ពលរដ្ឋ​សុំ​ឲ្យ​ដាក់ទោស​ក្រុម​ជន​ល្មើស​​ឲ្យ​បាន​ធ្ងន់ធ្ងរ កុំ​​ចាប់​ពីរបី​ថ្ងៃ​​លែង​វិញ ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ បាន​បង្ហាញមុខ​ក្រុម​ជន​ដៃដល់​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ដែល​ប្រើ​កាំបិត​ឃា​ល័​រ (Killer) កាប់​ទៅ​លើ​ភាគី​ម្ខាង​ទៀត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​៣​នាក់​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ធ្នូ ២០១៥ នៅ​ចំណុច​ខាងលិច​ខ្លោងទ្វារវត្ត​ភ្នំ​ជញ្ជាំង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ។

ជន​ដៃដល់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន ម្នាក់​ឈ្មោះ យ៉ុ​ម សុ​ផាត ហៅ​តាក់ អាយុ​២២​ឆ្នាំ ជា​ម្ចាស់​កាំបិត  និង​ម្នាក់​ទៀត​ឈ្មោះ ភ័ក្ត្រ អាណ​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​ដឹក​ជន​ដៃដល់​ដើម្បី​រត់គេច​ខ្លួន ឯ​ម្នាក់​ទៀត​ដែល​រត់​គេ​ខ្លួន​បាត់ឈ្មោះ រ៉ុ​ង ត្រូវ​បាន​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ចាប់ខ្លួន ដែល​ជន​ទាំង​៣​នាក់​នេះ​បាន​រួម​គ្នា​ធ្វើ​សកម្ម​កាប់​ទៅ​លើ​ជន​រង​គ្រោះ ។ ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​៣​នាក់​​មាន ១-​ឈ្មោះ ភិន លាភ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង ២-​ឈ្មោះ លី ចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ដែល​មាន​របួសធ្ងន់​នៅ​ផ្នែក​ខាងក្រោយ​លលាដ៍ក្បាល​, ៣-​ឈ្មោះ អាត សុ​ផាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ របួសធ្ងន់​នៅ​ចំ​ភ្នែក​ខាងឆ្វេង ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​នៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរី សោភ័ណ​ខេត្តបន្ទាយមានជ័យ ។

ទាក់ទិន​ក្នុង​ករណី​បង្ក្រាប​ជនល្មើស​របស់​នគរបាល​កន្លង​មក ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច តុលាការ គឺ​សុំ​ឲ្យ​ដាក់ទោស​ក្រុម​ជនល្មើស​ដែល​បង្ក​អុកឡុក​ក្នុង​សង្គម​ឲ្យ​បាន​ធ្ងន់ធ្ងរ កុំ​ចាប់​មិន​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​ឃើញ​លេចមុខមក​វិញ ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច ៕