ​ដែល​អាច​និយាយបានថា វា​ដល់​កម្រិត​កំពូល​នៅពេលដែល​អ្នកលេង​ល្បែង​ស៊ីសង​ម្នាក់​ហ៊ាន​ដល់​ថ្នាក់​យកប្រាក់​របស់​ក្រុមហ៊ុន​ដែល​មិនមែនជា​ទ្រព្យ​របស់ខ្លួន​រាប់សិប​លាន​រៀល​ទៅ លេងល្បែង​បែបនេះ ។ ជាទូទៅ​អ្នកញៀន​នឹង​ល្បែង​គឺ​ស្រដៀង​ទៅនឹង​អ្នកញៀន​ស្រា​-​ស ពួកគេ​ភាគតិច​ណាស់​ដែល​អាចយ​ក​ឈ្នះ​លើ​ខ្លួន​ក្នុងការ​បញ្ឈប់​ការ​ញៀន​នេះ ។

ផ្ទុយទៅវិញ​មាន​អ្នកញៀន​នឹង​ល្បែងស៊ីសង​ខ្លះ​បាន​ឈប់​មួយរយៈ ប៉ុន្តែ​នៅពេល​មាន​ប្រាក់ ឬ ពេល​ទប់ចិត្ត​មិនបាន ពួកគេ​ក៏បាន​លោត​ចូល ទៅក្នុង​អំពើ​អបាយមុខ​នេះ​ម្តងទៀត ហើយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​លើស ដើម ។ នៅតាម​វិទ្យុ តាម​កាសែត​នាង​ប្រហែលជា​បានឮ​ព័ត៌មាន​មួយ ចំនួន​ទាក់ទិន​នឹង​ល្បែងស៊ីសង​ក្នុងនោះ​មាន​ករណីខ្លះ​រហូតដល់​ថ្នាក់ សម្លាប់​កូនៗ​របស់ខ្លួន និង សម្លាប់​ខ្លួនឯង​ដោយសារតែ​គ្មាន​ប្រាក់​សង បំណុល​គេ បន្ទាប់ពី​ចាញ់ល្បែង​អស់​គ្មាន​សល់ ។ ទោះជា​យ៉ាងណាក៏ដោយ​ក៏មាន​អ្នកខ្លះ​បាន​ស្តារ​កិត្តិយស​ឡើងវិញ បន្ទាប់ពី​មានការ​ភ្ញាក់រឭក​ស្តាយក្រោយ​ព្រោះតែ​ការប្រព្រឹត្ត​ល្បែងស៊ីសង ។

នេះ​មិនមែន​មានន័យថា ប្រជាប្រិយ​ផ្តល់យោបល់​ឱ្យ​នាង​រក្សា​ទំនាក់ទំនង​ស្នេហា​នេះ​ឬ​យ៉ាងណា​នោះទេ វា​អាស្រ័យទៅលើ​ការពិចារណា​របស់​នាង ព្រោះថា​មិនមាន​អ្នកដទៃ​ណាមួយ​ដែល​យល់ច្បាស់​អំពី​ស្ថានភាព​ពិត​របស់ នាង​នោះឡើយ ។ ជា​យោបល់​របស់ខ្ញុំ នាង​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​មិត្ត​ប្រុស​ម្នាក់នេះ​មួយ រយៈពេល​ទៀត​សិន ដោយ​និយាយថា នាង​ត្រូវ​រង់ចាំ​មើល​ការកែប្រែ របស់គាត់​សិន ។ ទន្ទឹមនឹងនេះ​នាង​ក៏​គួរ​តាមដាន​សកម្មភាព​ជាក់ស្តែង របស់គាត់​ឱ្យបាន​ដឹង​ច្បាស់​ថា គាត់​ប្រព្រឹត្ត​យ៉ាងណា ។ ក្រៅពីនេះ​យក ល្អ​នាង​ត្រូវ​ពិភាក្សា​សុំ​យោបល់​ពី​ម្តាយ​របស់​នាង ដោយសារ​ថា​គាត់​ជា ស្ត្រី​មួយរូប​ដែល​ធ្លាប់បាន​ឆ្លងកាត់​បទពិសោធ​ជីវិត​ប្រហាក់ប្រហែល​នឹង​ករណី​របស់​នាង​ដែរ ៕

Related