អ៊ីរ៉ង់​ប្រកាស​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​រវាង​តួកគី និង​រុស្ស៊ី

  នៅ​ថ្ងៃ​អាទិត្យ ទី៦ ធ្នូ ទីភ្នាក់ងារ​ផ្លូវការ​អ៊ីរ៉ង់​ឈ្មោះ​អៀណា (Irna) បាន​ចុះ​ផ្សាយ​សម្តី​របស់​លោក​អាលី អាក្បា វ៉ាឡាយ៉ាលី​ដែល​ថ្លែង​ថា អ៊ីរ៉ង់​មាន​កាតព្វកិច្ច​ក្នុង​ការ​កាត់បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​តួកគី និង​រុស្ស៊ី​សព្វថ្ងៃ។ លោក​អាលី អាក្បា វីឡាយ៉ាលី ជា​ទីប្រឹក្សា​ការទូត​របស់​លោក​ប្រមុខ​សាសនា​អ៊ីរ៉ង់​អាលី ខាមេណី។ គួរ​រម្លឹក​ជូន​ថា តួកគី និង​រុស្ស៊ី​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា តំាង​ពី​ក្រោយ​ទាហាន​តួកគី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​នៅ​ក្នុង​ទឹកដី​ស៊ីរី​កាល​ពី​ថ្ងៃទី២៤ វិច្ឆិកា​កន្លង​ទៅ។